កីឡាជាតិ
ជាតិ
ម៉ារ៉ាតុនដើម្បីមនុស្សធម៌នៅអង្គរវត្ត ទាក់ទាញបានអត្តពលិកជាង១ម៉ឺននាក់ពី៨៥ប្រទេស
× អត្តពលិកជាតិ និងអន្តរជាតិជាង១ម៉ឺននាក់បានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ ដើម្បីមនុស្សធម៌ នៅបរិវេណរមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ។ ចំនួននេះកើនឡើង២០ភាគរយបើធៀបនឹងឆ្នាំ២០១៨ ខណៈអត្តពលិកបរទេសមកពីចក្រភពអង់គ្លេសឈរលំដាប់ទី១មានអ្នកចូលរួមច្រើនជាងគេ ដែលតាមពីក្រោយដោយជប៉ុន អាមេរិក និងបារាំង។
ព្រលឹមស្រាងៗកីឡាករជាតិ និងអន្តរជាតិអមដោយស្លាកលេខសំគាល់យ៉ាងច្រើនកុះករបានមកជួបជុំគ្នានៅមុខបរិវេណអង្គរតូច ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ លើវិញ្ញាសារៀងៗខ្លួន។ អត្តពលិកខ្លះធ្វើដំណើរដោយរថយន្ត ម៉ូតូ និងរ៉ឺម៉កកង់បី តែភាគច្រើនតាមរយៈថ្មើរជើង ដើម្បីជាការកម្តៅសាច់ដុំមុនការប្រកួត។
ប្រភព ហាប់ គឹមអាន
អត្តពលិកជាតិនិងអន្តរជាតិចំនួន១២,១៧៥នាក់មកពី៨៥ប្រទេសបានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី២៤ឆ្នាំនេះ។ អត្តពលិកកម្ពុជាមានជាង៧ពាន់នាក់ ខណៈបរទេសជាង៤ពាន់នាក់ ដោយអត្តពលិកមកពីចក្រភពអង់គ្លេសឈរលំដាប់ទី១មានអ្នកចូលរួមច្រើនជាងគេ ដែលឈរពីក្រោយដោយជប៉ុន អាមេរិក និងបារាំង។ ចំនួននេះកើនឡើង២០ភាគរយបើធៀបនឹងឆ្នាំមុន ដែលមានអត្តពលិកចូលរួមចំនួន១០,៥០០នាក់។ នេះបើតាមរបាយការណ៍ ដែលអានដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ដើម្បីរក្សាសុវត្ថិភាព ជួយសម្រួលដល់ការរត់របស់អត្តពលិក និងបង្កើនគុណភាពនៃការរៀបចំ គណៈកម្មការរៀបចំបានបិទផ្លូវទាំងស្រុងមិនឲ្យធ្វើដំណើរមួយចំនួននៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ផ្លូវទាំងនេះ នឹងបើកឲ្យដំណើរការវិញបន្ទាប់ពីចប់នៃការរត់ចម្ងាយ២១គីឡូម៉ែត្រ។
ពាក់ព័ន្ធនឹងគោលបំណងនៃព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់ជនពិការដោយសារគ្រាប់មីន មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌នានានៅកម្ពុជា។ លើសពីនេះ ដើម្បីការពារបរិស្ថាននៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍នានានៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកជួយរកចំណូលជូនរដ្ឋ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕
Tag:
វ៉ាត់ ចំរើន
ថោង ខុន
Half Marathon
© រក្សាសិទ្ធិដោយ thmeythmey.com