កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ U22 សិង្ហ​បុរី​៦​រូប​ប្រឈម​ការពិន័យ​ដោយសារ​លួច​ដើរលេង​យប់​
06, Dec 2019 , 11:41 am        
រូបភាព
​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​ជាតិ​សិង្ហ​បុរី (SNOC) នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ ថា​កីឡាករ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី​ចំនួន​៦​រូប ប្រឈម​នឹង​ការដាក់វិន័យ បន្ទាប់ពី​ពួកគេ​បាន​រំលោភ​បម្រាម​គោចរ​ដល់​យប់​ជ្រៅ​នៅក្នុង​ប្រទេស​ហ្វីលីពីន អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​។​

 
SNOC បាន​និយាយថា​«​កីឡាករ​បាល់ទាត់​សិង្ហ​បុរី ៦ នាក់​បាន​រង​បម្រាម​គោចរ​អំឡុងពេល​ប្រកួត SEA Games លើក​ទី​៣០ ឆ្នាំ​២០១៩ ដោយ​រំលោភ​លើ​ក្រមសីលធម៌​របស់​ក្រុម​។ ពួកគេ​ត្រូវ​បានផ្តល់​ជាការ​ព្រមាន​ផ្លូវការ ហើយ​ពួកគេ​នឹង​ប្រឈម​ការដាក់វិន័យ​នៅពេល​ត្រឡប់​ទៅកាន់​ប្រទេស​សិង្ហ​បុរី​វិញ បន្ទាប់ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចប់​។​
 
​បើតាម​ប្រភព​ច្បាស់ការ​ចំនួន​ពីរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទូរទស្សន៍ Channel NewsAsia ថា​ហេតុ​ការដែល​ផ្ទុយ​នឹង​ច្បាប់​របស់​កីឡាករ​ទាំង​៦​រូប បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១​ធ្នូ ពោលគឺ​ក្រោយ​ក្រុម​សិង្ហ​បុរី​ចាញ់​ថៃ ៣-០ ក្នុងជំនួប​វគ្គ​ជម្រុះ​ពូ​ល B​។​
 
​ក្រុមកីឡា​បាល់ទាត់​សិង្ហ​បុរី​បាន​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​វគ្គ​ចែក​ពូ​ល ក្រោយ​រកបាន​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​ឈ្នះ​ព្រុយ​ណេ​ក្នុងជំនួប​ចុងក្រោយ​ក្នុង​លទ្ធផល ៧-០​។
​កាលពី​ឆ្នាំ ២០១៤ ម្ចាស់​ជើងឯក​ហែល​ទឹក​អូឡាំពិក​របស់​សិង្ហ​បុរី Joseph Schooling និង​ក្រុម​ហែល​ទឹក​ពីរ​ក្រុម​ផ្សេងទៀត ក៏​ធ្លាប់​បានទទួល​លិខិត​ព្រមាន​បន្ទាប់ពី​ពួកគេ​ចូល​គេង​យប់​ជ្រៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​៕

Tag:
 SEA Games
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com