ជាតិ
លោក ថោង ខុន​៖ ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​អង្គរ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​
08, Dec 2019 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​អង្គរ ខេត្តសៀមរាប នៅ​ថ្ងៃទី​៨ ខែធ្នូ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចំនួន​១​ម៉ឺន​២​ពាន់​នាក់​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​លើកឡើងថា ចំនួន​ភ្ញៀវទេសចរ​នេះ នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថ្មី​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្តសៀមរាប​។

 
​លោក ថោង ខុន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ឆ្នាំនេះ មាន​អ្នកចូលរួម​ប្រមាណ​១២,១៧៥ ដែល​មកពី​៨៥​ប្រទេស ដែល​កើន​ឡើងដល់​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ បើតាម​លោក ថោង ខុន ទិវា​នេះ ពិតជា​នាំមក​នូវ​កាលា​នុ​វ​ឌ្ឍ​ភាព​ថ្មីៗ​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ចសង្គម គឺ​ស្រប​ពេលដែល​កម្ពុជា​កំពុងតែ​រស់នៅក្នុង​សន្តិភាព ស្ថេរភាព​នយោបាយ និង​សម្បូរ​សប្បាយ​។ 
 
«​ខ្ញុំ​ពិតជា​មាន​មោទកភាព​ណាស់ ដែល​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ បានក្លាយ​ជា​ដែក​ឆក់​ថ្មី នៃ​ផលិតផល​ទេសចរណ៍​ច្នៃ​បង្កើត​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​រ៉ាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល​តែមួយ​។ ក្រសួងទេសចរណ៍ និង​គ្រប់ភាគី​ពាក់ព័ន្ធ បាន​ខិតខំ​ប្រឹងប្រែង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថ្មីៗ ប្លែកៗ​បន្ថែមទៀត ដើម្បី​សម្រេច​គោលដៅ​កំណើន​ទេសចរ​អន្ដរជាតិ​ដល់ ៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។


 
​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ មាន​អ្នករត់​២១​គីឡូម៉ែត្រ ចំនួន​៣,០៧៩​នាក់ អ្នករត់ ១០​គីឡូម៉ែត្រ​មាន​៥,០២៩​នាក់​, អ្នករត់​៥​គីឡូម៉ែត្រ​មាន​១,៨០៤​នាក់ និង​អ្នករត់​៣​គីឡូម៉ែត្រ​មាន ២,២៦៣​នាក់​។ ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏មាន​ការប្រណាំង​ម៉ូតូ​ធំ​ដែលមាន​អ្នកចូលរួម​ចំនួន​៥​ម៉ឺន​នាក់ ចូលរួមចំណែក​ផ្សព្វផ្សាយ​វិស័យ​កីឡា និង​ទេសចរណ៍​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​៕ 
 
 

Tag:
 ​ថោង ខុន​
 ​សៀមរាប​
 ​ម៉ា​រ៉ា​តុង​
 ​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com