អន្តរជាតិ
ឥណ្ឌា​៖ ជនសង្ស័យ​បួន​នាក់​ក្នុងករណី​រំលោភ​ផ្លូវភេទ ត្រូវ​បាញ់សម្លាប់​ពេល​ព្យាយាម​គេចខ្លួន​
06, Dec 2019 , 2:21 pm        
រូបភាព
បាតុកម្មនៅឥណ្ឌាប្រឆាំងការរំលោភផ្លូវភេទ។ រូបភាព AFP
បាតុកម្មនៅឥណ្ឌាប្រឆាំងការរំលោភផ្លូវភេទ។ រូបភាព AFP
​ជនសង្ស័យ​បួន​នាក់​ដែល​ពាក់ព័ន្ធ​ករណី​រំលោភ ហើយ​ដុត​សម្លាប់​គ្រូពេទ្យ​ម្នាក់ ត្រូវបាន​បាញ់សម្លាប់​ពេល​ព្យាយាម​គេចខ្លួន​ពី​កន្លែងកើតហេតុ​ក្នុង​រដ្ឋ Hyderabad របស់​ឥណ្ឌា​។ ករណី​បំពាន​ផ្លូវភេទ​នេះ បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ការការពារ​ស្ត្រីភេទ ខណៈ​ការ​ករណី​របៀបនេះ បានកើត​ឡើងជា​ញឹកញយ​បំផុត​ក្នុងប្រទេស​ដែលមាន​ប្រជាជន​ច្រើន​លំដាប់​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​។ 

 
​មន្ត្រីប៉ូលិស​រដ្ឋ Hyderabad ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៦ ខែធ្នូ ថា ជនសង្ស័យ​បួន​ដែល​ត្រូវ​ចោទ​ពីបទ​រំលោភ និង​សម្លាប់​ស្ត្រី​វ័យ​២៧​ឆ្នាំ​ម្នាក់ ត្រូវបាន​បាញ់សម្លាប់ ខណៈ​ពួកគេ​ប៉ុនប៉ង​រត់គេច​។ លោក Prakash Reddy ស្នងការរង​ប៉ូលិស​ប្រចាំ​រដ្ឋ​មួយ​នេះ បញ្ជាក់ថា ជនសង្ស័យ​ទាំង​បួន ត្រូវបាន​ប៉ូលិស​នាំទៅ​កាន់​ទីតាំង​កើតហេតុ​នៅពេល​ពាក់​កណ្ដាលយប់ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ត្រាប់​សកម្មភាព​ឡើងវិញ ប៉ុន្តែ​ពួកគេ​ព្យាយាម​រត់គេច​។​
 
«​ពួកគេ បាន​ស្លាប់​ក្នុងការ​បាញ់​ទៅមក​។ ពួកគេ​ព្យាយាម​ដណ្ដើម​អាវុធ​ពី​សន្តិសុខ តែ​ត្រូវ​បាញ់​ស្លាប់​តែម្ដង​។​» នេះ​ជាការ​អះអាង​របស់លោក Prakash ដោយ​បន្ថែមថា ប៉ូលិស​ក៏​ហៅ​រថយន្ត​សង្គ្រោះ​ដើម្បី​ជួយ​ពួកគេ​ដែរ ប៉ុន្តែ​មិនអាច​ជួយ​បាន​។​
 
​ជនសង្ស័យ​ទាំង​បួន ត្រូវបាន​ចាប់​កាលពី​សប្ដាហ៍​មុន​ពីបទ​រំលោភ ធ្វើឃាត និង​ដុត​សាកសព​គ្រូពេទ្យ​ម្នាក់​នៅតាម​ដងផ្លូវ​ហាយវ៉េ​ដ៏​រវល់​មួយ​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​។ បើតាម​ប៉ូលិស​ឥណ្ឌា បុរស​ទាំង​បួន បាន​បន្ធូរ​ខ្យល់​ចេញពី​កង់​ម៉ូតូ​ជនរងគ្រោះ រួច​ធ្វើជា​ជួយ ហើយ​ចុងក្រោយ​ក៏​ធ្វើ​សកម្ម​ភា​តែម្ដង​។ ពួកគេ​បាន​ដុត​សាកសព​ជនរងគ្រោះ​នៅក្រោម​ស្ពាន​មួយកន្លែង​ទៀត​។ 
 
​ករណីនេះ ក៏​នាំ​ឲ្យ​ការធ្វើ​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ខណៈ​ករណី​រំលោភ​សម្លាប់ បាន​អុកឡុក​ឥណ្ឌា​យ៉ាងខ្លាំង​។ ករណី​ដ៏​កក្រើក​បំផុត បានកើត​ឡើង​នៅ​ឆ្នាំ​២០១២ ពេលដែល​និស្សិត​ស្រី​ម្នាក់ ត្រូវបាន​បុរស​មួយក្រុម​បំពាន​ផ្លូវភេទ​លើ​ឡានក្រុង​។ 
 
​ដោយឡែក​នៅ​ថ្ងៃទី​៥ ខែធ្នូ ស្ត្រី​រងគ្រោះ​ដោយ​ការរំលោភ​ផ្លូវភេទ​ម្នាក់ ត្រូវបាន​មនុស្ស​មួយក្រុម​រាប់ទាំង​ជនសង្ស័យ​ផង ដុត​ទាំង​រស់​តែម្ដង ពេលធ្វើ​ដំណើរ​ទៅកាន់​តុលាការ​នៅឯ​ភាគ​ខាងជើង​ឥណ្ឌា​។ គ្រូពេទ្យ​នៃ​រដ្ឋ Uttar Pradesh របស់​ឥណ្ឌា និយាយថា ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ បើតាម​ប៉ូលិស​វិញ ជនសង្ស័យ​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​ផ្លូវភេទ​នេះ​៕

Tag:
 ​ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com