អន្តរជាតិ
កូរ៉េខាងត្បូង និង​ចិន យល់ព្រម​ស្តារ​ទំនាក់ទំនង​ឡើងវិញ បន្ទាប់ពី​មើលមុខ​គ្នា​មិន​ចំ​មួយរយៈ​
05, Dec 2019 , 3:26 pm        
រូបភាព
រូបភាព៖ CGTN
រូបភាព៖ CGTN
​កូរ៉េខាងត្បូង និង​ចិន បាន​យល់ព្រម​ស្តារ​ទំនាក់ទំនង​របស់ខ្លួន​មក​ធម្មតា​ឡើងវិញ បន្ទាប់ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បាន​មើលមុខ​គ្នា​មិន​ចំ ដោយសារ​ការបំពាក់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​អាមេរិក THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃទី​៤ ខែធ្នូ​។


 
​ជា​លើកដំបូង​ក្នុង​រយៈពេល ៤​ឆ្នាំ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ប្រមុខ​ការទូត​ចិន បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​។ ដំណើរ​ទស្សនកិច្ច​នេះ ជា​សញ្ញា​បង្ហាញ​ពី​ភាពល្អប្រសើរ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អ្នកជិតខាង​ទាំងពីរ ដែល​ញាំញី​ដោយ​បញ្ហា​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក (THAAD) នៅ​កូរ៉េខាងត្បូង​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រមុខ​ការទូត​ចិន បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​លោកស្រី កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) និង​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង​។ 
 
​តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រី ភាគី​ទាំងពីរ បាន​យល់ព្រម​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ បន្ទាប់ពី​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ប៉េកាំង បាន​ជួប​បញ្ហា​រកាំរកូស​ជាមួយគ្នា ដោយសារ​ការបំពាក់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល THAAD ។ បើតាម​មន្ត្រី​ក្រសួងការបរទេស​ម្នាក់ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង​លោក វ៉ាង និង​លោកស្រី កាង  ភាគី​ទាំងពីរ​បានសម្រេច​ស្តារ​ទំនាក់ទំនង​ចិន និង​កូរ៉េខាងត្បូង​ឲ្យ​មក​ធម្មតា​វិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្រៅពី​បញ្ហា​ការស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ ភាគី​ទាំងពីរ​ក៏បាន​ជជែក​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច វប្បធម៌ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។ បញ្ហា​កូរ៉េខាងជើង នៅតែ​ជា​របៀបវារៈ​ដ៏​សំខាន់​ក្នុងជំនួប​មួយ​នេះ​។ ជាក់ស្តែង​ប្រមុខ​ការទូត​របស់​ប្រទេស​ទាំងពីរ បាន​យល់ព្រម​សហការ ក្នុងការ​សម្របសម្រួល​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ផងដែរ​។ បើតាម​ជំនួប​លោក វ៉ាង និង​លោកស្រី កាង ភាគី​ទាំង​ពីរបាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា សន្តិភាព គួរតែ​ត្រូវបាន​ការពារ ហើយ​សង្គ្រាម​មិនត្រូវ​ឲ្យ​កើតមាន​ជាដាច់ខាត​។ 
 
​អស់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក​វ៉ាង​ក៏ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី មូ​ន ផងដែរ​។ កិច្ចប្រជុំ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​លើកឡើង​ពី​បញ្ហា​កូរ៉េខាងជើង និង​ការ​រឹង​ចំណង​ការទូត​ជាដើម​។ 
 
​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់លោក​វ៉ាង យី​ទៅ​កូរ៉េខាងត្បូង គឺ​នៅក្នុង​ឆ្នាំ ២០១៥​។ កាលនោះ លោក​វ៉ាង បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​រដ្ឋមន្ត្រីការបរទេស​រវាង​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​៕

Tag:
 កូរ៉េខាងត្បូង​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com