ជាតិ
គិតផ្លូវល្អផង! អ្នកសាក់រូបយ័ន្ត និងគំនូរសិល្បៈ ក៏រួមចំណែករក្សាមរតកដូនតាដែរ!
× ភ្នំពេញ៖ មុខរបរចាក់សាក់នៅកម្ពុជា កំពុងទទួលបានគាំទ្រយ៉ាងខ្លាំងពីយុវជនទាំងប្រុសស្រី ក្នុងនោះសាក់រូបយ័ន្ត ឬអក្សរតូចៗ ពេញនិយមជាងគេសម្រាប់ពួកគាត់ ហើយច្រើនតែសាក់នៅលើដងខ្លួន ជាងសាក់នៅលើដៃជើង។ ម្ចាស់ហាងចាក់សាក់ដែលសារព័ត៌មានថ្មីៗបានសម្ភាស បានឲ្យដឹងថា យុវជនចូលចិត្តចាក់សាក់រូប«យ័ន្ត» គឺកើតចេញពីការស្រឡាញ់ ហើយពួកគេមិនចង់ឲ្យបាត់បង់ឡើយ ព្រោះសាក់រូបយ័ន្តនេះមានតាំងពីសម័យដើមដែលជារបស់ដូនតាខ្មែរ។ យុវជន ស័ក្តិ យល់ថា ការចាក់សាក់នេះគឺជាសិល្បៈគំនូរលើសាច់ មិនមានអ្វីអាក្រក់ឡើយ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដូចទៅ៖
លោក សន សម្បតិ្ត ម្ចាស់ហាងសាក់អនឡាញ AMG នៅម្តុំចាក់អង្រែលើ រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗកាលពីថ្ងៃទីដើមខែធ្នូ ឆ្នាំ២០១៩នេះថា សាក់រូបយ័ន្ត ពេញនិយមខ្លាំងពីសំណាក់យុវជនមិនថាប្រុសឬស្រីឡើយ។ ម្ចាស់ហាងដែលកំពុងពេញនិយម រូបនេះ ពន្យល់យ៉ាងដូច្នេះថា យុវជនដែលចូលចិត្តចាក់សាក់រូបយ័ន្តនេះ គឺជាកេរ្តិ៍របស់ដូនតាខ្មែរនិងមិនចង់ឲ្យបាត់បង់។
លោក សរ រដ្ឋា ម្ចាស់ហាងចាក់សាក់ RT យុវវ័យ ដែលមានទីតាំងនៅភូមិតាងោ សង្កាត់និរោធ បានលើកឡើងថា៖«សព្វថ្ងៃមានអតិថិជនច្រើន ពេលខ្លះរកតែពេលហូបបានពុំបាន ហើយអតិថិជនភាគច្រើនចូលចិត្តចាក់សាក់រូបយ័ន្ត»។ លោក រដ្ឋា ក៏បានលើកឡើងស្រដៀងនឹងលោក សម្បត្តិ ដែរថា ព្រោះក្តី ស្រឡាញ់និងចង់ថែរក្សាសាក់យ័ន្ត ដែលមានតាំងពីដូនតាមក ទើបការសាក់រូបយ័ន្តនេះពេញនិយមខ្លាំង។
បើទោះជាមានមតិមួយចំនួនយល់ថា ការចាក់សាក់បែបនេះមិនល្អក្តី តែយុវជនដែលកំពុងចាក់សាក់នៅក្នុងហាងសាក់អនឡាញ AMG របស់លោក សម្បត្តិ បានប្រាប់សារព័ត៌មានថ្មីៗថា ការចាក់សាក់នេះ គឺកើតចេញពីក្តីស្រឡាញ់របស់ពួកគាត់ ហើយទោះជាគ្រួសារឲ្យលុបចេញវិញក៏ពួកគេមិនព្រមលុបចេញដែរ។
យ៉ាងណាក៏ដោយ ការចាក់សាក់នៅកម្ពុជា ក៏មិនទាន់បើកទូលាយដូចប្រទេសជិតខាងឡើយទេ ដ្បិត សង្គមខ្មែរ មិនបានឲ្យតម្លៃ និងចាក់ទុកអ្នកមានសាក់នៅជាប់ខ្លួន ជាមនុស្សកោង កាច ឬអ្នកលេងជាដើម។ ផ្ទុយពីការយល់ឃើញក្នុងន័យអវិជ្ជមានខាងលើ យុវជនឈ្មោះ ស័ក្តិ ជាកូនជាងចាក់សាក់នៅហាង RT យុវវ័យ ដែលមានរូបសាក់នៅលើដងខ្លួនដែរនោះ បានឲ្យនិយមន័យការចាក់សាក់នេះ ថា ជាសិល្បៈគំនូរលើសាច់ មិនមានអ្វីអាក្រក់ទេព្រោះជាការច្នៃប្រឌិតរបស់ខ្លួនឯង។
ចំពោះត្រណមនៃការចាក់សាក់នេះ ម្ចាស់ហាងសាក់អនឡាញ AMG លោក សន សម្បតិ្ត បានឲ្យដឹងថា មិនត្រូវឲ្យប៉ះទឹករយៈពេល២៤ម៉ោង និងតមអាហារដូចជា ប្រហុក សាច់គោ និងម្ជូរសម្រាប់អ្នកដែលមាន ប្រតិកម្មស្បែក និងគ្រឿងក្រឡៃ។ ក្រៅពីប្រកបរបរចាក់សាក់នេះអស់រយៈពេល៣ឆ្នាំមកហើយ លោកសម្បត្តិ ក៏ជាអ្នកផលិតម៉ាស៊ីនចាក់សាក់ផងដែរ ហើយទៅថ្ងៃអនាគតលោកអះអាងថា នឹងបន្តរបរនេះរហូត។
Tag:
ចាក់សាក់
ជាងសាក់
របរចាក់សាក់
យ័ន្ត
ThmeyThmeyMoJo
© រក្សាសិទ្ធិដោយ thmeythmey.com