អន្តរជាតិ
កម្មករ​រ៉ែ​មាស​នៅ​អាហ្វ្រិក​ខាងត្បូង​៤​នាក់​ស្លាប់​ដោយសារ​ថ្ម​ធ្លាក់​សង្កត់ ខណៈ​ឆ្នាំមុន​ស្លាប់​៨១​នាក់​
08, Dec 2019 , 3:22 pm        
រូបភាព
ប្រភពរូបថត៖ iStock
ប្រភពរូបថត៖ iStock
ដោយ: ថ្មីៗ
​កម្មករ​រុករក​រ៉ែ​មាស​៤​នាក់ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ៤​នាក់​បាន​ស្លាប់ ក្រោយ​ជាប់​កប់​ក្រោម​ដី ដោយសារតែ​ថ្ម​ធ្លាក់​សង្កត់​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដោយយោង​តាម​ប្រធាន​សហភាព​កម្មករ​រុក​រ៉ែ​នៅ​អាហ្វ្រិក​ខាងត្បូង (NUM) នៅ​ថ្ងៃអាទិត្យ​។​

 
​កាលពី​ថ្ងៃ​សុក្រ កម្មករ​ម្នាក់​ត្រូវបាន​សង្គ្រោះ ជាមួយនឹង​ស្ថានភាព​របួស​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​គ្រោះថ្នាក់​ធ្លាក់​រលំ​ផ្ទាំង​ថ្ម នៅ​តំបន់​រុករក Tau Lekoa Mine នៃ​ក្រុង Orkney ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​នៅថ្ងៃនេះ NUM បានប្រកាស​ពី​ដំណឹង​មរណភាព​របស់​កម្មក​រ​៤​នាក់ ដោយ​ពួកគេ​ដាច់​ទំនាក់ទំនង​ជិតឈឹង​ជាមួយ​ក្រុម​សង្គ្រោះ​។​
 
​លោក Joseph Montisetse ប្រធាន​សហភាព NUM បានបញ្ជាក់​ឲ្យ​ដឹងថា ភ្លាមៗ មាន​កម្មករ​ម្នាក់​បាន​ស្រែក​សុំ​ជំនួយ​អុកស៊ីហ្សែន​ផងដែរ​។​
 
​ករណី​គ្រោះ​ថ្នាក់លើ​កម្មករ​រុក​រ៉ែ​នៅ​អាហ្វ្រិក​ខាងត្បូង​មិនមែនជា​រឿង​ថ្មី​នោះឡើយ ដោយសារ​ជម្រៅ​ដែល​រុករក​គឺ​ជ្រៅ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ បើតាម​នាយកដ្ឋាន​ធនធាន​រ៉ែ​របស់​ប្រទេស​នេះ មនុស្ស​៨១​នាក់ បាន​ស្លាប់​កាលពី​ឆ្នាំមុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com