អន្តរជាតិ
គួរឲ្យបារម្ភ ការសិក្សាបង្ហាញថា កុមារ៨៧%មើល screen ហួសកាលកំណត់ រូបតំណាង
× ការសិក្សាមួយ បានរកឃើញថា កុមារ៨៧ភាគរយ បានចំណាយពេលវេលានៅមុខ screen (ទូរសព្ទស្មាតហ្វូន អាយផេត និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ) ហួសកំណត់ ពោលគឺរយៈពេលគុណដល់ទៅបី ជាពិសេសសម្រាប់កុមារអាយុចន្លោះពី១២ខែ ដល់៣ឆ្នាំ។
លទ្ធផលនៃការសិក្សាដែលផ្សាយនៅលើ JAMA Pediatrics បានបង្ហាញថា កុមារដែលមានអាយុ១២ខែ ចំណាយពេលជាមធ្យមមើលទូរទស្សន៍ កុំព្យូទ័រ ឬក៏ទូរសព្ទដៃ ប្រមាណ៥៣នាទីក្នុង១ថ្ងៃ។ អត្រាឡើងខ្ពស់ដល់ទៅ១៥០នាទីក្នុង១ថ្ងៃសម្រាប់កុមារដែលឈានដល់អាយុ៣ឆ្នាំ។
អង្គការសុខភាពពិភពលោក (WHO) កាលពីខែមេសា កន្លងមក បានចេញការណែនាំថ្មី ដោយបញ្ជាក់ថា កុមារក្រោមអាយុ១ឆ្នាំ មិនត្រូវមើល screen នោះឡើយ រីឯកុមារអាយុក្រោម៥ឆ្នាំ អាចមើលដោយមិនលើសពី១ម៉ោងក្នុង១ថ្ងៃ។
ភ្នាក់ងារស្រាវជ្រាវ American Academy of Pediatrics ក៏បានផ្តល់អនុសាសន៍ផងដែរថា ព័ត៌មានឌីជីថល មិនគួរជ្រាបដល់ក្មេងដែលមានអាយុក្រោម១៨ខែនោះឡើយ។ កុមារពីអាយុ១៨ខែ ដល់២៤ខែ អាចមើលបានតិចតួចបំផុត ហើយត្រូវមានការកំណត់ត្រឹម១ម៉ោងក្នុង១ថ្ងៃសម្រាប់ចន្លោះអាយុពី២ ទៅ៥ឆ្នាំ។
ក្នុងចំណោមកុមារ៨៧ភាគរយដែលប្រើ sreen ហួសកំណត់ កុមារអាយុចន្លោះពី៧ ទៅ៨ឆ្នាំ ក៏មានកម្រិតគួរឲ្យព្រួយបារម្ភផងដែរ ដោយក្រុមអ្នកស្រាវជ្រាវ ចង់ឲ្យពួកគេចំណាយពេលឲ្យច្រើនទៅលើសកម្មភាពនៅសាលារៀន។
ការសិក្សាក៏បានរកឃើញផងដែរថា កូនដែលកើតចេញពីឪពុកម្តាយដែលមានការអប់រំខ្ពស់ ហាក់មានហានីភ័យកម្រិតទាប ខណៈក្មេងស្រី មានអត្រាតិចជាងគេប្រុស។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវក៏បានសន្និដ្ឋានផងដែរថា បណ្តាស្ត្រីដែលទើបមានកូនលើកដំបូង ហាក់បណ្តោយឲ្យកូនមើល Screen តាមចិត្តជាងម្តាយដទៃទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com