អន្តរជាតិ
ត្រាំ អំពាវនាវ​ឲ្យ​ធនាគា​ពិភពលោក ឈប់​ឲ្យ​លុយ​ចិន​ខ្ចី​បន្ត
07, Dec 2019 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។  រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ៦ ខែធ្នូ បាន​អំពាវនាវ​ដល់​ធនាគា​ពិភពលោក ឈប់​បន្ត​ឲ្យ​ចិន​ខ្ចីលុយ ខណៈពេល​អង្គការ​អន្តរជាតិ​មួយ​នេះ បានអនុម័ត​គម្រោង​ក​ម្ចី​ជាង ១​ពាន់​លាន​ដុល្លារ​សម្រាប់​ទីក្រុង​ប៉េកាំង​។ ការចេញមុខ​អំពាវនាវ​បែបនេះ គឺ​ដោយសារតែ​លោក ដូ​ណា​ល់ ត្រាំ សំអាងថា​ចិន គឺជា​ប្រទេស​អ្នកមាន និង​មាន​លុយ​ចាយ​ច្រើន​ហូរហៀរ​។



​ធនាគា​ពិភពលោក នៅ​ថ្ងៃទី​៥ ខែធ្នូ បានអនុម័ត​គម្រោង​ផ្តល់ជំនួយ​ទៅ​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ពី ១​ពាន់​លាន​ដុល្លារ ទៅ ១,៥ ពាន់​លាន​ដុល្លារ ដោយ​ភ្ជាប់​ជាមួយ​អត្រា​ការប្រាក់​ទាប​រហូតដល់​ឆ្នាំ ២០២៥​។ យ៉ាងណាក៏ដោយ ការផ្តល់​ឥណទាន​ជា​មធ្យម​របស់​ធនាគា​ពិភពលោក ទៅ​ឲ្យ​ប្រទេស​ចិន មានការ​ធ្លាក់ចុះ បើ​ធៀប​ទៅនឹង​ប្រាំ​ឆ្នាំមុន​។ ពោលគឺ​វា​មាន​ទំហំ​ទឹកប្រាក់​ជា​មធ្យម ១,៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ 
 
​ក្រោយ​ការអនុម័ត​ផ្តល់ជំនួយ​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ថា​៖ « ហេតុអ្វី​ធនាគា​ពិភពលោក​ផ្តល់​ប្រាក់កម្ចី​ទៅ​ចិន​? តើ​នេះ​អាចទៅរួច​ទេ​? ចិន​មាន​លុយ​យ៉ាងច្រើន ហើយ​ប្រសិនបើ​ទីក្រុង​ប៉េកាំង មិនមាន​ទេ ពួកគេ​អាចបង្កើត​លុយ​បាន​។ ឈប់​ទៅ​»​។ នេះ​បើតាម​ការសរសេរ​រប​ស់លោក ត្រាំ​នៅលើ​បណ្តាញ​សង្គម Twitter  នៅ​ថ្ងៃទី​៦ ខែធ្នូ​។ 
 
​រហូតមកទល់​ពេលនេះ មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ចេញពី​អ្នកនាំពាក្យ​របស់​សេត​វិមាន​អាមេរិក និង​ធនាគារពិភពលោក ទាក់ទិន​ទៅនឹង​បញ្ហា​នេះ​នៅឡើយ​ទេ​។ 
 
​ធនាគារពិភពលោក បានផ្តល់​ឥណទាន​ដល់​ប្រទេស​ចិន​ចំនួន ១,៣ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំសារពើពន្ធ ២០១៩ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​៣០ ខែមិថុនា​។ ការផ្តល់​កម្ចី​មួយ​នេះ គឺមាន​ការធ្លាក់ចុះ បើ​ធៀ​ទៅនឹង​ឆ្នាំសារពើពន្ធ ២០១៧ ដែលមាន​ទំហំ​ទឹកប្រាក់ ២,៤​ពាន់​លាន​ដុល្លារ​។ បើទោះបីជា ការផ្តល់​កម្ចី​របស់​អង្គការ​ពិភពលោក​មួយ​នេះ ទៅ​ឲ្យ​ប្រទេស​ចិន​មានការ​ធ្លាក់ចុះ​ក៏ដោយ ក៏​ប្រធានាធិបតី​អាមេរិក នៅតែ​មិន​ពេញចិត្ត​ពី​បញ្ហា​នេះដែរ ព្រោះ​លោក​ត្រាំ បានចាត់ទុក​ចិន​ថា ជា​ប្រទេស​អ្នកមាន​។ 
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន មួយរយៈ​ចុងក្រោយ​នេះ ទទួលរង​ភាពចម្រូងចម្រាស់​យ៉ាងខ្លាំង​។ ជាក់ស្តែង​អាមេរិក មិន​ត្រឹមតែ​អនុម័ត​ច្បាប់​គាំទ្រ​ក្រុមបាតុករ​នៅ​ទីក្រុង​ហុងកុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋសភា​អាមេរិក​ថែមទាំង​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ជនជាតិភាគតិច​វី​ហ្គ័​រ​ថែមទៀត​។ ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​របស់​ប្រទេស​ទាំងពីរ កំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល​ថែមទៀត ៕

Tag:
 អាមេរិក​
  ចិន​
  ធនាគា​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com