ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ការណែនាំ​អំពី​ដំណើរការ​នៃ​ការទិញ​អចលនទ្រព្យ​ដែល​លក់​បន្ត​
08, Dec 2019 , 8:29 am        
រូបភាព
ផ្ទះក្នុងបុរីដែលមានប្រជាជនរស់នៅស្រាប់
ផ្ទះក្នុងបុរីដែលមានប្រជាជនរស់នៅស្រាប់
ដោយ: ថ្មីៗ
​ការទិញ​អចលនទ្រព្យ គឺជា​រឿង​មួយ​ដែល​ងាយស្រួល ប្រសិនបើ​អ្នកមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​វា ឬ​មិនចាំបាច់​មាន​លុយ​គ្រប់គ្រាន់​ក៏បាន ដោយ​លោកអ្នក អាច​ទិញ​វា​តាម      រយៈ​ការបង់​រំលស់ ឬ​ខ្ចីលុយ​ពី ធនាគារ​ជាដើម​។ នេះ​ជាការ​គិត​បែប​សាមញ្ញ និង​ទូទៅ​បំផុត​សម្រាប់​សាធារណៈជន​ទូទៅ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ អ្នកទិញ​ភាគច្រើន​មិនបាន​ដឹង ឬ​យល់​ឲ្យ​ស៊ីជម្រៅ​ពី​របៀប ឬ​ដំណើរការ​នៃ​ការទិញ អចលនទ្រព្យ​ណាមួយ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន ឬ​តាម​វិធីសាស្ត្រ​ណែនាំ​របស់​អ្នកជំនាញ មេធាវី ឬ​អ្នកជំនាញ​ផ្នែក​ច្បាប់ ឬ​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ​ណា​ម្នាក់​។​

​ឬ​អាច​និយាយបានថា ការដែល​លោកអ្នក​មាន​ត្រឹមតែ​លុយ ហើយ​ចង់​ទិញ​អចលនទ្រព្យ​ណាមួយ​មិនមែន ជា​រឿង​ងាយស្រួល​ដូច​ការគិត​របស់​អ្នក​នោះទេ ប៉ុន្តែ​គឺ​ត្រូវ​គិតពី​កត្តា​មួយចំនួន ឬ​វិធីសាស្ត្រ​នៃ​ការទិញ ដែល​បាន​ណែនាំ​ដោយ​អ្នកជំនាញ​អចលនទ្រព្យ អ្នកច្បាប់​មេធាវី​ជាដើម ដើម្បី​ជៀសវាង​ការទិញ​អចលនទ្រព្យ​ខុស ឬ​គេ​និយម​ហៅថា​«​ទិញ​អចលនទ្រព្យ​ត្រូវ​ទទួលបាន​អចលនទ្រព្យ មិនមែន​ទិញ​អចលនទ្រព្យ​ទទួលបាន​ក្រដាស​នោះទេ​»​។ 
 
​ដំណើរការ ឬ​របៀប​នៃ​ការទិញ​អចលនទ្រព្យ មាន​ពីរ​ប្រភេទ​ផ្សេងគ្នា គឺ​ការទិញ​អចលនទ្រព្យ ដែល​ប្រកាស​លក់​នៅក្នុង​គម្រោង (​សំដៅ​លើផ្ទះ​មិនទាន់​សាងសង់​រួច ឬ​កំពុង​សាងសង់​) និង​មួយទៀត​គឺ​ការទិញ​អចលនទ្រព្យ ដែល​ទិញ​ម្តង​ហើយ ឬ​ច្រើនដង​ហើយ ប៉ុន្តែ​អចលនទ្រព្យ​នោះ​ត្រូវបាន​ម្ចាស់​ដែល​ទិញ​នោះ​ដាក់លក់​បន្ត​។​
 
