អន្តរជាតិ
រដ្ឋសភា​អាមេរិក ផ្ដើម​សរសេរ​មាត្រា​ដកតំណែង​ប្រធានាធិបតី​ពី​លោក ត្រាំ
06, Dec 2019 , 11:20 am        
រូបភាព
​រដ្ឋសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ បាន​បោះជំហាន​ទៅមុខ​មួយទៀត​ហើយ​ក្នុងការ​ប៉ុនប៉ង​ដកតំណែង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ជាប់ចោទ​ពីបទ​ពឹង​បរទេស​ដើម្បី​ប្រ​យោ​ជ៍​ផ្ទាល់ខ្លួន​។ ប្រធានរដ្ឋសភា ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​ថ្ងៃទី​៥ ខែធ្នូ បាន​បង្គាប់​ឲ្យ​គណៈកម្មាធិការ​យុត្តិធម៌​សភា ផ្ដើម​នីតិវិធី​ដកតំណែង​តាមរយៈ​ការសរសេរ​មាត្រា​ដកតំណែង (Article of Impeachment) ដែល​កំណត់​ពី​ទោសទណ្ឌ​របស់លោក ត្រាំ រួច​បញ្ជូន​ឲ្យ​សភា​អនុម័ត​។

 
​បន្ទាប់ពី​ការបើក​សវនាការ​សាធារណៈ​ជា​បន្តបន្ទាប់​រួចមក រដ្ឋសភា​អាមេរិក ក៏​ឈានដល់​ដំណាក់កាល​មួយទៀត​ក្នុង​នីតិវិធី​ដកតំណែង​លោក ដូ​ណា​ល់ ត្រាំ ពី​តំណែង​ប្រធានាធិបតី​។ ដោយ​ព្រមាន​ពី​ការ​ប្រ​ឈ​មុខ​របស់​ប្រជាធិបតេយ្យ​នៅ​អាមេរិក អ្នកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា ចាប់ផ្ដើម​សរសេរ​មាត្រា​ដកតំណែង​។ វា នឹង​បើកផ្លូវ​ដល់​ការសម្រេចចិត្ត​ដកហូត​តំណែង​ពី​លោក ត្រាំ ឬ​យ៉ាងណា​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរ​ទ្សន៍​នៅ​ថ្ងៃទី​៥ ខែធ្នូ អ្នកស្រី ផេ​ឡូ​ស៊ី មេដឹកនាំ​កំពូល​បក្ស​ប្រជាធិបតេយ្យ បាន​ចោទ​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​ពីបទ​បំពាន​អំណាច ពុករលួយ និង​ពឹង​បរទេស​ឲ្យ​ជួយ​ដើម្បី​ឈ្នះឆ្នោត​។ ប្រធានសភា​អាមេរិក​រូបនេះ​បន្តថា​៖ «​ថ្ងៃនេះ ខ្ញុំ​ស្នើ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​របស់​យើង ផ្ដើម​នីតិវិធី​នៃ​មាត្រា​ដកតំណែង​។​» អ្នកស្រី ផេ​ឡូ​ស៊ី ចង់​សំដៅ​ដល់​លោក Jerrold Nadler ដែលជា​ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​រដ្ឋសភា និង​មាន​សិទ្ធិ​សរសេរ​ការចោទប្រកាន់​ជា​ផ្លូវការ​។​
 
​ចំណុចកណ្ដាល​នៃ​សំណុំ​រឿងនេះ គឺ​ការជជែក​តាម​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​សម​ភាគី​អ៊ុយ​ក្រែ​ន ដែល​ក្នុងនោះ​លោក ត្រាំ ស្នើ​ឲ្យ​ទីក្រុង​កៀវ​បើក​ការស៊ើបអង្កេត​លើ​លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ។ ការណ៍​នេះ ក៏​នាំ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ បើក​ការស៊ើបអង្កេត​មួយ​នៅ​ខែកញ្ញា​ដោយ​សង្ស័យថា លោក ត្រាំ កំពុង​ឲ្យ​បរទេស​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាមេរិក​។​
 
​លោក ត្រាំ រង​ការ​ចោទ​អ្វីខ្លះ​?
 
