ភ្នំពេញ៖ អ្នកភូមិ៣ និងភូមិ២ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរស់នៅជាប់ផ្លូវរថភ្លើង បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខក្នុងភូមិ ស្របពេលមានការចែកចាយគ្រឿងញៀននៅតំបន់នេះទាំងយប់ទាំងថ្ងៃ ហាក់ដូចជាផ្សារលក់ទំនិញអ៊ីចឹងដែរ។ សកម្មភាពទិញលក់គ្រឿងញៀននេះ កំពុងតែរំខានដល់ការរស់នៅរបស់ពលរដ្ឋតំបន់បឹងកក់នេះ។
-
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
នៅពេលលោកអ្នកធ្វើដំណើរដល់ផ្លូវរថភ្លើងត្រង់ចំណុចភូមិ៣ និងភូមិ២ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលស្ថិតនៅខាងត្បូងបឹងកក់ លោកអ្នកប្រាកដជាឃើញមនុស្សជាច្រើន រត់ប្រសាចលើផ្លូវរថភ្លើង ដើម្បីលក់ និងទិញគ្រឿងញៀន ដូចជាទីផ្សារមួយដូច្នេះដែរ។ អ្នកសារព័ត៌មានថ្មីៗ ក៏ត្រូវបានពួកគេចាត់ទុកជាអតិថិជនដែរ នៅពេលអ្នកកាសែតថ្មីៗជិះម៉ូតូទៅសម្ភាសពលរដ្ឋនៅតំបន់ផ្លូវរថភ្លើងនេះ។
នៅតាមបេតុងអមផ្លូវរថភ្លើង ដែលនៅម្ខាងជាផ្លូវរថភ្លើង និងខាងត្បូងផ្លូវរថភ្លើង សុទ្ធសឹងជាផ្ទះរបស់ពលរដ្ឋ ដែលផ្ទះភាគច្រើនមានដំបូលប្រក់ស័ង្គសី និងក្រាលដោយការចាក់សាប។ ពលរដ្ឋខ្លះកំពុងលក់ដូរ ខ្លះអង្គុយលើម៉ូតូចាំឌុបម៉ូយ ខ្លះទៀតអង្គុយខាងមុខផ្ទះ ស្របពេលមានមនុស្សមួយចំនួន ក៏ស្រែកហៅម៉ូយ ដើម្បីលក់គ្រៀងញៀនទាំងកណ្តាលថ្ងៃដែរ។
ពលរដ្ឋនៅភូមិ៣ក្នុងសង្កាត់ស្រះចក លោក សេង សុផល បានអះអាងថា បច្ចុប្បន្នសកម្មភាពចែកចាយគ្រឿងញៀននៅតែបន្តសកម្មភាពទាំងថ្ងៃទាំងយប់ បើទោះបីកន្លងមក សមត្ថកិច្ចបានចុះមកចាប់ជាបន្តបន្ទាប់ក៏ដោយ។ ក្នុងវ័យ៥០ឆ្នាំ លោក សេង សុផល ដែលរស់នៅតំបន់នេះជាង១០ឆ្នាំមកហើយនោះ បានអះអាងយ៉ាងដូច្នេះថា៖ «រស់នៅទីនេះមិនសូវល្អប៉ុន្មានទេ វាមានអាពួកលក់គ្រឿងញៀន តែអ្នកលក់ លក់តែគេ យើងនៅធម្មតា យើងនៅក្នុងស្រុកនេះមិនអីទេ អ្នកលក់ច្រើនតែមកពីក្រៅ អ្នកនៅក្នុងស្រុកនេះ អត់មាននរណាលក់ទេ គ្រាន់តែវាចេញចូលៗ ខ្លាចដែរហ្នឹង។ កូនខ្ញុំមកពីរៀនចូលផ្ទះបាត់ហើយ ខ្ញុំមានការបារម្ភដែររឿងសន្តិសុខ ព្រោះមានការកាប់ចាក់គ្នាអ៊ីចឹងទៅ»។
លោក សេង សុផល ក្រៅពីលក់ដូរបន្តិចបន្តួច លោកក៏ឆ្លៀតរត់ម៉ូតូឌុបនៅទីនេះផង តែលោកមិនឌុបអតិថិជនដែលមកទិញគ្រឿងញៀននោះទេ។ លោកបន្ថែមថា៖«គេអ្នកលក់អ្នកដូរ យើងអត់សូវហ៊ានឌុបដែរ។ យើងឌុបតែអ្នកស្គាល់ក្នុងភូមិ ឬអ្នកជិតខាង។ អ្នកទិញ ខ្ញុំអត់ឌុបទេ ព្រោះខ្លាចពេលយើងចេញទៅ ប៉ូលីសចាប់ ដោយទាំងយើងដែរ។ ជួនកាល វាមិនដែលថាអត់នោះទេ យើងឌុបបានមួយអ៊ីចឹងទៅ យើងចេះតែប្រថុយ ពេលដឹងថាវាមានគ្រឿងញៀន យើងលែងហ៊ានហើយ»។
នៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោក សេង សុផល ពលរដ្ឋម្នាក់ទៀតបានឆ្លៀតពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗទាំងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ កញ្ញា ប៊ី ជាឈ្មោះក្រៅរបស់នាង។ ក្នុងវ័យ២៧ឆ្នាំ ប៊ី ដែលកំពុងរៀបចំលក់បាយ កាហ្វេ និងនំចំណីបន្តិចបន្តួច បានអះអាងថា បើទោះបីទីនេះ មានការចែកចាយគ្រឿងច្រើនក៏ដោយ តែបច្ចុប្បន្ន ចំពោះការលួចឆក់ប្លន់នៅភូមិនេះ មិនមាននោះទេ។
ភ្នែកមើលមុខមើលក្រោយ ទំនងខ្លាចអ្នកចែកចាយគ្រឿងញៀននៅតាមផ្លូវរថភ្លើងផង កញ្ញាពន្យល់ដូច្នេះថា៖ «និយាយទៅ អ្នកនៅនេះ វាមិនហ៊ានធ្វើអ្វីអ្នកនៅក្នុងហ្នឹងទេ បើខាងក្រៅខ្ញុំអត់ដឹងទេ។ តែបើប្រជាជននៅក្នុងភូមិនេះ វាអត់ដែលប៉ះពាល់ទេ។ រឿងសន្តិសុខ ដូចមិនអីដែរ គេនៅតែគេ យើងនៅតែយើង»។
តាមពិតទៅ ពលរដ្ឋនៅតំបន់ជាប់ផ្លូវរថភ្លើងនេះ មួយចំនួនបានរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារ ពួកគេកំពុងរស់នៅផ្ទះ ដែលមិនទាន់មានប្លង់កម្មសិទ្ធិស្របច្បាប់។ ក្រៅពីបារម្ភការបណ្តេញចេញ ពួកគេក៏ទទួលរងថ្មបាក់មួយចំនួនទៀត ដូចជា បញ្ហាគ្រឿងញៀន និងអសន្តិសុខនៅតំបន់នេះ ដែលបានយាយីដល់ការរស់នៅពួកគេ។
លោកតា លីម ហេង អាយុ៨៥ឆ្នាំ កំពុងរស់នៅក្នុងផ្ទះតូចមួយ ដែលមានដំបូងប្រកស័ង្គសី និងក្រាលក្តារ ដោយក្នុងផ្ទះមានលក់ភេសជ្ជៈ និងនំកូនក្មេងតិចតួច។ រស់នៅជាមួយភរិយា និងចៅស្រីម្នាក់ លោក លី ហេង បានអះអាងថា អ្នករស់នៅជាប់ផ្លូវរថភ្លើងនេះ មានបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាគ្រោះថ្នាក់បណ្តាលមកពីរថភ្លើង ការចែកចាយគ្រឿងញៀនទាំងយប់ទាំងថ្ងៃ និងសន្តិសុខសុវត្ថិភាព។
លោកតាបញ្ជាក់យ៉ាងដូច្នេះថា៖ « បញ្ហាសន្តិសុខវិញ ខ្ញុំមានការបារម្ភ ព្រោះមនុស្សខូច តែងតែរត់មកបោះគ្រឿងញៀនចូលផ្ទះយើង ជួនកាលលោតលើដំបូងផ្ទះយើង ផ្លោះយករួចខ្លួន វាចេះតែបារម្ភហើយកូន យើងរស់នៅក្នុងតំបន់នេះ។ បើតាមគ្រួសារអ៊ំគ្មានទេគ្រឿងញៀននោះ មានតែការសិក្សារៀនសូត្រ»។
