ជាតិ
ស្ថានទូតស៊ុយអែត គាំទ្រការពង្រឹងសមត្ថភាពស្រាវជ្រាវនៅកម្ពុជា
× ភ្នំពេញ៖ យុវជនកម្ពុជាជាច្រើននាក់ បានទៅសិក្សា និងស្រាវជ្រាវនៅក្នុងប្រទេសស៊ុយអែត។ កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាប្រកបដោយគុណភាពខ្ពស់ និងការសិក្សាស្រាវជ្រាវ បានធ្វើឲ្យប្រទេសស៊ុយអែតទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។
នៅក្នុងកម្មវិធីជួបជុំបណ្ដាញអតីតនិស្សិតខ្មែរធ្លាប់ទៅសិក្សានៅប្រទេសស៊ុយអែតកាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក ប្យ៊ន ហេកម៉ាក (Bjorn Haggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានលើកឡើងថា៖«ប្រទេសស៊ុយអែត មានប្រពៃណីរឹងមាំមួយក្នុងការជួយឲ្យមនុស្សជាច្រើននាក់ ទទួលបានអប់រំដល់ថ្នាក់ឧត្តមសិក្សា។ ចំណេះដឹង ជំនាញវិភាគ និងការគិតបែបស៊ីជម្រៅ មានសារៈសំខាន់សម្រាប់ជីវិតការងារ និងការសិក្សា»។
បើតាមលោក ប្យ៊ន ហេកម៉ាក បណ្ដាញអតីតនិស្សិតកម្ពុជាធ្លាប់ទៅសិក្សានៅប្រទេសស៊ុយអែត ផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាដែលធ្លាប់ទៅសិក្សានៅប្រទេសស៊ុយអែតបានជួបជុំគ្នា និងភ្ជាប់ទំនាក់ទំនងសាឡើងវិញជាមួយប្រទេសស៊ុយអែត។ លោកឯកអគ្គរាជទូត បន្តថា ការពង្រឹងចំណេះដឹង និងជំនាញ មានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍនៅគ្រប់ប្រទេសទាំងអស់ ហើយការអប់រំ បណ្ដុះបណ្ដាលនេះ ធ្វើឲ្យសង្គមបើកជំហរ និងប្រកបដោយការច្នៃប្រឌិត។
នាកម្មវិធីជួបជុំនេះ ស្ថានទូតស៊ុយអែត និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់អំពីជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវនៅកម្ពុជា។ សូមបញ្ជាក់ថា កម្មវិធីស្រាវជ្រាវ ដែលជាការងារអាទិភាពមួយរបស់ប្រទេសមានប្រាក់ចំណូលទាប បានជួយដោះស្រាយបញ្ហាក្នុងស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
បើតាមស្ថានទូតស៊ុយអែត ជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតលើផ្នែកស្រាវជ្រាវ ឈរលើគោលការណ៍ធំៗចំនួន៣ គឺការកសាងសមត្ថភាព ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវ និង ការគាំទ្រនិវានុវន្ត។ ជាមួយគ្នានេះ ចាប់តាំងពីចុងឆ្នាំ១៩៧០មក ប្រទេសស៊ុយអែត បានគាំទ្រកម្មវិធីអប់រំជាច្រើន ដើម្បីកសាងសមត្ថភាពផ្នែកស្រាវជ្រាវនៅតាមបណ្ដាប្រទេសមានចំណូលទាប។ ប្រទេសស៊ុយអែត ស្ថិតនៅក្នុងចំណោមម្ចាស់ជំនួយធំៗ និងបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា៕
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា
Tag:
អប់រំ
ការស្រាវជ្រាវ
ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com