អន្តរជាតិ
មហាសេដ្ឋី​ថៃ​៖ សាលារៀន គួរតែ​កាត់បន្ថយ​ម៉ោង​សិក្សា និង​កែប្រែ​កម្មវិធីសិក្សា​មួយចំនួន​
05, Dec 2019 , 9:39 pm        
រូបភាព
លោក Dhanin Chearavanont មហាសេដ្ឋីថៃ, រូបភាព Bangkok Post
លោក Dhanin Chearavanont មហាសេដ្ឋីថៃ, រូបភាព Bangkok Post
​នៅក្នុង​យុគ​បច្ចេកវិទ្យា សិស្ស​គួរតែ ចំណាយពេល​សិក្សា​នៅក្នុង​សាលា ឬ​សកល​វិទ្យាល័យ​ឲ្យ​តិចជាង​ការ​ចំណាយពេល​នៅក្នុង​សង្គម ដើម្បី​ទទួលបាន​បទពិសោធ​ជាក់ស្តែង​។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​សិស្ស​អាច​ច្នៃ​ខ្លួនឯង និង​ត្រៀមខ្លួន​សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​។ ជាមួយគ្នានេះ សាលា គឺជា​កន្លែង​ផ្តល់​ចំណេះដឹង​ទី​ពីរ ខណៈពេល​សង្គម​គឺជា​ឃ្លាំង​នៃ​បទពិសោធ​។  នេះ​បើតាម​ការលើកឡើង​រប​ស់​មហាសេដ្ឋី​ថៃ​មាន​ជាងគេ​បំផុត​របស់​ថៃ លោក Dhanin Chearavanont​។


 
«​តាម​គំនិត​របស់ខ្ញុំ ចំនួន​ឆ្នាំ ដែល​សិស្ស​ត្រូវ​សិក្សា​នៅ​សាលា​បឋម គួរតែ​កាត់បន្ថយ​ពី​៦​ឆ្នាំ មក​៤​ឆ្នាំ ខណៈពេល​សិស្ស​មិនត្រូវ ចំណាយពេល​ច្រើនជាង​ពីរ​ឆ្នាំ​ទេ នៅ​កម្រិត​ថ្នាក់​កាន់តែ​ខ្ពស់​។ ដូច្នោះ សិស្ស​អាច​បញ្ចប់ និង​ចាប់ផ្តើម​ធ្វើការ​នៅ​អាយុ​១៨​ឆ្នាំ​»​។ លោក Dhanin Chearavanont មហាសេដ្ឋី​លំដាប់​ប្រាក់​ពាន់​លាន​ដុល្លារ​ថៃ លើកឡើង​បែបនេះ​នៅក្នុង​កិច្ច​សម្ភាស​ផ្តាច់មុខ​ជាមួយ​កាសែត Bangkok Post នាទី​ក្រុងប៉ារីស​។ 
 
​បើតាម​លោក Dhanin សិស្ស និង​និស្សិត​ភាគច្រើន បាន​ចំណាយពេល​យ៉ាងច្រើន​នៅក្នុង​សាលារៀន​។ ជាក់ស្តែង និស្សិត​ថៃ​ភាគច្រើន ចូលធ្វើការ​នៅ​អាយុ​ច្រើនជាង​២០​ឆ្នាំ ខណៈពេល​ពួកគេ​គួរតែ​ចូលធ្វើការ​ត្រឹមតែ​អាយុ ១៨​ឆ្នាំ​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ លោក​មហាសេដ្ឋី​បាន​ពន្យល់ថា សព្វថ្ងៃ​សិស្ស​មិនចាំបាច់​រៀន​តាម​វិធី​ចាស់​ឡើយ ព្រោះ​ពួកគេ​មាន​ព័ត៌មាន​យ៉ាងច្រើន​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។​
 
