អន្តរជាតិ
ICC បាន​ទាត់ចោល​ពាក្យបណ្តឹង​របស់​ហ្វីលីពីន​ប្រឆាំង​ចិន​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង
06, Dec 2019 , 9:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូទើតេ (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីងនៅក្នុងប្រទេសចិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។ រូបភាព៖ AFP
ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូទើតេ (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីងនៅក្នុងប្រទេសចិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។ រូបភាព៖ AFP
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ ICC នៅ​ថ្ងៃទី​៥ ខែធ្នូ បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​អតីតមន្ត្រី​ហ្វីលីពីន​ពីររូប​លើ​ប្រទេស​ចិន​។ តាមរយៈ​សំណុំរឿង​មួយ​នេះ អតីតមន្ត្រី​ហ្វីលីពីន បាន​ប្តឹង​ចិន​ពី​ការប្រព្រឹត្ត «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។


 
​អតីតមន្ត្រី​ហ្វីលីពីន​ពីររូប លោក Albert del Rosario អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង លោកស្រី Conchita Carpio-Morales អតីត​ព្រះរាជអាជ្ញារ​អម​តុលាការ​ប្រឆាំង​អំពើពុករលួយ បានដាក់​ពាក្យ​ប្តឹង ទីក្រុង​ប៉េកាំង ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​ការប្រព្រឹត្ត​បទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»​។ 
 
​បើតាម​ការ​សំអាង​របស់​មន្ត្រី​ទាំងពីរ ចិន បាន​ហាមឃាត់​ជនជាតិ​ហ្វីលីពីន ពី​ការទាញយក​ធនធានធម្មជាតិ ការនេសាទ​បែប​បុរាណ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ហ្វីលីពីន ខណៈពេល​ទីក្រុង​ប៉េកាំង បាន​គាំទ្រ​សកម្មភាព​នេសាទ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​។ ការណ៍​នេះ វា​មិន​ត្រឹមតែ​ជាការ​រំលោភបំពាន​ច្បាប់​សមុទ្រ ឬ UNCLOS ឆ្នាំ​១៩៨២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ឲ្យ​មានការ​កើនឡើង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទៀត​។ នេះ​បើតាម​ពាក្យបណ្តឹង​របស់លោក Del Rosario និង​លោកស្រី Carpio-Morales ដែល​បានដាក់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាលពី​ថ្ងៃទី ២១ ខែមីនា​។ 
 
​យ៉ាងណាក៏ដោយ តុលាការ ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បាន​ទាត់ចោល​សំណុំរឿង​មួយ​នេះ ដោយសារ​ខ្វះ​យុត្តាធិការ​។ តាមរយៈ​របាយការណ៍​របស់ខ្លួន​ស្តីពី «​ការ​សកម្មភាព​ត្រួតពិនិត្យ​ជាបឋម ឆ្នាំ​២០១៩» តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​គូសបញ្ជាក់ថា ខ្លួន​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​ឡើង ដោយសារតែ​ខ្វះ​យុត្តាធិការ​បុគ្គល និង​ទឹកដី​។ 
​ក្នុងករណីនេះ តុលាការ​ទីក្រុង​ឡាអេ បាន​ពន្យល់ថា រឿង​ទាំងនោះ គឺ​កើត​នៅក្រៅ​សមុទ្រ​ដែនដី​របស់​ហ្វីលីពីន ឬ​ទឹកដី​របស់​ហ្វីលីពីន​។ ដូច្នោះ​តុលាការ គ្មាន​សមត្ថកិច្ច ក្នុងការ​ដោះស្រាយ​បញ្ហា​នេះឡើយ​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ លោក Del Rosario និង​លោកស្រី Carpio-Morales បាន​សន្យាថា ខ្លួន​នៅតែ​បន្ត​ស្វែងរក​ភស្តុតាង​ដដែល​។ ជាក់ស្តែង អតីតមន្ត្រី​ជាន់ខ្ពស់​ហ្វីលីពីន​ទាំងពីរ បាន​អះអាងថា ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិនបាន​លើកបណ្តឹងចោល​ទេ ហើយ​ព្រះរាជអាជ្ញា​នៅតែ​ចាំ​ទទួល​ភស្តុតាង ដើម្បី​ដំណើរ​នីតិវិធី​សំណុំរឿង​មួយ​នេះ​។​
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៣ ហ្វីលីពីន ក៏បាន​ដាក់ពាក្យ​ប្តឹង​ចិន​ទៅ​តុលាការ​ម​ជ្ឈិ​ត្ត​កម្ម​អចិន្ត្រៃយ៍ នៅ​ទី​ក្រុងឡាអេ​ដែរ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ ទើបតែ​នៅ​ឆ្នាំ​២០១៦​ទេ តុលាការ​ម​ជ្ឈិ​ត្ត​កម្ម បានចេញ​សេចក្តីសម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​លើ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវបាន​ទីក្រុង​ប៉េកាំង​ទាត់ចោល​សេចក្តីសម្រេច  ៕

Tag:
 ចិន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com