​នៅទីនេះ យើង​នឹង​លើកយក​ដំណើរការ នៃ​ការទិញ​អចលនទ្រព្យ​ដែល​ដាក់លក់​បន្ត​នោះមក​ពន្យល់​។ ការទិញ​អចលនទ្រព្យ​ដែល​លក់​បន្ត បានផ្តល់​គុណសម្បត្តិ​ល្អ​មួយ​សម្រាប់​អ្នកទិញ ព្រោះថា​ការទិញ​អចលនទ្រព្យ​បែបនេះ លោកអ្នក​មិនចាំបាច់​រង់ចាំ​រហូតដល់​ផ្ទះ​សាងសង់​រួចហើយ ដូច​ការទិញ​ផ្ទះ​នៅក្នុង​គម្រោង​នោះទេ គឺ​ទិញ​ភ្លាម​បាន​ចូល​នៅ​ភ្លាម និង​គ្រប់គ្រង អាស្រ័យ​ផល និង​កាន់កាប់​អចលនទ្រព្យ ក្នុង​សុបិន​របស់លោក​អ្នក​ដោយ​ស្របច្បាប់​ភ្លាមៗ​។​
 
​ឆ្លង់កាត់​តាម​បទពិសោធន៍ និង​ការស្រាវជ្រាវ​បន្ថែម មុន​លោកអ្នក​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ណាមួយ (​ប្រភេទ​ដាក់លក់​បន្ត​) លោកអ្នក​ត្រូវ​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម​៖
 
១ ស្រាវជ្រាវ​ផ្លូវច្បាប់ (Conducting a Due Diligence) 
​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នកទិញ​អចលនទ្រព្យ​គ្រប់​ប្រភេទ ទោះជា​ប្រភេទ ដី​ទំនេរ ឬ​ដី​មាន​សំណង់ (​ផ្ទះ​) ខុន​ដូ សណ្ឋាគារ ឬ​អចលនទ្រព្យ​ណាមួយ​ក៏ដោយចុះ លោកអ្នក​ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ជាមុន ដើម្បី​ប្រាកដថា​អចលនទ្រព្យ​នោះ មាន​ភាពស្របច្បាប់ អាច​លក់ និង​ទិញ​បាន ដោយ​មិនមាន​បញ្ហា ឬ​វិវាទ​ផ្លូវច្បាប់​ណាមួយ​នោះទេ ។​
 
​ការ​ស្រាវ​ផ្លូវច្បាប់ គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ចម្បងៗ​ចំនួន ៣ គឺ​៖
-   ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ម្ចាស់​អចលនទ្រព្យ ដែល​លក់​បន្ត​នោះ ថា​តើ​គាត់​ពិតជា​ម្ចាស់ ពិតប្រាកដ និង​ជា​ម្ចាស់​ស្របច្បាប់​ដែរឬទេ​? និង​ដើម្បី​កំណត់​ពី​ប្រវត្តិ​នៃ​ការកាន់កាប់ អចលនទ្រព្យ តាំងពី​ម្ចាស់​ដើមដំបូង រហូតដល់​ម្ចាស់​ដែល​លក់​បន្ត​នេះ តើ​មាន​ប៉ុន្មាន​តំណ​ហើយ តើ​អចលនទ្រព្យ​នោះ មាន​ប្រវត្តិ​នៃ​ការកាន់កាប់​យ៉ាងណាខ្លះ​? ហើយ​ក្នុង​នេះដែរ លោកអ្នក​ក៏​អាច​សិក្សា​ពី​ប្រវត្តិ​នៃ​ការបង់ពន្ធ​ជូន​រដ្ឋ ដូចជា​ករណី​ដី​ទំនេរ​មិន​ប្រើប្រាស់​ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​ប្រថាប់ត្រា សម្រាប់​ការផ្ទេរសិទ្ធិ​ពីមុនៗ​។​ល​។ 
 
