ជាតិ
សង្គមជាតិ
លោក ថោង ខុន ស្នើឲ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅបុណ្យសមុទ្រ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំនាថ្ងៃទី៥ ខែឆ្នូ សម្រាប់ការរៀបចំបុណ្យសមុទ្រនៅថ្ងៃទី២០-២២ ខែឆ្នូ
× ភ្នំពេញ៖ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចររុងរឿង»ជាប្រធានបទ នៅក្នុងពិធីបុណ្យសមុទ្រលើកទី៨ ដែលប្រព្រឹត្តឡើងនៅខេត្តកំពត នាថ្ងៃទី២០-២២ ខែឆ្នូឆ្នាំនេះ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ដល់អាជីករ ភ្ញៀវទេសចរ ទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់បា្លស្ទិក ដើម្បីឲ្យព្រឹត្តិការណ៍នេះប្រកបដោយភាពស្អាត និងបៃតង។
មិនត្រឹមតែលោក ថោង ខុន ចង់ឲ្យពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមដែលអាចធ្វើបាននោះទេ លោក ក៏ចង់ឲ្យពលរដ្ឋសហការគ្នាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយកុំឲ្យមានក្រដាសនៅក្រោមតុ។ ជាពិសេសលោកក៏បានស្នើឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូនានា ក៏ត្រូវបង្កើនការទទួលបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរទៀតផង។ «មិនត្រូវដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឲ្យហួសហេតុពេក និងត្រូវរក្សាគុណភាពសេវាកម្មឱ្យបានល្អ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
រូបភាពពីក្រសួងទេសចរណ៍
ជាមួយគ្នាដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្គាប់ឲ្យអនុគណៈកម្មការ និងអាជ្ញាធរ គិតគូរលើបញ្ហាសន្តិសុខ បដិសណ្ឋារកិច្ច និងសុវត្ថិភាព ដោយយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាន ការវេចខ្ចប់ និងការប្រមូលសំរាមឲ្យបានទាន់ពេលវេលា។
នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្ត ដូចជា ការសម្តែងសិល្បៈរបាំ ចម្រៀង ការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក និងការប្រកួតក្បាច់គុន។ នេះបើតាមការលើកឡើងរបស់លោក ថោង ខុន ដែលលោកជឿជាក់ថា បុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរ ចូលរូមប្រមាណ៥០ម៉ឺននាក់៕
Tag:
លោក ថោង ខុន
បុណ្យសមុទ្រ
ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com