ភ្នំពេញ៖ មកពីភូមិទន្សោង ឃុំសៀមបូរ ស្រុកសៀមបូរ ខេត្តស្ទឹងត្រែង អ្នកស្រី ខា ស្រស់ ជាជនជាតិដើមភាគតិចកួយ បានបង្កើតក្រុមរបាំប្រពៃណីកួយ ដើម្បីបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយឱ្យថែរក្សាបន្ត។ មុនបង្កើតក្រុមរបាំ អ្នកស្រី ខា ស្រស់ សង្កេតឃើញថាជនជាតិកួយ ជាពិសេសយុវជន ហាក់មិនបានចាប់អារម្មណ៍ពីតម្លៃសិល្បៈវប្បធម៌របស់ខ្លួនឡើយ។ ប៉ុន្តែក្រោយពីព្យាយាមបញ្ជ្រាបទស្សនៈស្នេហាសិល្បៈប្រពៃណីសម្គាល់អត្តសញ្ញាណ ដោយអ្នកស្រី ស្រស់ ក្មេងៗជាច្រើននាក់សប្បាយចិត្តមករៀនសិល្បៈពីអ្នកស្រី។
ដើម្បីជ្រាបច្បាស់ពីស្ថានភាពផ្ទេរចំណេះដឹងសិល្បៈអត្តសញ្ញាណជនជាតិកួយ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ក្នុងពិព័រណ៍រូបថតក្រោមចំណងជើងថា "វីរជនសិល្បៈលាក់មុខ" នៃមហោស្រពសិល្បៈដើម្បីសន្តិភាព គេឃើញមានសិល្បករសិល្បការិនី តំណាងរាជធានីខេត្តទាំង២៥ ដែលភាគច្រើនមានវ័យចំណាស់ អង្គុយនៅចំពោះមុខរូបថតរបស់ខ្លួន តាំងតម្រៀបគ្នាលើកន្ទេលខ្មែរដែលទំនងត្បាញពីស្លឹកត្នោត។ ដើមជ្រៃបែកមែកសាខា នៅកណ្ដាលសំណង់អគារសិក្សានៃវិទ្យាស្ថានភាសាបរទេស(IFL) បានជួយបាំងកំដៅព្រះអាទិត្យកំពុងពេញកម្លាំងនាម៉ោងប្រមាណ២រសៀល ឱ្យគ្រូសិល្បៈគ្រប់រូបត្រជាក់ចិត្តចែករំលែកបទពិសោធទៅកាន់អ្នកចូលរួម។
ក្នុងចំណោមវីរជនសិល្បៈមកពី២៥រាជធានីខេត្ត អ្នកស្រី ខា ស្រស់ ជនជាតិដើមភាគតិចកួយ តំណាងឱ្យវីរជនសិល្បៈលាក់មុខមកពីខេត្តស្ទឹងត្រែង។ ក្នុងសម្លៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិចកួយ អាវពណ៌ស្វាយបែកក្រហមកមូល អង្គុយនៅចំពោះមុខរូបថតរបស់ខ្លួន ដែលដាក់តាំងក្នុងពិព័រណ៍ អ្នកស្រី ខា ស្រស់ ថាក្មេងជំនាន់ក្រោយរួមជាតិជាមូយអ្នកស្រី មិនសូវបានយកចិត្តទុកដាក់ចំពោះភាសានិងវប្បធម៌ទំនៀមទម្លាប់របស់ខ្លួនឡើយ៖«ខ្ញុំបានរៀបចំក្រុមរបាំប្រពៃណីជនជាតិដើមកួយ។ ខ្ញុំបាននាំក្រុមសិល្បៈនេះទៅលេងដល់កោះកង់ កំពង់សោម កំពង់ចាម ក្រចេះ តាំងពីឆ្នាំ២០១០។ ខ្ញុំបង្កើតក្រុមនេះ ដោយសារតែខ្ញុំមើលឃើញថា ប្រពៃណីជនជាតិកួយស្ទើរតែបាត់បង់ទៅហើយ ព្រោះក្មេងជំនាន់ក្រោយគាត់មិនចេះភាសាទេ»។
មានវ័យ៦៥ឆ្នាំគ្រូរបាំប្រពៃណីកួយ ដែលមានសក់ខ្មៅសម្បុរស្រអែមរូបនេះ បានប្រឹងប្រែងបង្ហាត់បង្រៀនសិល្បៈទៅដល់ក្មេងជំនាន់ក្រោយ រហូតរដ្ឋាភិបាលកម្ពុជាបង្កើតមន្ទីរវប្បធម៌ក្រៅប្រព័ន្ធឱ្យអ្នកស្រីមានកន្លែងបង្ហាត់សិស្សត្រឹមត្រូវ ដើម្បីលើកទឹកចិត្ត៖«ខ្ញុំក៏អរគុណរដ្ឋាភិបាលដែរ គាត់បានទៅបង្កើតមន្ទីរអប់រំក្រៅប្រព័ន្ធនៅខេត្តស្ទឹងត្រែង ដើម្បីឱ្យខ្ញុំរៀបចំប្រវត្តិរបស់ជនជាតិដើមភាគតិចកួយ ដូចជាប្រពៃណី វប្បធម៌ ភាសា។ នៅឆ្នាំ២០១៨ ខ្ញុំបានរៀបចំក្រុមរបាំនេះឡើង។ ខាងមន្ទីរអប់រំក្រៅប្រព័ន្ធគាត់បានជួយមេក្រូ ជួយអំភ្លី ទ្រ ស្គរ អាគុយ និងជួយប្រាក់តិចតួចសម្រាប់ក្រុមរបាំនេះ»។
