ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​គ្រូបង្រៀន ចូលរួម​«​កម្មវិធី​ផ្លាស់ប្តូរ​គ្រូបង្រៀន​អន្តរជាតិ​»​នៅ​កូរ៉េ​
08, Dec 2019 , 9:59 am        
រូបភាព
រូបភាពពី ក្រសួងអប់រំ យុវជន និងកីឡា
រូបភាពពី ក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​គ្រូបង្រៀន ដើម្បី​ចូលរួម​«​កម្មវិធី​ផ្លាស់ប្តូរ​គ្រូបង្រៀន​អន្តរជាតិ​»​នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​សហការ​ជាមួយ​អង្គការ​អាស៊ី​-​ប៉ាស៊ីហ្វិក​នៃ​ការអប់រំ​សម្រាប់​ការយល់ដឹង​សកល (APCEIU)​។



​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ក្រសួង​អប់រំ និង អង្គការ APCEIU ជ្រើសរើស​គ្រូបង្រៀន​កម្ពុជា ទៅ​បង្រៀន​នៅ​សាធារណរដ្ឋ​កូរ៉េ តាម​សាលារៀន​គោលដៅ​រយៈពេល​៣​ខែ និង​ទទួល​គ្រូបង្រៀន​ជនជាតិ​កូរ៉េ មក​បង្រៀន​តាម​សាលារៀន​គោលដៅ​នៅ​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​អង្គការ APCEIU​។​
 
​ក្រសួង​បញ្ជាក់ទៀតថា គ្រូបង្រៀន​ទាំងបី​កម្រិត​ដែល​ត្រូវ​ជ្រើសរើស ត្រូវមាន​បទពិសោធន៍​យ៉ាងតិច ៤ ឆ្នាំ មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឡើងទៅ ដែល​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​និង កំ​ព្យូ​ទ័​រ បានល្អ​ប្រសើរ ។ លោកគ្រូ អ្នកគ្រូ ត្រូវបំពេញ​បែបបទ និង​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​ដែល​បានកំណត់ និង​យកទៅដាក់​នៅ​អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ ត្រឹម​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា «​កម្មវិធី​ផ្លាស់ប្តូរ​បង្រៀន​អន្តរជាតិ​» ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៧ ដោយបាន​បញ្ជូន​គ្រូ​នៅ​កម្ពុជា​ទៅ បង្រៀន​នៅ​កូរ៉េ បាន​ចំនួន​៣២​នាក់ និង​បាន ទទួល​គ្រូ​ជនជាតិ​កូរ៉េ​មក​បង្រៀន នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤២​នាក់​៕

Tag:
 ជាតិ​
 ​អប់រំ​
 ​គ្រូបង្រៀន​
 ​សាធារណរដ្ឋ​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com