អន្តរជាតិ
ឥណ្ឌា៖ ជនសង្ស័យបួននាក់ក្នុងករណីរំលោភផ្លូវភេទ ត្រូវបាញ់សម្លាប់ពេលព្យាយាមគេចខ្លួន បាតុកម្មនៅឥណ្ឌាប្រឆាំងការរំលោភផ្លូវភេទ។ រូបភាព AFP
× ជនសង្ស័យបួននាក់ដែលពាក់ព័ន្ធករណីរំលោភ ហើយដុតសម្លាប់គ្រូពេទ្យម្នាក់ ត្រូវបានបាញ់សម្លាប់ពេលព្យាយាមគេចខ្លួនពីកន្លែងកើតហេតុក្នុងរដ្ឋ Hyderabad របស់ឥណ្ឌា។ ករណីបំពានផ្លូវភេទនេះ បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំដើម្បីទាមទាររកយុត្តិធម៌ និងការការពារស្ត្រីភេទ ខណៈការករណីរបៀបនេះ បានកើតឡើងជាញឹកញយបំផុតក្នុងប្រទេសដែលមានប្រជាជនច្រើនលំដាប់ទីពីររបស់ពិភពលោកមួយនេះ។
មន្ត្រីប៉ូលិសរដ្ឋ Hyderabad ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៦ ខែធ្នូ ថា ជនសង្ស័យបួនដែលត្រូវចោទពីបទរំលោភ និងសម្លាប់ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ ខណៈពួកគេប៉ុនប៉ងរត់គេច។ លោក Prakash Reddy ស្នងការរងប៉ូលិសប្រចាំរដ្ឋមួយនេះ បញ្ជាក់ថា ជនសង្ស័យទាំងបួន ត្រូវបានប៉ូលិសនាំទៅកាន់ទីតាំងកើតហេតុនៅពេលពាក់កណ្ដាលយប់ ដើម្បីឲ្យពួកគេធ្វើត្រាប់សកម្មភាពឡើងវិញ ប៉ុន្តែពួកគេព្យាយាមរត់គេច។
«ពួកគេ បានស្លាប់ក្នុងការបាញ់ទៅមក។ ពួកគេព្យាយាមដណ្ដើមអាវុធពីសន្តិសុខ តែត្រូវបាញ់ស្លាប់តែម្ដង។» នេះជាការអះអាងរបស់លោក Prakash ដោយបន្ថែមថា ប៉ូលិសក៏ហៅរថយន្តសង្គ្រោះដើម្បីជួយពួកគេដែរ ប៉ុន្តែមិនអាចជួយបាន។
ជនសង្ស័យទាំងបួន ត្រូវបានចាប់កាលពីសប្ដាហ៍មុនពីបទរំលោភ ធ្វើឃាត និងដុតសាកសពគ្រូពេទ្យម្នាក់នៅតាមដងផ្លូវហាយវ៉េដ៏រវល់មួយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ បើតាមប៉ូលិសឥណ្ឌា បុរសទាំងបួន បានបន្ធូរខ្យល់ចេញពីកង់ម៉ូតូជនរងគ្រោះ រួចធ្វើជាជួយ ហើយចុងក្រោយក៏ធ្វើសកម្មភាតែម្ដង។ ពួកគេបានដុតសាកសពជនរងគ្រោះនៅក្រោមស្ពានមួយកន្លែងទៀត។
ករណីនេះ ក៏នាំឲ្យការធ្វើបាតុកម្មទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះ ខណៈករណីរំលោភសម្លាប់ បានអុកឡុកឥណ្ឌាយ៉ាងខ្លាំង។ ករណីដ៏កក្រើកបំផុត បានកើតឡើងនៅឆ្នាំ២០១២ ពេលដែលនិស្សិតស្រីម្នាក់ ត្រូវបានបុរសមួយក្រុមបំពានផ្លូវភេទលើឡានក្រុង។
ដោយឡែកនៅថ្ងៃទី៥ ខែធ្នូ ស្ត្រីរងគ្រោះដោយការរំលោភផ្លូវភេទម្នាក់ ត្រូវបានមនុស្សមួយក្រុមរាប់ទាំងជនសង្ស័យផង ដុតទាំងរស់តែម្ដង ពេលធ្វើដំណើរទៅកាន់តុលាការនៅឯភាគខាងជើងឥណ្ឌា។ គ្រូពេទ្យនៃរដ្ឋ Uttar Pradesh របស់ឥណ្ឌា និយាយថា ជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមប៉ូលិសវិញ ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីរំលោភផ្លូវភេទនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com