មានសិស្សហាត់ជាប់លាប់ប្រហែល២០រូប អ្នកស្រី ស្រស់ អះអាងទាំងភ្នែកសំឡឹងឆ្ងាយ ថាមូលហេតុដែលអ្នកស្រីខំបង្ហាត់និងផ្សព្វផ្សាយពីប្រពៃណីវប្បធម៌ របស់ជនជាតិដើមភាគតិចកួយ ក៏ព្រោះខ្លាចក្មេងជំនាន់ក្រោយភ្លេចថាខ្លួនជាអ្នកណា៖«ខ្ញុំនាំក្មេងជំនាន់ក្រោយឱ្យគាត់ដឹងថា កាលពីដើមយាយតាយើងមានរបាំ មានពិធីសែនស្រុក សែនយកស្រូវឡើង សែនភូមិ និងមានបុណ្យភូមិ។ មួយរយៈមុនយើងមិនមានប្រវត្តិទេ តែពេលនេះមាននិស្សិតគាត់ចងក្រងឯកសារពីប្រវត្តិរបស់ជនជាតិដើមភាគតិចកួយ ទាំងខេត្តក្រចេះ និងខេត្តផ្សេងៗដើម្បីថែរក្សាប្រពៃណីរបស់យើង»។
អង្គុយក្ដោបដៃចូលគ្នាហើយផ្ទៃមុខញញឹម ស្ត្រីមកពីខេត្តស្ទឹងត្រែងរូបនេះ សប្បាយចិត្តនៅពេលដែលឃើញកុមារាកុមារីជនជាតិកួយ ចាប់អារម្មណ៍ចូលមករៀនរបាំប្រពៃណីកាន់តែច្រើនឡើងៗ៖«ក្មេងជំនាន់ក្រោយគាត់មិនសូវយកភាសាជាតិមកនិយាយទេ ព្រោះគាត់រើសអើងខ្លួនឯង។ ខ្ញុំបើកបង្រៀននេះមានក្មេងតូចៗមកសុំរៀនច្រើនណាស់ ដូច្នេះខ្ញុំផ្សព្វផ្សាយតាមក្មេងៗបានទៀត»។
អង្គុយក្បែរសិល្បករសិល្បការិនីដទៃទៀត ដែលកំពុងជជែកគ្នាពីនេះពីនោះ ហើយខ្លះទៀតចែករំលែកបទពិសោធពីជីវិតក្នុងសិល្បៈ អ្នកស្រី ស្រស់ ដែលខំថែរក្សាសិល្បៈប្រពៃណីជាតិខ្លួន បានប្រាប់ពីឈ្មោះរបាំដែលអ្នកស្រីបង្ហាត់សិស្ស៖«របាំប្រពៃណីមានរបាំបុកស្រូវ របាំអញ្ជើញគ្រូ របាំពេលទៅចម្ការស្រែ ដូចជាបេះកប្បាស ដកដំឡូងជាដើម។ យើងមានឧបករណ៍ត្រក ខ្វេវ កាំបិត ជនីក និងមានកញ្ចើជាដើម»។
ទោះជាយ៉ាងណាគ្រូបង្រៀនរបាំរូបនេះ មិនបានបង្រៀនផ្តោតលើតែរបាំនោះឡើយ តែអ្នកស្រីថែមទាំងបង្រៀនភាសាកួយទៅសិស្សសិល្បៈផងដែរ ព្រោះតែក្មេងជំនាន់ក្រោយជនជាតិដើមភាគតិចកួយខ្សោយភាសាកំណើត៖«ពេលព្រឹកក្នុង៣ម៉ោងខ្ញុំបង្រៀនភាសាកួយ ព្រោះយើងសម្ដែងពីកួយ ច្រៀងក៏កួយ និងរាំរបៀបកួយ។ ពេលល្ងាច៣ម៉ោងទៀត ខ្ញុំបង្រៀនរបាំ។ ការបង្រៀនក៏យ៉ាប់ដែរ ព្រោះខ្ញុំកាន់តែចាស់ហើយ»។
ផ្ទៃមុខបង្ហាញឱ្យឃើញក្ដីព្រួយបារម្ភ នៅពេលអ្នកស្រី ខា ស្រស់ និយាយពីគុណតម្លៃរបស់ជនជាតិដើមភាគតិចកួយ អាចនឹងត្រូវបាត់បង់ ព្រោះប្រពៃណីទំនៀមទម្លាប់បញ្ជាក់អត្តសញ្ញាណមិនមានវត្តមាន៖«ពេលនេះជនជាតិកួយចង់លិចហើយ។ បើមិនមានអត្តសញ្ញាណ គឺមិនមានតម្លៃអ្វីទេ។ បើយើងមានគ្រប់បែបយ៉ាង មានអត្តសញ្ញាណ មានប្រពៃណី យើងមានតម្លៃ។ អង្គការ និងរដ្ឋាភិបាល ក៏គាត់ជួយស្រង់យើងរហូត ឱ្យតែយើងថែរក្សាការពារបាន»។
ដ្បិតបានដំណើរការថ្នាក់បង្រៀនរបាំប្រពៃណីដោយរលូនក្ដី ប៉ុន្តែអ្នកស្រី ខា ស្រស់ មានកង្វល់ចំពោះការធ្លាក់ចុះការប្រើភាសាកួយ ហើយសម្លៀកបំពាក់បែបប្រពៃណី ក៏ស្ទើរតែបាត់បង់៖«សូមបងប្អូនជនជាតិកួយទាំងអស់ រួមគ្នាការពារប្រពៃណីកុំឱ្យបាត់បង់ ដើម្បីបន្តដល់កូនចៅយើង»៕