អន្តរជាតិ
កូរ៉េខាងជើង ព្រមាន​អាមេរិក​ថា សង្គ្រាមពាក្យសម្តី​រវាង​ប្រទេស​ទាំងពីរ​អាច​កើតឡើង​ម្តងទៀត​
06, Dec 2019 , 7:39 pm        
រូបភាព
លោកប្រធានាធិបតីដូណាល់ ត្រាំ (ខាងឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ រូបភាព៖ Xinha
លោកប្រធានាធិបតីដូណាល់ ត្រាំ (ខាងឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ រូបភាព៖ Xinha
​មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង នោ​ថ្ងៃទី​៥ ខែធ្នូ បាន​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាមពាក្យសម្ដី​ឡើងវិញ បន្ទាប់ពី ការប្រើ​ពាក្យសម្តី​មិន​សមរម្យ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ លើ​មេដឹកនាំ គីម ជុង​អ៊ុន ដែល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក ជាការ​មិន​ឲ្យ​តម្លៃ​។ ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​បែបនេះ គឺ​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ថា «​បុរស​រ៉ុក្កែត​»​។


 
​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​បានចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​KCNA អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង Choe Son-hui បាន​ព្រមាន​យ៉ាងច្បាស់ៗ​ថា ទីក្រុង​ព្យុងយ៉ាង អាច​ផ្ទុក​សង្គ្រាមពាក្យសម្តី​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ម្តងទៀត បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ហៅ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងអំឡុង​កិច្ចប្រជុំ​បក្ស​សម្ពន្ធ​យោធា​ណា​តូ​នាទី​ក្រុង​ឡុង​ដ៍ ថា «​បុរស​រ៉ុកែត​»​។​
 
​ទន្ទឹមគ្នានេះ អ្នកស្រី Choe Son-hui បានបញ្ជាក់​ទៀតថា ពាក្យ​ឌឺដង​របស់លោក​ត្រាំ បានធ្វើ​ឲ្យ​លោក គីម​មិន​ពេញចិត្ត​ជាខ្លាំង​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោកស្រី Choe បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​ពាក្យ​បុរស​រ៉ុកែត​លេចឡើង​ម្តងទៀត កូរ៉េខាងជើង​ច្បាស់​ណាស់​ថា​នឹង​ឆ្លើយតប​ត្រលប់​ទៅវិញ ដោយ​ភាសា ឬ​ពាក្យ​មិន​សមរម្យ​ដូចគ្នា​។​» 
 
​យ៉ាងណាក៏ដោយ ដើម្បី​ការពារ​កុំ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ លោកស្រី Choe ក៏បាន​បន្ថែមទៀតថា បើទោះបីជា​លោក​ត្រាំ​ប្រើពាក្យ «​បុរស​រ៉ុក្កែត​» នៅក្នុង​កិច្ចប្រជុំ​NATO​ក៏ពិតមែន ប៉ុន្តែ​លោក គីម មិនទាន់បាន​ប្រើពាក្យ​មិន​សមរម្យ​ណាមួយ​ដាក់​ប្រធានាធិបតី​អាមេរិក​នៅឡើយ​ទេ​។ 
​សេចក្តីថ្លែងការណ៍​មួយ​នេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ប៉ាក់ ជុង​ឆុន (Pak Jong Chon) នាយអគ្គសេនាធិការ​ក​ង​ទ័ព​ប្រជាជន​កូរ៉េខាងជើង បាន​ឆ្លើយតប​ទៅកាន់​មេដឹកនាំ​អាមេរិក​ថា កូរ៉េខាងជើង នឹង​ប្រើប្រាស់​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ការពារ​ពី​ការវាយប្រហារ​យោធា​ពី​សំណាក់​អាមេរិក​។ 
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៧ ជា​អំឡុងពេល នៃ​ភាព​តានតឹង​យ៉ាងខ្លាំង​រវាង​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន មេដឹកនាំ​គីម និង​ប្រធានាធិបតី ត្រាំ បាន​ឌឺដង​ផ្លែផ្កា​ដាក់គ្នា​ក​គ្នា​ទៅវិញទៅមក​។ ក្នុង​ពាក្យ​ឌឺដង​ទាំងនោះ លោក​ត្រាំ​បាន​ហៅ​មេដឹកនាំ​កូរ៉េខាងជើង​ថា « បុរស​រ៉ុក្កែត​តូច​» ខណៈពេល​លោក គីម​បាន​ហៅ​ប្រធានាធិបតី​អាមេរិក​ថា «​មនុស្ស​ចាស់​វង្វេងស្មារតី​»៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com