ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
CDC ទើប​អនុម័ត​គម្រោង​បង្កើត​រោងចក្រ ៣ កន្លែង នៅ​ដើមខែ​ធ្នូ​នេះ​
07, Dec 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ឆ្លើយតប​នឹង​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ក្នុង​វិស័យ​វាយនភ័ណ្ឌ នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន ៣ ទៀត សរុប​ទុនវិនិយោគ​ជិត ៩ លាន​ដុល្លារ​។ តាមរយៈ​ការវិនិយោគ​នេះ នឹង​ជួយ​បង្កើត​ការងារ​ថ្មី​ដល់ ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ៣,០០០ នាក់ បន្ថែមទៀត​។​

​បើ​យោងតាម​ការចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​២  ខែធ្នូ ឆ្នាំ​២០១៩ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
 
១.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ជាមួយ​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,២៤៤ កន្លែង​។​
 
២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ថ្កូវ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣.៨ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៥០៦ កន្លែង​។​
 
៣. “TAO AND KIVEN GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៩៨ កន្លែង​។​
 
​ការនាំចេញ​កើនឡើង​ត្រឹម ៩ ខែ​ឆ្នាំនេះ​
​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា គេ​មើលឃើញថា លំហូរ​វិនិយោគ​នៅតែមាន​ជា​បន្តបន្ទាប់ ចំណែក​ការនាំចេញ​សម្រាប់​ឆ្នាំ​២០១៩ ក៏មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ បើទោះបីជា​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​ត្រូវបាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​ហៅថា អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ដោយ​សហគម​អ៊ឺរ៉ុប​។​
 
​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង ដែលមាន​តម្លៃ​ជាង ៧.៩៧ ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង ១៣.១៨ ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ស្នើ​នឹង​ជាង ៩ រយ​លាន​ដុល្លារ​។​
 
​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង បាន​នាំ​ចេញទៅ​អាមេរិក​គិត​ជា​ទឹកប្រាក់ ២.៥ ពាន់​លាន​ដុល្លារ សហភាព​អឺរ៉ុប​ចំនួន ២,៤ ពាន់​លាន​ដុល្លារ ចក្រភព​អង់គ្លេស​ចំនួន ៦៧០ លាន​ដុល្លារ ជប៉ុន​ចំនួន ៧១១ លាន​ដុល្លារ ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១២១ លាន​ដុល្លារ និង​បណ្តា​ប្រទេស​ផ្សេងទៀត​ចំនួន ១.៥ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការអះអាង​របស់​របាយការណ៍​ដដែល​៕ 
 
 
​អត្ថបទ​ពាណិជ្ជកម្ម​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com