ជាតិ
មន្ទីរសុខាភិបាល ពេទ្យបង្អែក ស្រុក និងប៉ុស្តិ៍សុខភាព នឹងស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្ត សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តឥន្ទមុនី ខេត្តព្រៃវែង នាថ្ងៃទី៧ ខែឆ្នូ
× ភ្នំពេញ៖ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី៧ ខែធ្នូ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងសុខាភិបាល នឹងផ្ទេរអំណាចទាំងស្រុងឲ្យទៅ រដ្ឋបាលខេត្តនីមួយៗទទួលបន្ទុកគ្រប់គ្រងមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យស្រុក និងប៉ុស្តិ៍សុខភាព។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្វីដ្បិតផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យរដ្ឋបាលខេត្តក៏ពិតមែន តែក្រសួងសុខាភិបាលក៏នៅតែមានតួនាទីផ្តល់សេវាថ្នាំព្យាបាលដល់ពលរដ្ឋ និងការបណ្តុះបណ្តាលដល់គ្រូពេទ្យ។
«កិច្ចការប្រចាំថ្ងៃដែលក្រសួងជាអ្នកចាត់ចែង ឥឡូវគឺប្រគល់ឲ្យខេត្តវិញ ហើយថវិកាដែលក្រសួងគ្រប់គ្រង ក៏ត្រូវផ្ទេរមកឲ្យខេត្តគ្រប់គ្រងផងដែរ។ ហើយខេត្តនឹងពិនិត្យលទ្ធភាពធ្វើប្រតិភូកម្មទៅឲ្យស្រុក ឃុំ ក្នុងការគ្រប់គ្រងពេទ្យ»។ នេះជាការបញ្ជាក់របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងអប់រំ យុវជន និង កីឡា ក៏នឹងផ្ទេរអំណាចទាំងស្រុងទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺរាជធានី-ខេត្ត គ្រប់គ្រងកម្រិតអប់រំនៅថ្នាក់មតេ្តយ្យ បឋមសិក្សា និង ការអប់រំក្រៅប្រព័ន្ធផ្សេងទៀត។
បើតាមសម្តេច ស ខេង រដ្ឋាភិបាល នឹងយកខេត្តបាត់ដំបងអនុវត្តមុនគេ ក្នុងការប្រគល់សិទ្ធិអំណាចឲ្យគ្រប់គ្រងលើវិស័យអប់រំនេះ។ ចំពោះពីថ្នាក់អនុវិទ្យាល័យឡើងទៅ គឺនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំដដែល៕
Tag:
រដ្ឋបាលខេត្ត
អប់រំ
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com