ជាតិ
យន្តហោះ និង​បច្ចេកវិទ្យា នឹងត្រូវ​តាំង​បង្ហាញ​នៅ​ទី​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រយៈពេល​៣​ថ្ងៃ​
07, Dec 2019 , 2:06 pm        
រូបភាព
រូបតាំងពិព័រណ៍ឆ្នាំ២០១៨ ថតដោយលោក សឿន វ៉ាន់ដេត
រូបតាំងពិព័រណ៍ឆ្នាំ២០១៨ ថតដោយលោក សឿន វ៉ាន់ដេត
ដោយ:
​ភ្នំពេញ​៖ កម្ពុជា នឹង​រៀបចំ​តាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា នៅ​ទី​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​យុវជន នៅ​ថ្ងៃទី​១៣-១៥ ខែ​ឆ្នូ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៥ ធ្នូ​។


​ពិធី​តាំងពិព័រណ៍​នេះ​នឹង​បើកឱកាស​ឲ្យ​សិស្ស​និស្សិត យុវជន អ្នកជំនាញ និង​សាធារណជន បាន​ទស្សនា​ស្នាដៃ​ក្នុង​ការផលិត​ឧបករណ៍​អេឡិចត្រូនិក គ្រឿងយន្ត បច្ចេកវិទ្យា និង​ការសរសេរ​កូដ ។​ជាពិសេស​ការសាកសួរ​ទៅ​អ្នកជំនាញ​យន្តហោះ អាកាសចរ និង​បច្ចេកវិទ្យា ដើម្បី​បានជា​ចំណេះដឹង​ក្នុងការ​អភិ​វ​ឌ្ឃ​វិស័យ​អាកាសចរណ៍ យន្តហោះ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​ទៀតផង​។​


 
​ទៅដល់​ទីតាំង​ពិព័រណ៍​នោះ សាធារណជន នឹង​បាន​ទស្សនា​ឧទ្ធម្ភាគចក្រ យន្តហោះ​បែប​ឯកជន និង​យន្តហោះ​យោធា ការប្រកួត​យន្តហោះ​កៅស៊ូ និង​យន្តហោះ​បញ្ជា ដែលជា​ស្នាដៃ​បច្ចេកវិទ្យា​របស់​យុវជន​ខ្មែរ​។ នេះ​បើតាម​ក្រសួង​អប់រំ​។​
 
​ក្រសួង​អប់រំ បញ្ជាការដ្ឋាន​កងទ័ព​អាកាសយានដ្ឋាន​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង និង​ក្រុមហ៊ុន​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​សហការគ្នា​រៀបចំ​តាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​នេះ​៕
 
 
 

Tag:
 យន្តហោះ​
 ​បច្ចេកវិទ្យា​
 ​តាំងពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com