ជាតិ
ស្ត្រីជនជាតិទំពួន ប៉ោង ម៉ាត់ បង្កើតក្រុមតម្បាញពង្រីកទីផ្សារលក់ និងអភិរក្សកេរដំណែលដូនតា
× ភ្នំពេញ៖ អ្នកស្រី ប៉ោង ម៉ាត់ ជនជាតិដើមភាគតិចទំពួន រស់នៅខេត្តរតនគិរី បានបង្កើតក្រុមតម្បាញក្រមា ក្រណាត់ និងសម្លៀកបំពាក់ជនជាតិដើមភាគតិច ដើម្បីថែរក្សាកេរដំណែលរបស់ដូនតា។ ស្ត្រីវ័យ៥៤ឆ្នាំរូបនេះ បានឲ្យដឹងថា គោលបំណងបង្កើតក្រុមតម្បាញនេះឡើង ដើម្បីបង្រៀនកូនចៅជំនាន់ក្រោយឲ្យចេះត្បាញ និងចង់ផ្សព្វផ្សាយក្រមា សម្លៀកបំពាក់របស់ជនជាតិដើមភាគតិច ខណៈដែលផលិតផលតម្បាញរបស់ពួកគាត់ប្រឈមនឹងបាត់បង់។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយជនជាតិដើមភាគតិចទំពូន អ្នកស្រី ប៉ោង ម៉ាត់ អ្នកត្បាញក្រមាដូចតទៅ៖
«ពីដើមពួកខ្ញុំត្បាញរៀងខ្លួនតាមគ្រួសារ ឥលូវខ្ញុំបង្កើតក្រុម ដើម្បីលក់ផលិតផលអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចទំពួន។ បើយើងអត់ត្បាញទេ យើងអត់ខំ អត់ពង្រីកអត្តសញ្ញាណហ្នឹង ខ្លាចក្មេងជំនាន់ក្រោយអត់ស្គាល់»។ នេះជាសម្ដីរបស់អ្នកស្រី ប៉ោង ម៉ាត់ ដែលបានពន្យល់ពីមូលហេតុបង្កើតក្រុមតម្បាញនេះឡើង។
ការបង្កើតក្រុមតម្បាញនេះ បានធ្វើឲ្យផលិតផលតម្បាញរបស់ជនជាតិដើមភាគតិចទំពួនមានទីផ្សារលក់ជាងមុន ដោយក្នុងមួយខែអ្នកស្រីអាចរកចំណូលបាន២០០ដុល្លារ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅក្នុងកម្មវិធីពិព័រណ៍ផលិតផល និងម្ហូបអាហារជនជាតិដើមភាគតិច កាលពីចុងខែតុលា ឆ្នាំ២០១៩ អ្នកស្រី ម៉ាត់ បានឲ្យដឹងថា ផលិតផលដែលត្បាញពីកប្បាសអាចលក់បានតម្លៃថ្លៃជាងផលិតផលដែលត្បាញពីសរសៃអំបោះ។ ក្រណាត់ដែលត្បាញពីកប្បាស អ្នកស្រីអាចលក់ក្រណាត់មួយតម្លៃ១០០ដុល្លា ខណៈក្រណាត់ត្បាញពីអំបោះបានត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ។
ទោះបីតម្បាញ ដែលត្បាញពីកប្បាសលក់បានតម្លៃថ្លៃជាង តម្បាញធ្វើពីអំបោះក៏ដោយ ប៉ុន្តែអ្នកស្រី ប៉ោង ម៉ាត់ នៅតែបារម្ភពីការបាត់បង់តម្បាញពីកប្បាស ដោយសារសព្វថ្ងៃ គេនិយមដាំចន្ទី ក្រឈូ និងដំឡូងជាងដាំកប្បាស។
កាន់តែបារម្ភជាងទៅទៀត ស្ត្រីជនជាតិដើមភាគតិចទំពួន វ័យ៥២ឆ្នាំ រស់នៅខេត្តរតនគិរី រូបនេះ មិនចង់ឲ្យផលិតផលតម្បាញដែលជាកេរដំណែលពីដូនតារបស់ខ្លួនបាត់បង់ឡើង ហើយអ្នកស្រីចង់ឃើញយុវជនជនជាតិដើមភាគតិចជំនាន់ក្រោយយកចិត្តទុកដាក់ថែរក្សា និងផ្សព្វផ្សាយផលិតផលប្រពីណីរបស់ខ្លួនឲ្យបានកាន់តែច្រើន និងទូលំទូលាយជាងនេះ។
ក្តីបារម្ភនេះបានជំរុញឲ្យស្រី្តជនជាតិដើមភាគតិចទំពួន ម៉ោង ប៉ាត់ លះបង់ពេលវេលាដោយមិនស្តាយស្រណោះ ដើម្បីបង្រៀនយុជនជនតិដើមភាគតិចឲ្យចេះតម្បាញផលិតផលិតអត្តសញ្ញាញ ដែលជាកេរដំណែលដូនតា និងឲ្យពួកគាត់បានដល់ដឹងពីវប្បធម៌ ប្រពៃណីរបស់ខ្លួនកាន់តែបានស៊ីជម្រៅ៕
Tag:
វីដេអូ
ក្រមា
ជនជាតិភាគតិច
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com