ជាតិ
អាមេរិក នៅតែ​បារម្ភ​ពី​រឿង​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​ការចុះផ្សាយ​របស់​កងទ័ព​ខ្មែរ​
06, Dec 2019 , 10:59 am        
រូបភាព
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបលោក វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៣ ធ្នូ ២០១៩
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបលោក វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៣ ធ្នូ ២០១៩
​ភ្នំពេញ​៖ អាមេរិក នៅតែ​បារម្ភ​ពី​វត្តមាន​កងទ័ព​បរទេស​ឈរជើង​នៅ​កម្ពុជា ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស និង​ក្នុង​តំបន់​។ ការអះអាង​ជាថ្មី តាមរយៈ​ស្ថានទូត​អាមេរិក​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​អ្នកនាំពាក្យ​កងទ័ព​កម្ពុជា ដែល​បាន​បកស្រាយ​ខុសពី​សម្តី​ដើម​របស់លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុងជំនួប​លោក វង្ស ពិ​សេន អគ្គមេបញ្ជាកា​រដ្ឋា​ន​នៃ​កងយោធពល​ខេមរភូមិន្ទ ជុំវិញ​បញ្ហា​មូលដ្ឋានទ័ព​បរទេស កាលពី​ថ្ងៃទី​៣ ធ្នូ កន្លងមក​។​


 
​ក្រោយ​ជំនួប​ពិភាក្សាគ្នា រយៈពេល​២​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​៥ ធ្នូ អ្នកនាំពាក្យ​កងយោធពល​ខេមរភូមិន្ទ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន ដោយបាន​ស្រង់​សម្តី​ទូត​អាមេរិក លោក W.Patrick Murphy ជុំវិញ​ភាព​វិជ្ជមាន​របស់​កម្ពុជា ដែល​បង្ហាញ​ពី​ភាពត្រឹមត្រូវ​ខ្លួន ក្នុង​ការនាំ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះទៅ​ត្រួតពិនិត្យ​ដល់​កន្លែង ដែល​សង្ស័យថា មាន​មូលដ្ឋាន​កងទ័ព​ចិន​ឈរជើង​។ មិនតែប៉ុណ្ណោះ​អ្នកនាំពាក្យ​កងទ័ព​កម្ពុជា ថែមទាំង​អះអាងថា ទូត​អាមេរិក ទទួលស្គាល់​ការចុះផ្សាយ​ព័ត៌មាន​នានា ជា​រឿងប្រឌិត​ទៀតផង​។​
 
«​ឯកអគ្គរដ្ឋទូត​បាន​ចាត់ទុក​ការផ្សាយ​ពត៌មាន​(​មូលដ្ឋានទ័ព​បរទេស​)​នេះ​គឺជា​ការមិនពិត ហើយ​ដែល​ចង់​ធ្វើ​ឲ្យ​(​កម្ពុជា​)​បាត់បង់​ស្ថេរភាព​តែប៉ុណ្ណោះ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គមេបញ្ជាការ​ដ្ឋា​ន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ចុះផ្សាយ​ពី​ជំនួប​លោក W.Patrick Murphy និង​លោក វង្ស ពិ​សេន មេបញ្ជាការ​កងទ័ព​។​
 
​ផ្ទុយ​ពី​ការបកស្រាយ​ខាងលើនេះ ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​អះអាងថា ខ្លួន​មិនបាន​និយាយ​អ្វី​ដូច​ការបកស្រាយ​របស់​អ្នកនាំពាក្យ​កងយោធពល​ខេមរភូមិន្ទ​ឡើយ​។ ស្ថានទូត​អាមេរិក ចាត់ទុក​ការបកស្រាយ​របស់​អ្នកនាំពាក្យ​កងទ័ព​កម្ពុជា​ថា ជាស​កម្ម​ភាពមិន​សម​រម្យ ដែល​បំភ្លៃ​សម្តី​របស់លោក W.Patrick Murphy​។ បើតាម​ស្ថានទូត​អាមេរិក លោក Murphy នៅតែ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា ប្រាប់​ទៅ​លោក វង្ស ពិ​សេន​។​
 