​នៅក្នុង​ចំណុច​នេះ​ផងដែរ លោកអ្នក​ត្រូវ​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​ដែល​ដាក់លក់​បន្ត​នោះ ពិសេស គឺ​ឯកសារ​កាន់កាប់​អចលនទ្រព្យ​នោះ ឬ​ឯកសារ​បញ្ជាក់​ពី​កម្មសិទ្ធិ​ស្របច្បាប់​នៃ​អចលនទ្រព្យ​ដែល​លក់​បន្ត​នោះ មានដូចជា ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ឯកសារ​ប្លង់​ទន់ មានដូចជា លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ជាដើម និង​ឯកសារ​ទិញ​លក់ និង​ឯកសារ​ផ្ទេរសិទ្ធិ​ផ្សេងៗ ដែល​អ្នកលក់​បន្តបាន​ទិញ​ពី​ម្ចាស់​អចលនទ្រព្យ​ដើម ឬ​ម្ចាស់​គម្រោង​ណាមួយ បូករួម​នឹង​ឯកសារ​បញ្ជាក់​ពី​ការបង់ពន្ធ​អចលនទ្រព្យ (​ពន្ធ​ប្រថាប់ត្រា ឬ​ពន្ធ​លើ​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​) ពី​ម្ចាស់​ដើម មក​អ្នកលក់​បន្ត​នេះ​។ 
​បញ្ជាក់​៖ ឯកសារ​ទាំងនោះ ត្រូវតែ​ជា​ឯកសារ​ច្បាប់ដើម (​មិនមែនជា​ឯកសារ​ថតចម្លង​)​។​
 
- ដើម្បី​កំណត់ ឬ​ស្វែងរក​ឲ្យ​ឃើញ​បញ្ហា​វិវាទ​ផ្សេងៗ នៅលើ​អចលនទ្រព្យ​ដែល​លក់​បន្ត​នោះ ថា​តើ​វា​កំពុងមាន​វិវាទ​ឬទេ មានការ​ឈ្លោះ​ដណ្តើម​កេរ មាន​ដីកាហាមឃាត់​របស់​តុលាការ ដីកា​ក្សា​ការពារ ឬ​បណ្តឹង​ជំទាស់​មិន​ឲ្យ​មានការ​លក់ដូរ និង​ផ្ទេរ​អចលនទ្រព្យ​នេះ​ពី​ជន​ណាមួយ ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ជាដើម ។​
 
-  ដើម្បី​កំណត់ ឬ​ស្វែងរក​ឲ្យ​ឃើញ​នូវ​បន្ទុកលើអចលនទ្រព្យ មានដូចជា ជាប់​ដាក់បញ្ចាំ នៅ​ធនាគារ ខ្ចីប្រាក់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ ឬ​ជាប់​ខ្ចីប្រាក់​ស្ថាប័ន ឬ​បុគ្គល​ឯកជន​ណាមួយ ដោយបាន​យក​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​ភោគៈ​នៃ​អចលនទ្រព្យ ដែល​ដាក់ លក់​បន្ត​នោះ​ទៅ​ធានា​កម្ចី​នោះ​ជាដើម​។ បើ​រកឃើញ​ករណី​អស់នេះ លោកអ្នក​មិនត្រូវ​ទិញ វា​នោះទេ វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ឈឺក្បាល ឬ​បើ​លោកអ្នក​ចង់​ទិញ​ត្រូវតែ​ដោះស្រាយ​បញ្ហា នោះ​ឲ្យ​ចប់​ជាមុនសិន (​គឺ​ត្រូវ​ដោះ​បន្ទុក​អចលនទ្រព្យ​នោះ ឲ្យ​ជ្រះស្រឡះ​ជាមុនសិន​) ។​
 
