លោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច បង្ហើបថា រដ្ឋាភិបាលកម្ពុជា មានប្រាក់បម្រុងដល់ទៅប្រមាណ៣ពាន់លានដុល្លារឯណោះ ដើម្បីដោះស្រាយនឹងវិបត្តិឬហានិភ័យ (ផ្នែកសេដ្ឋកិច្ច)។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការសន្សំប្រាក់បម្រុងនេះ គឺដោយសារតែរដ្ឋាភិបាល បានព្យាករថា វិបត្តិឬហានិភ័យ អាចនឹងកើតមានឡើងជាយថាហេតុ នៅពេលណាមួយ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពជាតិនិងការបែងចែកភាគលាបប្រកបដោយសមធម៌ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហាវ រតនៈ ថ្លែងថា ចំណួល ដែលបានមកពីការប្រមូលពន្ធនិងបានមកពីប្រភពផ្សេងៗទៀត រដ្ឋាភិបាល មិនបានយកទៅចាយវាយទាំងអស់ឡើយ ដោយសន្សំទុកខ្លះ សម្រាប់ទប់ទល់នឹងហានិភ័យ។ លោក បញ្ជាក់ដូច្នេះថា៖«...ចំនួនដែលសន្សំនោះ ដូចសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់លើកជាញឹកញាប់មក គឺមានប្រមាណ៣ប៊ីលានដុល្លារ»។
មន្ត្រីរដ្ឋាភិបាលខាងលើ ពុំបាននិយាយឲ្យចំនោះទេថា វិបត្តិឬហានិភ័យនោះ គឺសំដៅលើអ្វី។ យ៉ាងណា បច្ចុប្បន្ននេះ សាធារណជនខ្លះ ពិសេសអ្នកជំនាញសេដ្ឋកិច្ចនិងអ្នកតាមស្ថានការណ៍សង្គម កំពុងបារម្ភពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA របស់សហភាពអឺរ៉ុប និង ប្រព័ន្ធអនុព័ន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក ដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ គេ រឹតតែបារម្ភពីការប៉ះពាល់ជីវភាពរបស់កម្មករក្នុងវិស័យវាយនភ័ណ បើបាត់ប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍បឋមស្តីពីនីតិវិធីនៃការដកឬមិនដក EBA មកកាន់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា មានពេលឆ្លើយតបទៅគណៈកម្មការអឺរ៉ុបវិញ ដោយគិតចាប់តាំងពីថ្ងៃទទួលបានរបាយការណ៍ រហូតដល់ថ្ងៃទី១២ ខែធ្នូ (១ខែ)។
សហភាពអឺរ៉ុប ប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២០ គឺមានរយៈពេលគ្រប់១ឆ្នាំហើយ ដែលសហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរ ថា ដក EBA ពីកម្ពុជាជាបណ្តោះអាសន្ន ឬ បន្តរក្សាទុក។ សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីដំបូងពីរឿងដកឬមិនដក EBA នេះ តាំងខែកុម្ភៈ ឆ្នាំ២០១៩មក។
បើសហភាពអឺរ៉ុប សម្រេចដក EBA ពិតមែន ជានីតិវិធី គឺត្រូវការរយៈពេល៦ខែក្រោយមកទៀត ទើបសេចក្តីសម្រេចនោះ ចូលជាធរមាន។ វា មានន័យថា ៦ខែក្រោយនៃការដក EBA ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
ចំណែកសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន បានតាក់តែងច្បាប់ ដើម្បីឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ យកទៅអនុវត្តក្នុងការដក GSP ពីកម្ពុជា។ យ៉ាងណា មកដល់ពេលនេះ ច្បាប់នោះ មិនទាន់ចូលជាធរមាននោះទេ។
ទាំងសហភាពអឺរុប ទាំងសហរដ្ឋអាមេរិក សុទ្ធតែយល់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ចុះ ម្ល៉ោះហើយទើបយក EBA និង GSP មកព្រមានរដ្ឋាភិបាលកម្ពុជា។ ប្រមុខរដ្ឋាភិបាល ប្រកាន់ជំហរថា សុខចិត្តឲ្យបាត់ប្រព័ន្ធអនុគ្រោះពន្ធឬជំនួយ តែមិនឲ្យបាត់អធិបតេយ្យឬឯករាជ្យឡើយ៕