ជាតិ
២៥ខេត្ត/រាជធានី
លោក ឃី លាង នាំពូជស្លឹកគ្រៃពីម៉ាឡេស៊ី មកដាំនៅកម្ពុជា ដើម្បីផលិតជាប្រេង នាំចេញទៅបារាំង ប្រភេទស្លឹកគ្រៃYAVA1ចម្រាញ់យកប្រេង
× ភ្នំពេញ៖ លោក ឃី លាង បានយកពូជស្លឹកគ្រៃពីប្រទេសម៉ាឡេស៊ីមកដាំនៅកម្ពុជា ដើម្បីចម្រាញ់យកប្រេង នាំចេញទៅប្រទេសបារាំង។ ក្នុងមួយថ្ងៃ ប្រធានសមាគមន៍ អភិវឌ្ឍន៍ កសិកម្មកម្ពុជារូបនេះ បាននាំប្រេងស្លឹកគ្រៃទៅបារាំង ពី២ទៅ៣តោន ដោយ លោក បានបញ្ជាក់ថា ទំហំនៃការនាំប្រេងស្លឹកគ្រៃចេញនេះ គឺមិនគ្រប់ នឺងតម្រូវការទីផ្សារឡើយ។
ស្លឹកគ្រៃដែលលោក ឃី លាង យកមកដាំនៅកម្ពុជា គឺជាប្រភេទពូជស្លឹកគ្រៃYAVA1 ដែលបម្រើក្នុងវ័យឧស្សាហកម្ម ដោយស្លឹកគ្រៃក្នុងទម្ងន់១០០គីឡូក្រាម អាចចម្រាញ់ប្រេងបាន១លីត្រ។ បើតាមលោក លាង ដែលមានបទពិសោធន៍ដាំស្លឹកគ្រៃប្រេងអស់រយៈពេល២ឆ្នាំកន្លងមកនេះ ការដាំស្លឹកគ្រៃYAVA អាចឱ្យប្រជាកសិករ ប្រមូលផលបាន៨ដងក្នុងមួយឆ្នាំ ហើយក្នុងផ្ទៃដីមួយហិកតា ស្លឹកគ្រៃប្រភេទនេះ អាចផ្តល់ទិន្នផលបានជាមធ្យម១០តោន ក្នុងមួយដង។ សម្រាប់ស្លឹកគ្រៃខ្មែរវិញ គឺជាប្រភេទពូជស្លឹកគ្រៃគ្រឿង ក៏អាចចម្រាញ់យកប្រេងបានដែរ ប៉ុន្តែត្រូវចំណាយស្លឹកគ្រៃរហូតដល់៧០០គីឡូក្រាម បានអាចចម្រាញ់យកប្រេងបាន១លីត្រ។
សព្វថ្ងៃនេះលោក ឃី លាង បានពង្រីកផ្ទៃដីដាំដុះប្រភេទស្លឹកគ្រៃYAVAនេះ នៅកំពង់ធំ២០ហិកតា និងផ្ទៃដីជាច្រើនហិកតាទៀត នៅខេត្តសៀមរាប និងពោធិ៍សាត់។ ក្រៅពីការពង្រីកការដាំដុះនេះ លោក ក៏បញ្ជាទិញស្លឹកគ្រៃពីប្រជាកសិករ ក្នុងតម្លៃជាប់កិច្ចសន្យាចាប់៥២ដុល្លារ ក្នុងមួយតោន និងទិញប្រេងស្លឹកគ្រៃលើតម្លៃ១៣ដុលា្លរ ក្នុងមួយលីត្រ។
អ្នកជំនាញកសិកម្មនិងទីផ្សាររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា ការដាំស្លឹកគ្រៃនេះ កសិករមិនត្រឹមតែងាយស្រួលដាំដុះនោះទេ គឺថែមទាំងជួយកែលម្អដីឱ្យមានជីវជាតិ ព្រមទាំងទទួលបានប្រាក់ចំណូលពីការដាំស្លឹកគ្រៃលើផ្ទៃដីមួយហិកតា ពី៣០០០ទៅ៥០០០ដុល្លារក្នុងមួយឆ្នាំ ផងដែរ។ លោកបានពន្យល់ដូច្នេះ៖«ការដាំស្លឹកគ្រៃដំបូង យើងចំណាយពេលថែទាំ ៦ខែ បានយើងអាចច្រូតឬកាត់ស្លឹកគ្រៃ យកទៅទីផ្សារបាន ប៉ុន្តែក្រោយៗមកទៀត យើងចំណាយពេលថែទាំត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបែបនេះ បានរហូតដល់៥ឆ្នាំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com