២ ស្វែងរក​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ 
​នេះ​គឺ​ដើម្បី​ឲ្យ​ជួយ​ពិគ្រោះ​យោបល់ និង​វាយតម្លៃ​អចលនទ្រព្យ ដើម្បី​ឲ្យ​លោកអ្នក​អាច​កំណត់ ដឹង​ពី​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​មួយ ដែល​អាច​ទទួលយកបាន និង​សាក​សម​សម្រាប់​ដំណើរការ​នៃ​ការលក់​ទិញ​នោះ​។ អ្នកជំនាញ អាចជួយ​ប្រឹក្សា​យោបល់​ផ្សេងៗ ទៅលើ​តម្លៃ​លក់​ទិញ​អចលនទ្រព្យ ទីតាំង​សមរម្យ ឬ​មិន​សមរម្យ ប្រភេទ​អចលនទ្រព្យ​ល្អ ឬ​មិនល្អ ទីតាំង​មាន​សក្តានុពល ឬ​មិនមាន អាច​ទិញ​ទុក​លក់​ចំណេញ ឬ​គ្រាន់តែ​អាច​ស្នាក់នៅ​ធម្មតា ឬ​អាច​បើក​រកស៊ី​អ្វី បាន​ខ្លះ​? ជាដើម​។ ដូច្នេះ ការស្វែងរក​ជំនួយ​ពី​សំណាក់ អ្នកជំនាញ​អចលនទ្រព្យ គឺ​វា​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​លោកអ្នក​មិនទាន់មាន​បទពិសោធន៍​ច្បាស់លាស់ ឬ​មានចំណេះ​លើ ការលក់​ទិញ​អចលនទ្រព្យ​នេះ ។​
 
៣ ចរចារ​តម្លៃ​លក់​ទិញ​អចលនទ្រព្យ​ដែល​ដាក់លក់​បន្ត​នោះ​
​ដំណាក់កាល​នេះ លោកអ្នក​អាច​រួមបញ្ចូល ការដាក់សំណើ​ទិញ (Make an Offer) ឬ លិខិតស្នើ​ទិញ (Letter of Intent) ដើម្បី​ស្នើសុំ​ទិញ​អចលនទ្រព្យ​ណាមួយ ដែល​លោកអ្នក​ចង់​ទិញ ដោយ​ស្នើ​តម្លៃ​ទិញ ភ្ជាប់​នឹង​លក្ខខណ្ឌ​បង់ប្រាក់ និង​លក្ខខណ្ឌ​អនុវត្ត​មួយចំនួនទៀត​។ 
 
​ក្រោយពី​អ្នកលក់​បាន​យល់ព្រម​តាម​សំណើ​ទិញ ពី​អ្នកទិញ​ហើយ អ្នកលក់​អាច​ចេញ​លិខិត​មួយ​ជូន អ្នកទិញ (Letter of Offer) ទៅ​ឲ្យ​អ្នកទិញ​វិញ ដើម្បី​បញ្ជាក់​ពី​ការយល់ព្រម​លក់ អចលនទ្រព្យ​របស់គាត់ ក្នុងតម្លៃ​ណាមួយ ដោយ​ភ្ជាប់​ទៅជា​មួយ​នូវ​លក្ខខណ្ឌ​យល់ព្រម ពី អ្នកលក់​។ នៅពេល​ព្រមព្រៀងគ្នា​អស់ហើយ អ្នកទិញ​អាច​ណាត់ជួប ជាមួយ​អ្នកលក់​ដើម្បី​កក់​ប្រាក់​។​
 
៤ ការ​កក់​ប្រាក់ ថ្លៃ​ទិញ​-​លក់​
 (​ផ្ទះ​ដាក់លក់​នៅតាម​បណ្តោយ​ផ្ទះ​ធំ​)
​ការ​កក់​ប្រាក់​ថ្លៃ​លក់​ទិញ​អចលនទ្រព្យ អាចមាន​ពីរ​របៀប ឬ​ពីរ​យ៉ាង​តាម​ការនិយម និង​អនុវត្ត​កន្លងមក សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​៖
​ទី​១ ការ​កក់​ពាក្យសម្តី កក់​ភ្ជាប់​ពាក្យសម្តី ឬ​អ្នកច្បាប់​ហៅថា​«​កក់​ធានា​»​។ ការ​កក់​ប្រាក់​ធានា​នេះ គឺជា​ការ​កក់​ប្រាក់​ដើម្បី​ភ្ជាប់​ពាក្យសម្តី ឬ​ដើម្បី​បញ្ជាក់ថា អ្នកទិញ​ចង់​ទិញ​អចលនទ្រព្យ​នេះហើយ ប៉ុន្តែ​ត្រូវការ​ពេលវេលា​ទៅ​ពិចារណា​ជាមួយ​ដៃគូ ឬ​ត្រូវការ​ពេលវេលា​ដើម្បី​ប្រមូល​លុយ​ឲ្យ​គ្រប់គ្រាន់ សម្រាប់​យកមក​ទិញ​អចលនទ្រព្យ​នេះ​ជាដើម​។ ការ​កក់​នេះ ជាទូទៅ អ្នកទិញ​សុំ​ពេលវេលា​ពី​អ្នកលក់​ត្រឹម​ពេល​ខ្លី ៣ ថ្ងៃ ឬ​យ៉ាងយូរ ១ អាទិត្យ ដោយ​អ្នកទិញ​ស្នើសុំ​ឲ្យ​អ្នកលក់ បិទ​ការលក់​អចលនទ្រព្យ​នេះ ទៅ​ឲ្យ​អ្នកផ្សេង ក្នុង​រយៈពេល​កក់​ប្រាក់​ធានា​នេះ ហើយ​ប្រសិនបើ​ផុតកំណត់ រយៈពេល​ស្នើសុំ​នោះ​ហើយ អ្នកលក់​មាន​សិទ្ធិ​យកប្រាក់​កក់​ធានា​នោះ ហើយ​បើក​ការលក់​អចលនទ្រព្យ​បន្ត ។​
 