មានរាងស្គមស្កាំ ស្បែកជ្រាវជ្រួញ លោកតា លីម ហេង ប្រាថ្នារស់នៅក្នុងភាពស្ងប់ស្ងាត់ តែមិនបានដូចបំណងឡើយ ដ្បិតគ្រួសារលោកតាកំពុងរស់នៅក្នុងតំបន់មានសកម្មភាពចែកចាយគ្រឿងញៀន។ ខណៈលោកយាយកំពុងអង្គុយលើក្តារធ្វើម្ហូប លោកតាឯនេះវិញ បានរៀបរាប់ទាំងទឹកមុខស្រពោនថា៖ «អ៊ំសុំថា ពេលដេកឡើង ឲ្យមានស្ងាត់ខ្លះ។ អ៊ំចាស់ៗហើយ ចង់តែបានស្ងាត់ បើកធម៌ស្តាប់រាល់យប់រាល់ព្រឹក ចង់បានតែស្ងាត់ ប៉ុន្តែពេលគេលក់គ្រឿងញៀនហ្នឹងទៅ ម៉ូតូផ្អើលលិចផ្អើលកើត ឈូលិចឈូកើត។ សុំឲ្យក្មួយអ្នកកាសែតសូមជួយផងទៅ ហើយខាងសមត្ថកិច្ចខាងគ្រឿងញៀនហ្នឹង សូមជួយផងទៅ»។
នៅក្នុងទីក្រុងភ្នំពេញ ដែលជាទីក្រុងសម្បូរដោយផ្ទះថ្មធំៗ មានភ្លើងពណ៌ល្អឆើតឆាយ មានអគារខ្ពស់ៗជាច្រើន ទំនងជាឋានសួគ៌សម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែការរស់នៅតំបន់រថភ្លើងនៅចំកណ្តាលក្រុងភ្នំពេញនេះវិញ បែរជាក្លាយជាតំបន់ចែកចាយគ្រឿងយ៉ាងអនាធិបតេយ្យ ដែលធ្វើពលរដ្ឋរស់នៅក្នុងតំបន់នេះ មានភាពភ័យខ្លាចគ្រប់ពេលវេលាទៅវិញ។
ត្រង់ចំណុចនេះលោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា មូលហេតុដែលមានការចែកចាយសកម្មនៅក្នុងតំបន់ផ្លូវរថភ្លើង គឺបណ្តាលមកកន្លែងហ្នឹង មានភូមិសាស្ត្រស្មុគស្មាញ ហើយធ្វើឱ្យសមត្ថកិច្ចពិបាកបង្ក្រាប។
«មកកន្លែងហ្នឹង វាស្មុគស្មាញ ដូច្នេះ សមត្ថកិច្ចពិបាកចូលទៅដល់។ សមត្ថកិច្ចចូលទៅ វាបែកៗ អ្នកដែលទិញគ្រឿងញៀនចូលទៅវាស្រួល។ គេមានវិធីច្រើនក្នុងការដោះស្រាយបញ្ហា ប៉ុន្តែ ការដោះស្រាយបញ្ហា មានពេលខ្លះទៅ ក៏ឆកល្វែង ទើបមានអ្នកឆ្លៀតឱកាសធ្វើអ្វីផ្តេសផ្តាស។ សួរទៅមូលដ្ឋានច្បាស់ជាង។ ចំណុចសំខាន់ ខ្ញុំដឹងថា ពិបាកគ្រប់គ្រងដោយសមត្ថកិច្ច ដូចជា តំបន់ត្រពាំងឈូក ទាល់តែរុះចេញអស់ទៅ បានលែងមានបញ្ហា។ កន្លែងហ្នឹង ត្រូវធ្វើយ៉ាងម៉េច វាពិបាក ព្រោះពលរដ្ឋរស់នៅ គ្រាន់តែរដ្ឋអំណាចគ្រប់គ្រងគាត់ ក៏មិនបានផង។ ដូច្នេះ ទាល់តែរកវិធីផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឲ្យងាយស្រួលទាំងការរស់នៅរបស់ពលរដ្ឋ ងាយស្រួលដល់រដ្ឋអំណាចគ្រប់គ្រង និងងាយស្រួលដល់សមត្ថកិច្ចត្រួតពិនិត្យ»។ នេះជាការបញ្ជាក់របស់លោក មាស វីរិទ្ធ។