«​ថ្វីបើ​លោក​ឯកអគ្គរដ្ឋទូត​មានការ​ផ្លាស់ប្តូរ​យោបល់​គ្នា​ល្អ ជាមួយ​លោក​អគ្គមេបញ្ជាការ​ក្តី តែ​អ្នកនាំពាក្យ​របស់​កងយោធពល​ខេមរភូមិន្ទ មិនបាន​និយាយ​ត្រឹមត្រូវ​នៅក្នុង​សេចក្តីថ្លែងការណ៍​អំពី​មូលដ្ឋាន​យោធា​បរទេស​នោះទេ​។ ដើម្បី​ជាការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ លោក​ឯកអគ្គរដ្ឋទូត និង​សហរដ្ឋអាមេរិក​នៅតែមាន​កង្វល់​ចំពោះ​ព័ត៌មាន​ចុះផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្តីពី​លទ្ធភាព​ដែល​អាចមាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​។ បើ​មាន​ដូច្នេះ​មែន គឺអាច​គំរាមកំហែង​ដល់​អធិបតេយ្យភាព​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថិរភាព​តំបន់​»​។ នេះ​ជាការ​បកស្រាយ​របស់​ស្ថានទូត​អាមេរិក តប​ទៅនឹង​ការចុះផ្សាយ​របស់​អគ្គមេបញ្ជាកា​រដ្ឋា​ន នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។​


 
​បកស្រាយ​បែបនេះហើយ ស្ថានទូត​អាមេរិក ក៏បាន​រម្លឹក​ពី​ជំហរ​របស់លោក Murphy ដែល​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា​កន្លងមក​ថា លោក​ទូត​អាម​រិ​ក តែងតែ​ថ្លែង​សារ​ស្តីពី​កិច្ចសហប្រតិបត្តិការ ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ព្រមទាំង​កង្វល់​របស់​អាមេរិក និង​អន្តរជាតិ ស្តីពី​ការដាក់​ទីតាំង​យោធា​បរទេស និង​ភាពចាំបាច់​សម្រាប់​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជាដើម​។​
 
​ស្ថានទូត​អាមេរិក បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​យើង​មានបំណង​មុតមាំ​ក្នុងការ​ជៀសវាង​ការនិយាយ​ខុស ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ការប្តេជ្ញាចិត្ត ដែល​ត្រូវបាន​សម្តែងឡើង​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឯកអគ្គរដ្ឋទូត ក្នុងការ​ធ្វើការ​ជាមួយគ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​»​។​
 
​កាលពី​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាតិ បាន​ដឹកនាំ​ក្រុមអ្នកកាសែត​ជាតិ និង​អន្តរជាតិ ទៅ​ត្រួតពិនិត្យ​ទីតាំង​មូលដ្ឋានទ័ព​សមុទ្រ​រាម នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ចប់​កាសរ​សង្ស័យ​របស់​អាមេរិក និង​កាសែត​បរទេស ដែល​ចុះផ្សាយ​ថា មាន​មូលដ្ឋាន​កងទ័ព​ចិន​ឈរជើង​នៅ​ទីនោះ​។ ដ្បិត​មានការ​បង្ហាញ​បែបនេះ​ក្តី ប៉ុន្តែ​ក្តី​សង្ស័យ​នៅតែ​កើតមាន ដោយសារតែ​មូលដ្ឋានទ័ព​នោះ ស្ថិតនៅក្នុង​គម្រោង​នៅឡើយ​។​
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​អះអាងថា កម្ពុជា​មិន​អនុញ្ញាតឱ្យ​កងទ័ព​បរទេស​ណា បង្កើត​មូលដ្ឋាន​ឈរជើង​នៅ​កម្ពុជា ដែល​ប្រាសចាក​ពី​រដ្ឋ​ធម្ម​នុ​ញ្ញាក​ម្ពុ​ជា​ឡើយ​៕







Tag:
 ​វង្ស ពិ​សេន​
  អាមេរិក​
  កងទ័ព​
  សមុទ្រ​រាម
© រក្សាសិទ្ធិដោយ thmeythmey.com