​ទី​២ កក់​ប្រាក់​នៅក្នុង​កិច្ចសន្យា​៖  នេះ​ជា​ដំណាក់កាល​កក់​ប្រាក់​នៅក្នុង​កិច្ចសន្យា លក់​ទិញ​អចលនទ្រព្យ ដោយ​ការ​កក់​ប្រាក់​របៀបនេះ គេ​អាច​កក់​ប្រាក់​ចន្លោះ​ពី ៥% ១០% ឬ​២០%​ជាដើម ហើយ​ពេលខ្លះ​គេ​និយម ហៅ​ប្រាក់​កក់​នេះ ថា​ជា​ប្រាក់​បង់​លើក​ទី​១ ក៏បាន​។ ការ​កក់​ប្រាក់​នេះ​ជាទូទៅ​ត្រូវបាន​ធ្វើឡើង ដើម្បី​បើកឱកាស​ឲ្យ​អ្នកទិញ​សិក្សា ស្រាវជ្រាវ​ផ្លូវច្បាប់​ដើម្បី​កំណត់ថា​អចលនទ្រព្យ ដែល​ដាក់លក់​នេះ​មាន​ភាពស្របច្បាប់ មិនមាន​បញ្ហា ឬ វិវាទ ហើយ​ជាទូទៅ​គេ​ទុក​រយៈពេល ១ អាទិត្យ ដើម្បី​ឲ្យ​អ្នកទិញ​ស្រាវជ្រាវ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​។​
 
៥ ដំណាក់កាល​រៀបចំ​កិច្ចសន្យា​ទិញ​-​លក់​
​នេះ​ជា​ដំណាក់កាល​សំខាន់បំផុត សម្រាប់​ទាំង​អ្នកលក់ និង​អ្នកទិញ ដោយ​ពួកគាត់​ត្រូវ​ជួបចរចា​គ្នា​យ៉ាង​ហ្មត់ចត់ ទៅលើ​តម្លៃ​លក់​ទិញ លក្ខខណ្ឌ​បង់ប្រាក់ កាតព្វកិច្ច​ផ្សេងៗ​របស់​គូភាគី ការចុះបញ្ជី​អចលនទ្រព្យ ការផ្ទេរសិទ្ធិ និង​ការបង់ពន្ធ​អចលនទ្រព្យ​ជាដើម​។​
 