បើតាម លោក មាស វិរិទ្ធ តាមការអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនកន្លងមក ទីតាំងដែលមានការចែកចាយ និងជក់គ្រឿងញៀនច្រើននៅរាជធានីភ្នំពេញ ភាគច្រើនជាកន្លែងមានភូមិសាស្ត្រស្មុគស្មាញ ដែលធ្វើឲ្យសមត្ថកិច្ចពិបាកទៅដល់។ ដោយសារមើលឃើញបញ្ហានេះលោក វីរិទ្ធ ស្នើឱ្យពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ដូចជា រាយការណ៍ជូនសមត្ថកិច្ច ឬថតសកម្មភាពបទល្មើសបញ្ជូនទៅសមត្ថកិច្ច ឬអាជ្ញាធរ ដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហាគ្រឿងញៀននេះ ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុស្រួលតើ ឲ្យតែពលរដ្ឋនៅម្តុំហ្នឹង មានការសហការជាមួយសមត្ថកិច្ច អ្នកណាជួញដូរគ្រឿងញៀន អ្នកណាប្រើប្រាស់គ្រឿងញៀន មានសេចក្តីក្លាហានរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។ ហើយប្រព័ន្ធទទួលព័ត៌មានមានច្រើនតើ ដូចជា វេបសាយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រាន់តែថតមក ឈ្មោះអីៗ ឲ្យតែគេប្រព្រឹត្តបទល្មើស កុំឲ្យតែថតគេមិនប្រព្រឹត្តបទល្មើស»។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ពិតណាស់វាជាប្រធានបទមួយ ដែលប្រជាពលរដ្ឋតែងតែព្រួយបារម្ភ ដូចគ្នានឹងបញ្ហាផ្សេងៗដែរ ដូចជា បញ្ហាសំរាម បញ្ហាកកស្ទះចរាចរណ៍ជាដើម។ នេះជាការបញ្ជាក់របស់លោក ម៉េត មាសភក្តី ដែលបានបន្ថែមថា សាលារាជធានីនៅតែបន្តខិតខំប្រឹងប្រែងបង្ក្រាប និងលុបបំបាត់គ្រឿងញៀន ស្របតាមយន្តការដែលមានស្រាប់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលយើងជាសេនាធិការស្ថិតក្រោមការដឹកនាំក្រសួងមហាផ្ទៃ ដែលយើងមានគណៈកម្មការសម្រាប់លុបបំបាត់គ្រឿងញៀនខុសច្បាប់នេះ ក៏ខិតខំធ្វើការបោសសំអាត បង្ក្រាបទៅតាមយន្តការទាំងយន្តការរបស់គណៈកម្មការរបស់ក្រុង និងការងារអាជ្ញាធរមូលដ្ឋាន។ បញ្ហាគ្រឿងញៀន មិនងាយស្រួលប៉ុន្មានទេក្នុងការលុបបំបាត់ទាំងស្រុងក្នុងរយៈពេលខ្លីនោះ។ តែយ៉ាងណាក៏ដោយ ការចូលរួម និងខិតខំបន្តអនុវត្តន៍ផែនការលុបបំបាត់គ្រឿងញៀន»។
របាយការណ៍បូកសរុបការងារស្តីពីបទល្មើសគ្រឿងញៀន នៅឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថា សមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង៣,៣ពាន់ករណី ឃាត់មនុស្សជាង៧ពាន់នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាង៣០០គីឡូក្រាម កញ្ឆាស្រស់ជាង៤,៧ម៉ឺនដើម និងសម្ភារមួយចំនួនទៀត។ ហើយសមត្ថកិច្ចបានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនចំនួន ១២នាក់ និងខ្សែរយៈបណ្ដាញចំនួន ៥២ នាក់៕