​មាត្រា​ដកតំណែង (Article of Impeachment) គឺជា​សំណុំ​នៃ​ការចោទប្រកាន់​ប្រឆាំង​មន្ត្រី​សាធារណៈ ហើយ​ដែល​បើកផ្លូវ​ដល់​នីតិវីធី​ដកតំណែង​។ សម្រាប់​ករណី​ប្រធានាធិបតី នីតិវិធី​ដកតំណែង ផ្ដើម​ពី​ការបោះឆ្នោត​លើ​មាត្រា​ដកតំណែង​នេះ​នៅ​រដ្ឋសភា​។ បន្ទាប់មក ព្រឹទ្ធសភា​អាមេរិក នឹង​បើកសវនាការ​ជម្រះក្ដី​ថា ត្រូវ​ដកតំណែង ឬ​មិន​ដក​។ ករណីនេះ ប្រធានាធិបតី គឺជា​ចុងចោទ ឯ​រដ្ឋសភា​ជាដើម​ចោទ ដោយមាន​ព្រឹទ្ធសភា​ជា​អ្នក​ស​ម្រេ​ចិត្ត​។ 
 
​ការស្នើ​របស់លោក ត្រាំ ទៅកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លីន​ស្គី ឲ្យ​ស៊ើបអង្កេត​លើ​ដៃគូ​របស់ខ្លួន ត្រូវបាន​បក្ស​ប្រជាធិបតេយ្យ​ចាត់ទុកជា​ការបំពាន​អំណាច ដែលជា​ទោស​មួយ​អាច​ដកតំណែង​បាន​។ លោក Noah Feldman សាស្ត្រាចារ្យ​សាក​វិទ្យាល័យ Harvard ពន្យល់ថា សកម្មភាព​របស់លោក ត្រាំ បែបនេះ ជាការ​ប្រើប្រាស់​អំណាច​ប្រធានាធិបតី​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​វា​ក៏​ស្ថិត​ក្នុងចំណោម​ទោស​ធ្ងន់ធ្ងរ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​ផងដែរ​
 
​ក្រៅពី​ការបំពាន​អំណាច លោក ត្រាំ ក៏​អាច​ប្រឈមមុខ​ការចោទប្រកាន់​លើ​ករណី​ឯទៀត​ដូចជា ការបង្អាក់​ដំណើរការ​យុត្តិធម៌ និង​ការបង្អាក់​ដំណើរការ​ស៊ើបអង្កេត​របស់​សភា​ជាដើម ដែល​ទោស​នេះ​សុទ្ធសឹង​ជា​បទល្មើស​ធ្ងន់ធ្ងរ​។ 
 
​តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី ឬ​អនុ​ប្រធានាធិបតី និង​មន្ត្រី​ស៊ីវិល​ទាំងអស់ គួរ​ត្រូវបាន​ចេញពី​ដកតំណែង​ចំពោះ​បទល្មើស​ដូចជា ទោស​ក្បត់ជាតិ ស៊ីសំណូក និង​ទោស​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ 
 
​ព្រឹទ្ធសភា ជា​ខ្នងបង្អែក​លោក ត្រាំ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកស្រី ផេ​ឡូ​ស៊ី បានទទួល​ការគាំទ្រ​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​រដ្ឋសភា​មុននឹង​ប្រកាស​បើក​ការសរសេរ​មាត្រា​ដកតំណែង​លោក ត្រាំ ។ បើ​ប្រភពព័ត៌មាន​ដែល​ទាក់ទង​ដំណើការ​នេះ មាត្រា​ដកតំណែង​អាច​លេច​ជា​រូបរាង​នៅ​សប្ដាហ៍​ក្រោយ ដោយ​ក្រុម​ប្រជាធិបតេយ្យ នឹង​សម្រុក​ធ្វើការ​ទាំង​ចុង​សប្ដាហ៍​ដើម្បី​សម្រេច​ឲ្យ​គោលដៅ​នេះ​។ ជាការ​ពិត មាត្រា​នេះ ទំនង​មិន​ពិបាក​ឆ្លង​រដ្ឋសភា​ឡើយ ព្រោះ​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​ស្រាប់​។​
 
​បញ្ហា​ប្រឈម​សម្រាប់​បក្ស​ប្រជាធិបតេយ្យ គឺ​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។ កន្លងមក សមាជិក​ព្រឹទ្ធសភា​អាមេរិក​ហាក់​មិន​គាំទ្រ​លើ​នីតិវិធី​នេះឡើយ​។ សម្រាប់​លោក ត្រាំ  ព្រឹទ្ធសភា​ជា​បង្អែក​ចុងក្រោយ​របស់លោក​។ កន្លងមក លោក ត្រាំ បានទាមទារ​ឲ្យ​រដ្ឋសភា​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​ព្រឹទ្ធសភា​ចាត់ការ​ឲ្យ​បាន​ឆាប់ ព្រោះ​លោក​ជឿជាក់​ខ្លាំង​លើ​សមាជិក​បក្ស​សាធារណរដ្ឋ​។ ក្នុង Twitter នៅ​ថ្ងៃទី​៥ ខែធ្នូ លោក ត្រាំ អះអាងថា បក្ស​សាធារណរដ្ឋ​រួបរួម​ខ្លាំងណាស់​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Nancy Pelosi
© រក្សាសិទ្ធិដោយ thmeythmey.com