​ដើម្បី​រៀបចំ​កិច្ចសន្យាលក់​ទិញ​អចលនទ្រព្យ​មួយ ឲ្យ​បាន​ត្រឹមត្រូវ មាន​វិជ្ជាជីវៈ អាច​យល់ និង​ទទួលយកបាន ពី​គូភាគី​នៃ​កិច្ចសន្យា​។ ជា​ប្រការ​ល្អ ដើម្បី​ជៀសវាង​បញ្ហា អ្នក​គួរ​ស្វែងរក​សេវាកម្ម​ផ្នែក​ច្បាប់ ឬ​មេធាវី ដើម្បី​ឲ្យ​ជួយ​រៀបចំ​កិច្ចសន្យាលក់ ទិញ​អចលនទ្រព្យ​នេះ និង​ឲ្យ​ជួយ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ លើ​ការលក់​ទិញ​អចលនទ្រព្យ​នេះ​ផង ពីព្រោះ​បើ​មិនមាន​មេធាវី ឬ​អ្នកច្បាប់​ជួយ​ទេ វា​រមែង​ជួប​បញ្ហា​មួយចំនួន​។ នេះ​បើតាម​បទពិសោធន៍​កន្លងមក ដែល​ការលក់​ទិញ​អចលនទ្រព្យ​មិន​ប្រើប្រាស់​មេធាវី ឬ​អ្នកច្បាប់​ជា​ជំនួយ ទាំង​ការរៀបចំ​កិច្ចសន្យា និង​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​។ 
 
៦ ការចុះបញ្ជី​អចលនទ្រព្យ ការផ្ទេរសិទ្ធិ​អចលនទ្រព្យ និង​ការបង់ពន្ធ​
​នេះ​ជា​ដំណាក់កាល​សំខាន់​មួយ​ដែរ ក្នុង​ដំណើរការ​នៃ​ការលក់​ទិញ​អចលនទ្រព្យ​។ អ្នកទិញ​មុនពេល​ទិញ​អចលនទ្រព្យ ត្រូវ​ជជែក​គ្នា​ជាមុន​ថា តើ​អចលនទ្រព្យ​ដែល​ត្រូវ​ទិញ​នោះ ជា​អចលនទ្រព្យ​ប្រភេទ​ប្លង់រឹង (​ចុះបញ្ជី​រួច​) ឬ​ប្លង់​ទន់ (​មិនទាន់​ចុះបញ្ជី​) ហើយ​ត្រូវ​ជជែក និង​ព្រមព្រៀងគ្នា​ឲ្យ​ច្បាស់​ថា តើ​ភាគី​ណាមួយ​ជា​អ្នកទទួលខុសត្រូវ​រត់​ការចុះបញ្ជី ឬ​ផ្ទេរសិទ្ធិ​កាត់ឈ្មោះ​អចលនទ្រព្យ ពី​អ្នកលក់​មក​ឲ្យ​ឈ្មោះ​របស់​អ្នកទិញ ហើយ​ភាគី​ណាមួយ​ជា​អ្នកទទួលបន្ទុក​បង់ពន្ធ​លើ​ការផ្ទេរសិទ្ធិ (​ពន្ធ​ប្រថាប់ត្រា​) ជាដើម​។ 
 
