ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង​២៧​នាក់​ទៀត ត្រូវ​បិទ​លិខិតឆ្លងដែន​
06, Dec 2019 , 7:19 pm        
រូបភាព
លោក ម៉ោញ សារ៉ាត់ ស្ថិតក្នុងចំណោមអ្នកទាំង២៧នាក់ ដែលត្រូវបិទលិខិតឆ្លងដែន
លោក ម៉ោញ សារ៉ាត់ ស្ថិតក្នុងចំណោមអ្នកទាំង២៧នាក់ ដែលត្រូវបិទលិខិតឆ្លងដែន
ដោយ: ថ្មីៗ
​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ចប់​សុពល​ភាពលិខិតឆ្លងដែន​ប្រភេទ​ធម្មតា (Ordinary Passport) របស់​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២៧​នាក់​បន្ថែមទៀត​។ ក្រសួងការបរទេស បានធ្វើ​បញ្ជី​ឈ្មោះ​អ្នក​ទាំងនោះ នៅ​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​បញ្ជូន​ទៅកាន់​គ្រប់​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា ដើម្បី​ឲ្យ​បញ្ជូនបន្ត ទៅកាន់​រដ្ឋាភិបាល​រប​ស់​ពួកគេ​។


 
​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ថា អ្នក​ទាំងអស់នោះ ជា​ជនមានទោស ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​ជាមួយ​លោក សម រង្ស៊ី កន្លងមក​។ លោក បន្តថា ការបញ្ចប់​សុពលភាពលិខិតឆ្លងដែន​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ពួកគេ អាចធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ទៀត ហើយ​វិល​មក​អនុវត្ត​ទោស​នៅ​កម្ពុជា​។ 
 
​លោក បន្ថែមថា បើ​មិនមាន​លិខិតឆ្លងដែន​ផ្សេង ក្រៅពី​លិខិតឆ្លងដែន​កម្ពុជា ពួកគេ នឹង​ក្លាយ​ជន​ខុសច្បាប់ ពេល​ពួកគេ បន្ត​រស់នៅក្នុង​ប្រទេស​ដទៃ​។ លោក អះអាង​ទៀតថា កា​ររស់នៅ​ដោយ​ខុសច្បាប់​បែបនេះ ម្ចាស់​ប្រទេស អាច​នឹង​បញ្ជូន​ពួកគេ មក​កម្ពុជា​វិញ​។​
 
​អ្នកនាំពាក្យ​ការបរទេស បញ្ជាក់​ដូច្នេះ​ថា​៖«​ពួកគាត់ ប្រើ​លិខិតឆ្លងដែន​ខ្មែរ​ហ្នឹង ដើម្បី​រត់គេច​ពី​សំណាញ់​ច្បាប់​។ បើ​ពួកគាត់ នៅក្នុង​ស្រុក​ខ្មែរ ប្រឈមមុខ​នឹង​តុលាការ​ធម្មតា មាន​អ្នកណា​ទៅ​ដក​លិខិតឆ្លងដែន​របស់​ពួកគាត់​»​។​
 
​យ៉ាងណា មន្ត្រី​ការបរទេស​រូបនេះ ហ៊ាន​សន្និដ្ឋានថា បើ​ត្រឡប់មក​កម្ពុជា​វិញ ពួកគេ ប្រហែលជា​មិន​ប្រឈម​នឹង​ផ្លូវច្បាប់​ឡើយ ពោលគឺ ពួកគេ អាចនឹងទទួល​បានកា​រ​អនុគ្រោះ​ពី​តុលាការ តាម​ការ​ស្នើឡើង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​កន្លងមក​ថា អ្នក​ជាប់ឃុំ​ក្រោម​បទ​ចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ គួរតែ​ត្រូវបាន​ដោះលែង ហើយ​ចំពោះ​អ្នក​ដែល​មិនទាន់​ត្រូវ​ចាប់ខ្លួន តុលាការ គួរ​បញ្ចប់​ការ​តាម​ចាប់​ពួកគេ​។ លើសពីនេះ ប្រម​ខុ​រដ្ឋាភិបាល ថែមទាំង​អំពាវនាវ​ឲ្យ​អ្នក​ដែល​រត់គេច​ទៅ​ក្រៅប្រទេស ឬក៏​កំពុង​លាក់ខ្លួន​ក្នុងប្រទេស ឲ្យ​ចេញមុខ​ហើយ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​វិញ​ជាធម្មតា ដោយ​ធានាថា នឹងមិន​មានការ​ចាប់​ខ្លួន​ឡើយ​។ 
 
