ជាតិ
កម្ពុជា នឹង​នាំ​ផ្លែស្វាយ​ទៅ​កូរ៉េខាងត្បូង នៅ​ដើមឆ្នាំ​២០២០
05, Dec 2019 , 2:12 pm        
រូបភាព
លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បកស្រាយនៅក្នុងសន្និសីទកាសែតស្តីពី ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ នៅថ្ងៃទី៥ ធ្នូ ២០១៩
លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បកស្រាយនៅក្នុងសន្និសីទកាសែតស្តីពី ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ នៅថ្ងៃទី៥ ធ្នូ ២០១៩
​ភ្នំពេញ​៖ កម្ពុជា​អាច​នាំ​ផ្លែស្វាយ​ទៅ​កូរ៉េខាងត្បូង ពី​២០ ទៅ​៣០​តោន​ក្នុង​មួយថ្ងៃ នៅ​ចុងឆ្នាំ​២០១៩​នេះ ឬ​ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ងិន ឆាយ អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


 
​ដើម្បី​អនុវត្ត​តាមរយៈ​កិច្ចព្រមព្រៀង​គ្នា​នេះ កម្ពុជា​បានរៀបចំ​បច្ចេកទេស​ឱ្យ​ស្របតាម​ស្ដង់ដារ ដែល​បានកំណត់​។ ត្រង់ចំណុច​នេះ លោក ងិន ឆាយ បាន​សង្កត់ធ្ងន់ថា ស្ដង់ដារ​ដែល​កម្ពុជា ត្រូវ​អនុលោម​តាម​នោះ គឺមាន​ការដាំដុះ និង​ប្រើប្រាស់​ថ្នាំ​គីមី ក្នុង​កម្រិត​មួយ​ច្បាស់លាស់ ,​បច្ចេកទេស​ពិនិត្យ​គុណភាព , ការសម្លាប់​មេរោគ និង​វេច​ខ្ចប់​តាម​ស្ដង់ដារ​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​ជាដើម​។​
 
​ក្រៅពី​ចំណុច​ខាងលើ កម្ពុជា ក៏ត្រូវ​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​នាំចេញ​ផងដែរ​។ ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​ប្រភេទ​ពូជ​ស្វាយ និង​ទីផ្សារ​អន្តរជាតិ នៅ​ថ្ងៃទី​៥ ធ្នូ នេះ លោក ងិន ឆាយ បាន​អះអាងថា កម្ពុជា​កំពុង​ចរចា​ជាមួយ​ជើងហោះហើរ​កូរ៉េ ក្នុងការ​កំណត់​តម្លៃ​ដឹកជញ្ជូន ក្នុង​លក្ខខណ្ឌ​មួយ​សមរម្យ ដែល​អាចជួយ​ឱ្យ​កម្ពុជា មានលទ្ធភាព​នាំចេញ​ទៀតផង​។​
 
​បើតាម​អគ្គនាយកដ្ឋាន​កសិកម្ម​រូបនេះ បច្ចុប្បន្ន មាន​ក្រុមហ៊ុន Hyundai Agro របស់​កូរ៉េ បានរៀបចំ​កសិដ្ឋាន​ដាំ​ស្វាយ និង​បច្ចេកទេស​នៅ​កម្ពុជា សម្រាប់​នាំចេញ​ស្វាយ​ទៅ​ទីផ្សារ​កូរ៉េ​។ ហើយ​ក្រុមហ៊ុន​នេះ ក៏មាន​គម្រោង​ប្រមូល​ស្វាយ​ពី​កសិដ្ឋាន​ណា ដែល​អនុវត្តតាម​ស្ដង់ដារ​អនាម័យ សម្រាប់​នាំចេញ​ផង​។​
 
​ក្រៅពី​ក្រុមហ៊ុន​កូរ៉េ​នេះ កសិដ្ឋាន​ដាំ​ស្វាយ ក្នុង​វិស័យ​ឯកជន ក៏​អាច​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ដែរ​។ ក្រសួង​កំពុង​រៀបចំ​ដំណើរការ​បែបបទ និង​នីតិវិធី​ច្បាប់ សម្រាប់​វិស័យ​ឯកជន ដែល​ចាប់អារម្មណ៍​លើ​ការនាំចេញ​ផ្លែស្វាយ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ងិន ឆាយ ។​
 
​កម្ពុជា និង​កូរ៉េ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង លើ​ការនាំចេញ​ផ្លែស្វាយ កាលពី​ឆ្នាំ ២០១៥​មកម្ល៉េះ​។ ហើយ​ការនាំចេញ​នេះ គឺធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន Hyundai Agro នៅ​កម្ពុជា ដែលជា​ក្រុមហ៊ុន​បណ្តាក់​ទន់​រួមគ្នា រវាង​ក្រុមហ៊ុន Hyundai Corporation និង​ដៃគូ​ក្នុងស្រុក គឺ​ក្រុមហ៊ុន Mao Legacy ដែលមាន​ដី​ស្វាយ​ចម្ការ ៤០០ ហិកតា​នៅ​ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​កន្លងមក​។ 
 
​បន្ថែម​ពីនេះ​កម្ពុជា ក៏​គ្រោង​នាំ​ផ្លែស្វាយ​ចូល​ទីផ្សារ​ប្រទេស​ចិន នៅ​ខែមេសា ឬ​ឧសភា ឆ្នាំ​២០២០​ខាងមុខ​ដែរ​។ ប៉ុន្តែ​មិនទាន់​កំណត់​កូតា​នាំចេញ​ប៉ុន្មាន​នោះទេ​។ លោក ងិន ឆាយ អះអាង​បែបនេះ នៅក្នុង​សន្និសីទកាសែត ស្តីពី​ប្រភេទ​ពូជ​ស្វាយ និង​ទីផ្សារ​អន្តរជាតិ​។​
 
​មិន​ត្រឹមតែ​ទីផ្សារ​កូរ៉េ និង​ចិន នេះ បច្ចុប្បន្ន​ផ្លែស្វាយ​កម្ពុជា ក៏​កំពុង​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​អ៊ឺរ៉ុប តាមរយៈ​ក្រុមហ៊ុន Kingdom Fruits International ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ុង​ឬ​ទ្ធី​គ្រុប រួចមកហើយ​៕

Tag:
 ងិន ឆាយ​
  ផ្លែស្វាយ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com