ជាតិ
អតីតយុទ្ធជន​១០១​គ្រួសារ ដែល​គ្មាន​លំ​នៅ​ដ្ឋា​ន ទទួលបាន​ផ្ទះ​និង​ដីធ្លី​នៅ​ឧ​ត្ត​រ​មានជ័យ​
07, Dec 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ សមាគម​អតីតយុទ្ធជន​កម្ពុជា បានផ្ដល់​ផ្ទះ និង​ដីធ្លី​ដល់​អតីតយុទ្ធជន​១០១​គ្រួសារ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។



​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ សមាគម​អតីតយុទ្ធជន បាន​ជូន​ដំណើរ​អតីតយុទ្ធជន​ទាំង​១០១​គ្រួសារ​នោះ ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ក្នុងនោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថវិកា និង សម្ភារ​មួយចំនួនទៀត​ដល់​ពួកគេ​។ 
 
​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះផ្សាយ​ថា កន្លងមក​អតីតយុទ្ធជន​ទាំង​១០១​គ្រួសារ​នោះ រស់នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្មាន​ផ្ទះ និង​ទីជម្រក​ពិតប្រាកដ​។ ពួកគេ រស់នៅក្នុង​តំបន់​អនាធិបតេយ្យ និង​ជួល​ផ្ទះ​រស់នៅ​បណ្តោះអាសន្ន​ក្នុង​ជីវភាព​លំបាក​។ ក្រោយមក ពួកគេ បានដាក់​សំណើ​ទៅ​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ផ្តល់​ផ្ទះ និង​ដីធ្លី ដល់​ពួកគេ​។ 
 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្ទះ​ទាំងនោះ ត្រូវបាន​សាងសង់ឡើង​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ដោយមាន​បំពាក់​ភ្លើង​សូ​ឡា និង​អណ្ដូងស្នប់​ផងដែរ​៕ 
 
 

Tag:
 អតីតយុទ្ធជន​
  ដីធ្លី​
  សង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com