កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជាបានមេដាយសរុប២៣ ហើយនឹងទទួលបន្ថែមទៀតពីប្រដាល់សកល និងគុនខ្មែរ សុខ ចាន់មាន និងយ៉ែម បូរ៉ា ទទួលបានមេដាយប្រាក់លើវិញ្ញាសាវាយគូបុរស ក្រោយចាញ់ថៃ នៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត Camsoc
× កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ប៉េតង់វាយគូបុរស ទទួលបានមេដាយប្រាក់ ដែលធ្វើឲ្យចំនួនមេដាយរបស់កម្ពុជាឡើងសរុបដល់២៣ ក្នុងនោះមានមាស២ ប្រាក់៤ និងសំរឹទ្ធ១៧ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន។ តាមពិតទៅ កម្ពុជាមានមេដាយសំរឹទ្ធ២ទៀតទៅហើយពីកីឡាករប្រដាល់សកល ប៉ុន្តែនៅរង់ចាំពិធីបំពាក់ផ្លូវការប៉ុណ្ណោះ។
បច្ចប្បន្ន ប្រដាល់សកល និងគុនខ្មែរ មានវិញ្ញាសាមួយចំនួនស្ថិតនៅក្នុងតំបន់មេដាយទាំងតាមរយៈការឆ្លងកាត់ការប្រកួតជម្រុះ និងការឡើងដោយស្វ័យប្រវត្តិ។ ក្រុមបាល់ទះកម្ពុជា បានប្រកួតចុងក្រោយក្នុងពូលជាមួយនឹងជ័យជម្នះ ៣-២ លើវៀតណាម ប៉ុន្តែអស់ឱកាសប្រជែងយកមេដាយហើយ។ កីឡាហែលទឹក យូដូ អត្តពលកម្ម វាយកូនឃ្លីលើតុ ទូកក្តោង ហុកគី វាយកូនគោល និងបាល់បោះ ក៏មានសកម្មភាពប្រកួតផងដែរ កាលពីម្សិលមិញ ប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយ។
កីឡាករប្រដាល់សកល សៅ រង្សី បានប្រកួតចាញ់កីឡាករឥណ្ឌូណេស៊ី Langu Kornelis ក្នុងលទ្ធផល ៥-០ ប៉ុន្តែត្រូវទទួលបានមេដាយសំរឹទ្ធ។ ជាមួយគ្នានេះ កីឡាករ ស៊ីវ សុខម៉េង ដែលបានយកឈ្នះកីឡាករឡាវ Khotsombath Kalanh ត្រូវទទួលមេដាយសំរឹទ្ធផងដែរ ក្រោយពីគេបានកីឡាករវៀតណាម Nguyen Manh Cuong ក្នុងទម្ងន់៧៥គីឡូក្រាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករទាំងពីររង់ចាំតែពិធីបំពាក់មេដាយផ្លូវការប៉ុណ្ណោះ ក្រោយរកឃើញអ្នកឈ្នះមេដាយមាស និងប្រាក់។
កីឡាការិនី វី ស្រីខួច កំពុងរង់ចាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងទម្ងន់៦០គីឡូក្រាម រីឯកីឡាករប្រដាល់សកលមួយរូបទៀតដែលឈានចូលទៅតំបន់មេដាយផងដែរនោះ គឺកីឡាករ យ៉ុង ដារ័ត្ន ដែលបានយកឈ្នះកីឡាករទីម័រខាងកើត Quintas Da Silva Jonezi Emanuel ក្នុងទម្ងន់៦៤គីឡូក្រាម នៅវគ្គ១/២ផ្តាច់ព្រ័ត្រ។
ងាកទៅប្រភេទកីឡាគុនខ្មែរឯណោះវិញ បន្ទាប់ពីបានយកឈ្នះកីឡាករឡាវ Banxabeth Soubinh កីឡាករ ឡៅ ចិត្រា កំពុងត្រៀមខ្លួនជួបជាមួយកីឡាករថៃ Khundam Norapat នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កាលពីម្សិលមិញ កីឡាករ វ៉ាន់ វឿន បានយកឈ្នះកីឡាករវៀតណាម Nguyen Quang Huy ក្នុងទម្ងន់៥៤គីឡូក្រាម ហើយត្រូវបន្តប៉ះជាមួយកីឡាករហ្វីលីពីន Lampacan Ariel Lee នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រៅពីឡៅ ចិត្រា និង វ៉ាន់ វឿន កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង ក៏មានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់៤៨គីឡូក្រាមជាមួយកីឡាករថៃ Chittra Naruephon នៅថ្ងៃនេះផងដែរ។
មកដល់ពេលនេះ មេដាយដែលកម្ពុជាទទួលបានផ្លូវការរួមមាន មាស២ ប្រាក់៤ សំរឹទ្ធ១៧ សរុប២៣មេដាយ
កីឡា Arnis៖ មាស ១ ប្រាក់២ និងសំរឹទ្ធ១៧
-កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១
-កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១
-កីឡាការិនី បូ ចន្ធី សំរឹទ្ធ២
-កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២
-កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២
-កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២
-កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២
-កីឡាករ សុខ ឈុន សំរឹទ្ធ២
-កីឡាករ ឆេម សីឡា សំរឹទ្ធ២
-កីឡាការិនី អេង ស៊ូម៉ាឡា សំរឹទ្ធ២
កីឡាប៉េតង់៖ មាស១ ប្រាក់១
-ក្រុមនារីបីទល់បី (ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា) មេដាយមាស ១
-វាយគូបុរស (សុខ ចាន់មាន និងយ៉ែម បូរ៉ា) មេដាយប្រាក់១
កីឡាសីប៉ាក់តាក្រ (សីដក់)៖ ប្រាក់១
-ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា, ឈន សុខុម, ឈុំ ហាប់ឈុន, ជាតិ ខេមរិន្ទ) ប្រាក់១
*** ប្រដាល់សកល៖ សំរឹទ្ធ២ (រង់ចាំពិធីបំពាក់ផ្លូវការ)
-កីឡាករ សៅ រង្សី សំរឹទ្ធ១
-កីឡាករ ស៊ីវ សុងម៉េង សំរឹទ្ធ១
© រក្សាសិទ្ធិដោយ thmeythmey.com