ជាតិ
សេដ្ឋកិច្ច
ធនាគារ​អភិវឌ្ឍន៍ជនបទ ប្រកា​សទុន ៥០​លាន​ដុល្លារ សម្រាប់​ការទិញ​ស្រូវ​ពី​កសិករ
05, Dec 2019 , 8:43 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ បានទទួល​ថវិកា ៥០​លាន​ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​ដើម្បី​ប្រែក្លាយ​ធនាគារ​នេះ​ទៅជា​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែលជា​ធនាគារពាណិជ្ជ​។ ទុន​៥០​លាន​ដុល្លារ​នេះ នឹងត្រូវ​ចាប់ផ្ដើម​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​តទៅ សម្រាប់​ការផ្ដល់​ឥណទាន​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ពិសេស​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ការប្រមូល​ទិញស្រូវ​ពី​កសិករ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​មួយ​នេះ ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​៥​ខែធ្នូ​នេះ​។​


 
​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមការងារ​ក្នុង​ក្របខណ្ឌ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ពាក់ព័ន្ធ​ការតាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​ពិសេស​របស់​រដ្ឋាភិបាល​លើ​វិស័យ​ស្រូវ​អង្ករ នឹង​បើក​កិច្ចប្រជុំ​អន្តរក្រសួង នៅ​ថ្ងៃទី​៦​ខែធ្នូ ស្អែក​នេះ ដើម្បី​ដោះស្រាយ​ក្នុង​វិស័យនេះ​។​
​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​អំពាវនាវ​ឲ្យ​បណ្ដា​រោង​ម៉ាស៊ីន​កិន​-​អ្នកប្រមូល​ទិញស្រូវ បន្ត​ទិញស្រូវ​ក្នុងតម្លៃ​សមស្រប សម្រាប់​ស្តុក​ទុក​ធ្វើជា​វត្ថុ​ធានា ដើម្បី​ទទួលបាន​ឥណទាន​ស្របតាម​លក្ខខណ្ឌ​របស់​ធនាគារ​រដ្ឋ​មួយ​នេះ​។​
​គួរ​បញ្ជាក់ថា ការប្រកាស​ទុន ៥០​លាន​ដុល្លារ​នៅពេលនេះ គឺ​ស្រប​ពេលដែល​អ្នក​ក្នុង​វិស័យនេះ ពិសេស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាងថា កម្ពុជា​ត្រូវ​ទុន​មិនតិចជាង​១០០​លាន​ដុល្លារ​នោះទេ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ​សម្រាប់រ​ដូ​វប្រ​មូល​ផល​ខាងមុខនេះ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ស្រូវ​មាន​ស្ថិរ​ភាពល្អ​៕

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com