​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​អនុគ្រោះ​ដល់​អ្នក​ទាំងនោះ គឺ​ដោយសារតែ​ប្រមុខ​រដ្ឋាភិ​បាល យល់ថា គម្រោង​ធ្វើ​រដ្ឋប្រហារ​របស់លោក សម រង្ស៊ី ត្រូវ​បរាជ័យ​ទៅហើយ​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក ការសម្រេចចិត្ត​បែបនេះ ថា​ជាការ​ប្រោសប្រណី​របស់​រដ្ឋាភិបាល​ចំពោះ​ពួកគេ ដែល​ចាញ់​ឧបាយកល​របស់លោក សម រង្ស៊ី​។  ក្រោយ​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល មកដល់ពេលនេះ មាន​អ្នកប្រឆាំង​ជាង​៧០​នាក់​ហើយ ដែល​ត្រូវបាន​ដោះលែង​។ 
 
​ក្នុងចំណោម​អ្នក​ទាំង​២៧​នាក់ ដែល​ត្រូវ​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន មាន​ស្ត្រី​៦​នាក់ គឺ វ៉ាន តារា (Van Dara), កុន ម៉ាច (Kun Mach), កឹម តុលា (Kim Tola), យ៉​ក នាង (York Neang), សៅ ឧសភា (Sao Ousaphea), និង ញឹម គាថា (Ngoeum Keatha)​។ ចំណែក បុរស​ទាំង​២១​នាក់ គឺ ឈុន វាន (Chhun Vean), ដួង ចាន់​ត្រា (Doung Chantra), ស៊ីម ស៊ា​ង​ឡេង (Sim Seang Leng), ឃាន វិសេស (Khean Vises), សេង ម៉េង​ប៊ុន​រ៉ុង (Seng Mengbunrong), ម៉ោញ សារ៉ាត់ (Mounh Sarath), រ័ត្ន សុ​ទ្ធី (Roth Sothy), លី រតន​រស្មី (Ly Ratanakraksmey), កាក់ កុ​ម្ភា​រ (Kak Komphea), ម៉ៅ វិបុល (Mao Vibol), ឈុន សិទ្ធី (Chhun Sithy), សួន ចំរើន (Suon Chamroeun), ណេង សុ​គុណ (Neng Sokhun), ឆាត វិជ្ជា (Chhat Vichea), ឆាំ ឆៃ​យ៉ា (Chham Chhaiya), ហេង ឡៃ​ហួរ (Heng Laihour), ខិ​ន រឿន (Khin Roeun), ឡេង សេងហុង (Leng Senghong), អាត វិចិត្រ (At Vichet), ចុន សុខ​ងេ​ង (Chon Sokngeng), និង ហៃ វណ្ណា (Hay Vanna) ។  
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ ក្រសួងការបរទេស ក៏បាន​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ប្រភេទ​ធម្មតា​របស់​មន្ត្រី​និង​ថ្នាក់ដឹកនាំ​១២​នាក់​នៃ​អតីត​គណបក្សប្រឆាំង​ផងដែរ ក្រោម​ហេតុផល​ដូចគ្នា​ថា ពួកគេ ប្រើប្រាស់​លិខិតឆ្លងដែន​កម្ពុជា ដើម្បី​រត់គេច​ពី​ទោសទណ្ឌ​។ អ្នក​ទាំង​១២​នាក់​គឺ អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់​ដេ​ត  លោក គង់ សភា លោក វ៉ាន់ ណា​រិ​ទ្ធ លោក ដាង ចំរើន លោក ញឹម គិ​ម​ញុ​ល លោក ហេង ដា​ណា​រ៉ូ លោក អ៊ី​សា ឧស្មាន និង លោក ម៉ន ផល្លា​៕ 
 

Tag:
 អ្នកប្រឆាំង​
  បិទ​លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com