ជាតិ
អ្នកស្រី រ៉​អេ​នី នេសាទ​ត្រី​១០​ឆ្នាំ មិនដែល​ខ្សត់​ត្រី​ដូច​ឆ្នាំនេះ​ទេ​
07, Dec 2019 , 5:29 pm        
រូបភាព
អ្នកស្រី យ៉ រ៉អេនី កំពុងឈរលក់ត្រីឆ្កោតធំៗដែលរកលើកដំបូង បន្ទាប់ពីចុះនេសាទអស់ជាង១ខែកន្លងមក នៅកំពង់ចម្លងភ្នំពេញ_អរិយក្សត្រ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
អ្នកស្រី យ៉ រ៉អេនី កំពុងឈរលក់ត្រីឆ្កោតធំៗដែលរកលើកដំបូង បន្ទាប់ពីចុះនេសាទអស់ជាង១ខែកន្លងមក នៅកំពង់ចម្លងភ្នំពេញ_អរិយក្សត្រ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩
​ភ្នំពេញ​៖ ត្រី​ដែល​រស់នៅ​តាម​ដង​ទន្លេ​នានា កាន់តែ​ថយចុះ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ តែ​ការនេសាទ​ខុសច្បាប់ និង​ការប្រែប្រួល​អាកាស ជាដើម​។ អ្នកស្រី យ៉ា រ៉​អេ​នី ដែលជា​អ្នកនេសាទ​ត្រី​ក្នុង​ទន្លេសាប អស់​រយៈពេល​១០​ឆ្នាំ ក្នុង​ទន្លេសាប នៅ​ម្តុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ត្អួ​ញ​ត្អែ​រថា  ត្រី​ឆ្នាំ​២០១៩​នេះ គឺ​ខ្សត់​ខ្លាំងណាស់ ដែល​អ្នកស្រី​ដែលជួបប្រទះកន្លងមក​។

 
​កំពុង​ឈរ​នៅ​ចំហៀង​ផ្លូវ​ចេញ​_​ចូល នៃ​កំពង់ចម្លង​ភ្នំពេញ​_​អរិ​ក្សត្រ  នា​ម៉ោង​ជិត​៧ព្រឹក កាលពី​ថ្ងៃ​៥​ធ្នូ  ដោយ​ដៃ​សងខាង​កាន់​ត្រី​ឆ្កោ​ត​ធំ​២​ក្បាល និង​ហៅ​អ្នកធ្វើដំណើរ​ឱ្យជួយ​ទិញ​ត្រី​នោះ ដែល​អ្នកស្រី រ៉​អេ​នី នេសាទ​បាន​។  ត្រី​ឆ្កោ​ត​ទាំង​២​ក្បាល ដែល​អ្នក យ៉ា រ៉​អេ​នី រកបាន​នោះ ១​ក្បាល មាន​ទម្ងន់​ជាង​២​គីឡូក្រាម និង​មួយ​ក្បាល​ទៀត មាន​ទម្ងន់​ជាង​១​គីឡូក្រាម​។​
 
​អ្នកនេសាទ​ត្រី​ជន​ជ​តិ​ខ្មែរ​_​ឥស្លាម​រូបនេះ និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ចាប់​ពេល​បើក​រដូវ​នេសាទ​វិញ តាំង​ដើមខែ​វិច្ឆិកា មក អ្នកស្រី ទើបតែ​រកត្រី​ឆ្កោ​ត​ធំ​បាន​២​ក្បាល​នេះ ប៉ុណ្ណោះ​។  « រយៈពេល​ជាង​១​ខែ​មកនេះ ខ្ញុំ​រកបាន​តែ​ត្រី​តូចៗ ហើយ​មិនសូវ​សំបូរ​ទៀត​...​និយាយ​ទៅ​គឺ​ខ្សត់​ត្រី​ជាង​រាល់​ឆ្នាំ​តែម្តង​។ រកត្រី​ឆ្នាំនេះ ខ្ញុំ​អាច​រក​ចំណូល​ត្រឹម​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ចំនួន​ប្រាក់​នេះ យើង​មិន​គិត​ទៅលើ​ការរក​ត្រី​ធំៗ​ទេ ព្រោះ ត្រី​ធំៗ ឆ្នាំនេះ​យើង​រក​មិនបាន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី យ៉ា រ៉​អេ​នី តាំង​មិនសូវ​សប្បាយចិត្ត ដោយ​អ្នកស្រី​បាន​អះអាងថា បើ​ធៀប​នឹង​ឆ្នាំមុនៗ ស្រី​អ្នក អាច​រកចំណូលបាន​យ៉ាងហោច​១០​ម៉ឺន​រៀល​ក្នុង​ថ្ងៃ​។​
 
​បើតាម​អ្នកស្រី យ៉ា រ៉​អេ​នី ក្នុង​រដូវ​នេសាទ​ឆ្នាំនេះ អ្នកស្រី​បាន​ចំណាយ​ប្រាក់​អស់​៥០០​ដុល្លារ ដើម្បី​ទិញ​ឧបករណ៍​នេសាទ​ថ្មី និង​របស់របរ​ជួស​ជុល​ឧបករណ៍​នេសាទ​មួយចំនួនទៀត ដូចជា មង​តូច​_​ធំ អួន ម៉ាស៊ីន និង​ប្រេង ជាដើម ដើម្បី​ត្រៀម​ការ​ការនេសាទ ដែល​កំពុង​មកដល់​នេះ​។  ប៉ុន្តែ​ការនេសាទ​ត្រី​ឆ្នាំនេះ បែរជា​ធ្វើឱ្យ​អ្នកស្រី រ៉​អេ​នី ខកចិត្ត​ព្រោះ ក្នុង​ទន្លេ​មិនសូវមាន​ត្រី សម្រាប់​នេ​សា​ទៅវិញ​។ «​រដូវ​នេសាទ​ឆ្នាំនេះ កុំថាឡើយ​រកត្រី​ធំ​មិនបាន សូម្បីតែ​ត្រី​តូចៗ ក៏​ខ្សត់​ដែរ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី​វ័យ​២៨​ឆ្នាំ​រូបនេះ ដោយ​ជ អ្នកស្រី​បន្ថែម ថា ប្រសិន​អ្នកស្រី និង​សា្វ​ម៉ី នៅតែ​នេសាទ​ត្រី មិនបាន​ទៀត អ្នកស្រី នឹង​ឈប់​ប្រកបមុខរបរ​នេះ ហើយ​វិល​ទៅ​ស្រុកកំណើត​នៅឯ​ខេត្តកំពង់ចាម ដើម្បី​ស៊ីឈ្នួល​គេ​វិញ​៕

Tag:
 ត្រី​
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com