​ភាគី​អ្នកលក់ និង​អ្នកទិញ​ត្រូវ​ជជែក​គ្នា​ឲ្យ​ច្បាស់ និង​សរសេរ​វា​ចូលក្នុង​កិច្ចសន្យាលក់​ទិញ ជៀសវាង​ការភ័ន្តច្រឡំ ឬ​ប្រកែក​ទាស់ទែង​គ្នា​ចំពោះ​ការងារ​ទាំងនេះ​។ ជាទូទៅ ការងារ​ចុះបញ្ជី អចលនទ្រព្យ (​ធ្វើ​ប្លង់រឹង​) ការផ្ទេរសិទ្ធិ​កាត់ឈ្មោះ និង​ការបង់ពន្ធ គឺជា​ការទទួលខុសត្រូវ ទាំងស្រុង​របស់​អ្នកលក់ ខណៈ ដែល​ការបង់ពន្ធ​ប្រថាប់ត្រា​ក្នុង​ច្បាប់ បាន​សរសេរ​យ៉ាងច្បាស់​ថា គឺ​អ្នកទិញ​គឺជា​អ្នកទទួលបន្ទុក​បង់ ដោយសារ​គាត់​ជា​អ្នកទទួលផល​ចុងក្រោយ​។ ម្យ៉ាងវិញទៀត សម្រាប់​ការរត់​ការចុះ​បញ្ជី ឬ​ផ្ទេរសិទ្ធិ​កាត់ឈ្មោះ ពេលខ្លះ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ខ្ពស់ អ្នកទិញ​គឺជា​អ្នក​យកមក​រត់ការ​ខ្លួន​ឯង ដោយមាន​កិច្ចសហការ​យ៉ាង​រលូន ពី​អ្នកលក់​អចលនទ្រព្យ​។
៧ ដំណាក់កាល​ប្រគល់​ប្លង់ និង​បង់លុយ​ផ្តាច់​ថ្លៃ​លក់​ទិញ​អចលនទ្រព្យ​
​នេះ​ជា​ដំណាក់កាល​ចុងក្រោយ​គេ​បង្អស់ ក្នុង​ដំណើរ​ការលក់ និង​ទិញ​អចលនទ្រព្យ ដោយ​ក្រោយពី​ដំណើរការ​នៃ​ការចុះបញ្ជី ឬ​ផ្ទេរសិទ្ធិ​កាត់ឈ្មោះ​អចលនទ្រព្យ និង​បង់ពន្ធ​បាន ចប់សព្វគ្រប់​ហើយ អ្នកលក់​មាន​កាតព្វកិច្ច​ត្រូវប្រគល់​ប្លង់ ដែល​បាន​ចុះបញ្ជី​រួចហើយ  ឬ​ផ្ទេរសិទ្ធិ​រួចហើយនោះ ឲ្យ​ទៅ​អ្នកទិញ ហើយ​អ្នកទិញ​ត្រូវប្រគល់​លុយ​បង្គ្រប់ ថ្លៃ​លក់​ទិញ​អចលនទ្រព្យ​នោះ ទៅ​ឲ្យ​អ្នកលក់ ដើម្បី​បញ្ចប់​ការលក់​ទិញ​អចលនទ្រព្យ​ជា​ស្ថាពរ​។​
 
​នេះ​ជាការ​អនុវត្ត និង​បទពិសោធន៍​កន្លងមក​ដែល​សេវាកម្ម​មេធាវី ឬ​អ្នកច្បាប់ គេ​តែង​ផ្តល់យោបល់​ឲ្យ​ធ្វើ និង​អនុវត្តតាម​សម្រាប់​រាល់​ការលក់ និង​ទិញ​អចលនទ្រព្យ ប្រភេទ​លក់​បន្ត (Resale Property)​។ ឲ្យ​តែ​លោកអ្នក​ធ្វើតាម​ការណែនាំ​ខាងលើនេះ នោះ​ការលក់​ទិញ​អចលនទ្រព្យ​របស់លោក​អ្នក នឹងមាន​សុវត្ថិភាព​ខ្ពស់ និង​ជៀសផុត​ហានិភ័យ​។ 
 
​ទោះជា​យ៉ាងណាក៏ដោយ មិនមែន​ខ្លឹមសារ ឬ​រូបមន្ត​ខាងលើ គឺជា​វិធីសាស្ត្រ​ដាច់ខាត ឬ​ល្អ​តែមួយគត់​ដែល​ត្រូវតែ​អនុវត្ត តាម​នោះទេ វា​ក៏​អាច​នៅមាន​ចំណុច​បន្ថែម ឬ​ដកចេញ​ខ្លះ អាស្រ័យទៅលើ​ការលក់​ទិញ​នោះ វា​មាន​ទំហំ​ប៉ុណ្ណា ទឹកប្រាក់​ប៉ុណ្ណា​? ស្មុគស្មាញ​ប៉ុណ្ណា​? មានន័យថា បើ​អចលនទ្រព្យ ដែលជា​កម្មវត្ថុ​នៃ​ការលក់​ទិញ​នោះ​មាន​វា​ទំហំ​ធំ ទឹកប្រាក់​ច្រើន វា​អាច​នឹងមាន​ដំណើរកា​ស្មុគស្មាញ​ជាង​នេះ ហើយ​ដំណើរ​ការលក់​ទិញ​នេះ​ក៏មាន​ភាពស្មុគស្មាញ​ជាង​នេះដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com