​ទន្ទឹមនេះ លោក Dhanin បានចង្អុលបង្ហាញ​ទៀតថា សាលារៀន ឬ​សកល​វិទ្យាល័យ គួរតែ​ផ្លាស់ប្តូរ​កម្មវិធីសិក្សារ​បស់​ខ្លួន ហើយ​បង្រៀន​ឲ្យ​សិស្ស ឬ​និស្សិត​ទាំងអស់​ត្រៀមខ្លួន​សម្រាប់​ទីផ្សារការងារ​ល្អ​ជាង​។ ក្នុងនោះ​សាលារៀន គួរតែអនុញ្ញាត​ឲ្យ​សិស្ស ឬ​និស្សិត​ទាំងនោះ រៀន​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​សង្គម​។ ជាក់ស្តែង នៅក្នុង​ថ្នាក់ សិស្ស​អាច​ទទួលបាន​ត្រឹមតែ​ចំណេះ​ផ្សេងៗ​ប៉ុណ្ណោះ ប៉ុន្តែ​សង្គម គឺជា​កន្លែង​ដែល​ផ្ទុក​ទៅដោយ​ចំណេះដឹង​។ 
 
​ពី​ទីក្រុង​ប៉ារីស មហាសេដ្ឋី​លំដាប់​ទី​១ ថៃ​រូបនេះ ក៏បាន​រិះគន់​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។ ក្នុងនោះ លោក​បាន​គូសបញ្ជាក់ថា សាលារៀន ក្នុង​សម័យនេះ បណ្តុះបណ្តាល​ជំនាញ​សម្រាប់​សម័យមុន​តែប៉ុណ្ណោះ មិនមែន​បច្ចុប្បន្ន​ឡើយ​។ ជាក់ស្តែង សាលារៀន និង​សកល​វិទ្យាល័យ​មួយចំនួន នៅតែ​បង្រៀន​តាម​កម្មវិធីសិក្សា ដែល​ហួស​សម័យ ខណៈពេល​ពិភពលោក បាន​ដើរ​លើផ្លូវ​មួយ​ផ្សេងទៀត​តាំងពី​យូរ​មកហើយ​។ លោក Dhanin បាន​ប្រៀបធៀប​សាលារៀន ទៅនឹង​កន្លែង​បង្ហាត់​ទាហាន​ថា សិស្ស មិនជា​ទាហាន ដែល​ត្រូវ​សិក្សា​លើ​ជំនាញ​ត្រឹមត្រូវ សម្រាប់​ទីផ្សារការងារ​ឡើយ ប៉ុន្តែ​សាលារៀន ត្រូវតែ​បង្រៀន​សិស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​ការងារ​បាន​។ 
 
​ដើម្បី​កែប្រែ​ប្រព័ន្ធ​អប់រំ រដ្ឋាភិបាល​គួរតែ វិនិយោគ​ឲ្យ​កាន់តែច្រើន​ទៅលើ​គ្រូបង្រៀន​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ប្រាកដថា រដ្ឋាភិបាល​អាច​ទាក់ទាញ​អ្នកមាន​ខួរក្បាល​ល្អ និង​ខ្លាំង​។ ដូចនេះ អ្វីដែល​អាចធ្វើ​បាន រដ្ឋាភិបាល ត្រូវតែ​ផ្តល់​ប្រាក់ខែ​ឲ្យ​កាន់តែច្រើន ទើប​អ្នក​ពូកែ ចង់​ធ្វើជា​គ្រូបង្រៀន​។ 
 
​សូមបញ្ជាក់ថា លោក Dhanin Chearavanont ដែលមាន​វ័យ ៨០​ឆ្នាំ គឺជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ថៃ និង​មាន​លុយ​រហូតដល់​ទៅជា​ង ២៩​ពាន់​លាន​ដុល្លារ​។ ជាពិសេស​បុរស​វ័យ ៨០​ឆ្នាំ​រូបនេះ​ក៏​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CP​ផងដែរ​៕ 

Tag:
 ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com