ជាតិ
អ្នកនេសាទរអ៊ូរឿងត្រីឆ្នាំនេះតូចៗ ហើយរកមិនសូវបាន
× សៀមរាប៖ លោក ឃឹម វ៉ាត់ ជាអ្នកនេសាទម្នាក់ដែលរស់ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ លោក វ៉ាត់ និងគ្រួសារ ធ្វើដំណើរតាមទូកតូចមួយមកចតនៅផែវត្តកំពង់ឃ្លាំង ទីដែលឈ្មួញត្រីរង់ចាំទទួលទិញត្រីពីក្រុមអ្នកនេសាទ។ ថ្ងៃនោះ លោក វ៉ាត់ មានត្រីចម្រុះប្រមាណ២០គីឡូក្រាម រួមមានត្រីកញ្ចុះ ត្រីឆ្លូញ ត្រីស្លឹកឫស្សី និងត្រីរៀលជាដើម។
ក្រោយថ្លឹងត្រីបោះឱ្យឈ្មួញរួចហើយ លោក វ៉ាត់ ងៀកមកជជែកជាមួយអ្នកសារព័ត៌មានដែលបានសាកសួរពីរបររបស់លោក។ លោកប្រាប់ថា ការនេសាទនៅឆ្នាំនេះមិនសូវបានច្រើនទេ ហើយត្រីភាគច្រើនក៏នៅតូចៗនៅឡើយ។ លោកពន្យល់ថា ដោយសាររបបទឹកឆ្នាំនេះប្លែក គឺឡើងលឿនហើយស្រកវិញក៏លឿនទៀត ធ្វើឱ្យត្រីធំអត់ទាន់។
ជាអ្នកស្រុកជីក្រែង តែលោក វ៉ាត់និងគ្រួសារ បានមកនេសាទនិងរស់នៅលើទូកក្នុងឃុំកំពង់ឃ្លាំងច្រើនឆ្នាំមកហើយ។ ការប្រែប្រួលនៃរបបទឹកទន្លេសាបឆ្នាំនេះ ធ្វើឱ្យលោក វ៉ាត់ ដែលរករបរនេះជាង២០ឆ្នាំមកហើយនោះ មានការងឿងឆ្ងល់ផងដែរ។ បន្ថែមពីនេះ អ្នកនេសាទរូបនេះក៏បានរអ៊ូរឿងរកត្រីមិនបានច្រើន ដោយថ្ងៃខ្លះរកបាន២ទៅ៣ម៉ឺនរៀល ថ្ងៃខ្លះទៀតក៏ល្មមថ្ងៃសាំងទូកក៏មាន៕
Tag:
ទន្លេសាប
ត្រី
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com