កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កុំ​ភ្លេច​ជំនួប​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កម្ពុជា vs វៀតណាម នៅ​ម៉ោង​៧​ល្ងាច​នេះ​!
07, Dec 2019 , 10:44 am        
រូបភាព
លោក Felix Dalmas និងលោក Park Hang-Seo  នាសន្និសីទសារព័ត៌មានមុន​ការប្រកួត។ រូបថត FFC
លោក Felix Dalmas និងលោក Park Hang-Seo នាសន្និសីទសារព័ត៌មានមុន​ការប្រកួត។ រូបថត FFC
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា នឹង​បង្ហាញ​ជា​ប្រវត្តិសាស្ត្រ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដោយ​ត្រូវ​ប៉ះ​ជាមួយ​វៀតណាម នា​ម៉ោង​៧​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ នៅ​កីឡដ្ឋាន Rizal Memorial ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ជំនួប​មួយគូ​ទៀត មី​យ៉ាន់​ម៉ា ត្រូវ​តទល់​ជាមួយ​ឥណ្ឌូណេស៊ី នា​វេលា​ម៉ោង​៣​រសៀល​។​

 
«​យើង​ត្រៀមខ្លួន​បានល្អ ហើយ​យើង​តែងតែមាន​សង្ឃឹម និង​ឆន្ទៈ​ចង់​ឈ្នះ​រាល់​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas គ្រូបង្វឹក U22 កម្ពុជា នា​សន្និសីទ​សារព័ត៌មាន មុន​ការប្រកួត​មួយថ្ងៃ​។ គ្រូ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​បន្ថែមថា វា​ជា​ឱកាស​ដ៏​ល្អ​បន្ថែមទៀត​សម្រាប់​កម្ពុជា​ដែល​ត្រូវ​លេង​ជាមួយ​ក្រុម​វៀតណាម​ដែលមាន​ទេពកោសល្យ និង​គ្រូបង្វឹក​ពោរពេញ​ដោយ​បទពិសោធន៍​។​
 
​លោក Felix បាន​និយាយ​ជាមួយនឹង​សារ​លើកទឹកចិត្ត​ថា​៖ «​កីឡាបាល់ទាត់​គឺ​អ្វីៗ អាច​កើតឡើង​ទាំងអស់​។ មនុស្ស​មិន​ច្រើន​ទេ​ដែល​គិតថា យើង​ឈាន​មកដល់​វគ្គ​នេះ ហើយ​សម្រាប់​ការប្រកួត​នេះ អ្វីៗ​ក៏​អាចទៅរួច​ដូចគ្នា​»​។​
 
​រីឯ​លោក Park Hang-Seo គ្រូបង្វឹក U22 ឯណោះ​វិញ  លោក​ទទួលស្គាល់ថា ជាការ​ប្រកួត​ដ៏​លំបាក​ព្រោះ​កម្ពុជា​ដែល​ស្ថិតនៅក្នុង​ពូ​ល A បាន​លេង​តិចជាង​មួយ​ប្រកួត​។ លោក​បាន​បន្ថែមថា​៖ «​ពួកគេ​ចំណេញ​ពេល​សម្រាក​បាន​មួយថ្ងៃ តែ​យើង​នឹង​ប្រឹងប្រែង​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​»​។ 
 
​ខណៈ​កម្ពុជា​ទើប​មានឱកាស​បង្ហាញខ្លួន​លើកដំបូង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ វៀតណាម​នឹងមាន​វត្តមាន​ជា​លើក​ទី​១៦ ដោយ​ពួកគេ​ធ្លាប់​បានឈ្នះ​ជើងឯក​តែមួយ​លើក​ប៉ុណ្ណោះ នា​ព្រឹត្តិការណ៍​បើកឆាក​កីឡា​ស៊ី​ហ្គេម​លើកដំបូង​នៅ​ឆ្នាំ​១៩៥៩ ដែល​កាលណោះ​ក្នុងនាម​ជា​វៀតណាម​ខាងត្បូង​។  ក្នុងចំណោម​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​១៥​លើក​កន្លងមក ក្រៅពី​បាន​មេដាយមាស​១​លើក វៀតណាម​បាន​មេដាយប្រាក់​ដល់​ទៅ​៧​លើក និង​មេដាយ​សំរឹទ្ធ​៥​លើក​។​
​នេះ​ជា​ជំនួប​លើក​ទី​៤​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដោយ​វៀតណាម​បានឈ្នះ​ទាំង​៣​លើក​កន្លងមក ក្នុង​លទ្ធផល ៤-០ នា​ឆ្នាំ​១៩៩៥, ៦-១ នា​ឆ្នាំ​២០០៩ និង​៤-១ កាលពី​ឆ្នាំ​២០១៧ ៕
 

Tag:
 បាល់ទាត់​
  SEAGames
  ស៊ី​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com