ជាតិ
សម្ដេច ទៀ បាញ់ ទទួលស្គាល់ថា សៀមរាបនៅខ្វះសម្ភារជួយសង្គ្រោះបន្ទាន់ ពេលមានគ្រោះថ្នាក់ធំៗ
09, Dec 2019 , 7:59 am        
រូបភាព
សម្ដេច ទៀ បាញ់ អំឡុងពេលចុះពិនិត្យសំណង់អាគារសាលាឆាន់ វត្តប្រាសាទគោកចក  ដែលបានបាក់ប្លង់សេសង្កត់មនុស្សស្លាប់៣នាក់ របួស១៦នាក់ នាថ្ងៃទី៣ ធ្នូ
សម្ដេច ទៀ បាញ់ អំឡុងពេលចុះពិនិត្យសំណង់អាគារសាលាឆាន់ វត្តប្រាសាទគោកចក ដែលបានបាក់ប្លង់សេសង្កត់មនុស្សស្លាប់៣នាក់ របួស១៦នាក់ នាថ្ងៃទី៣ ធ្នូ
​សៀមរាប​៖ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប សម្ដេច ទៀ បាញ់ ក៏​សម្ដែង​ការសោកស្ដាយ​មិនតិច​ទេ បន្ទាប់ពី​កើតហេតុ​បាក់​សាលាឆាន់​នៅ​បរិវេណ​វត្ត​ប្រាសាទ​គោកចក កាលពី​ថ្ងៃទី​២ ធ្នូ​កន្លងមក​។ សម្ដេច​បាន​ចូលរួម​សោកស្ដាយ​និង​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​រងគ្រោះ ពិសេស​អ្នក​ដែល​ស្លាប់​ចំនួន​៣​នាក់​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​

 
​ក្រៅពី​សោកស្ដាយ​ទៅនឹង​ហេតុការណ៍​ដ៏​រន្ធត់​និង​មិន​នឹកស្មាន​មុននេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ក៏បាន​កោតសរសើរ​ដល់​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​ជោគជ័យ និង​បាន​កាយ​គំនរ​ថ្ម​បេតុង លាយឡំ​នឹង​រន្ទា​ដែក​យ៉ាង​ច្រើនសន្ធឹក នា​រាត្រី​ម៉ោង​២​ភ្លឺ​នៅ​ថ្ងៃកើតហេតុ​។ យ៉ាងណា សម្ដេច​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ទៅ​សមត្ថកិច្ច​គ្រប់​ថ្នាក់​ទាំងអស់ ត្រូវមាន​ការត្រួតពិនិត្យ​សំណង់​គ្រប់​ប្រភេទ​ដោយ​មិន​ត្រូវឱ្យ​កើតហេតុ​ដូចនេះ​ជាថ្មី​ទៀតឡើយ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ពេល​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​នៅ​រសៀល​ថ្ងៃទី​៣ ធ្នូ សម្ដេច ទៀ បាញ់ បាន​លើកឡើងថា កន្លងមក​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បញ្ជា​ឱ្យមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​វិស័យ​សំណង់​ក្នុង​ខេត្ត ដោយមាន​សំណង់​ខ្លះ​ត្រូវបាន​ផ្អាក ខ្លះ​វាយចោល​ក៏មាន តែ​ករណី​អាគារ​ក្នុង​វត្ត​អារាម​នេះ​ពិបាក​បន្ដិច ព្រោះ​វា​បម្រើ​ដល់​វិស័យ​ពុទ្ធសាសនា ជាងនេះទៀត​សំណង់​នេះ​បាន​កសាង​ទុកចោល​យូរ​មកហើយ តែ​ទើបនឹង​រៀបចំ​ចាក់​បេតុង​សង់​បន្តទៀត​។ សម្ដេច ទៀ បាញ់ ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​អ្នកជំនាញ​បាន​រកឃើញថា សំណង់​ដែល​បាក់​នេះ​បណ្ដាលមកពី​បញ្ហា​គ្រឹះ​និង​សសរ​។​
 
​ទាក់ទង​នឹង​ការជួយ​សង្គ្រោះបន្ទាន់​នេះដែរ សម្ដេច ទៀ បាញ់ បាន​ទទួលស្គាល់ថា កម្លាំង​ជំនាញ​ខេត្តសៀមរាប​មាន​កង្វះខាត​បច្ចេកទេស សម្ភារ​ជួយសង្គ្រោះ​បន្ទាន់ពេល​កើតហេតុ​ធំ​ម្ដងៗ ដូចជា​សម្ភារ​ស្វ័យប្រវត្តិ ឧបករណ៍​កាត់ គាស់ ឬ​គីប​សម្ភារ​ឡើងជា​ដើម ចំណែក​កម្លាំង​មនុស្ស​មិនមាន​បញ្ហា​ចោទ​ទេ​។ សម្ដេច​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ក​ម្លាំ​ង​ប្រជាជន​ដែល​បានបង្ហាញ​ស្មារតី​ចូលរួម សហការ​សង្គ្រោះ​ជនរងគ្រោះ​ពី​គំនរ​បាក់បែក​យ៉ាងច្រើន​គួរឱ្យ​ស្ងប់​ស្ងែ​ង​។ 
 
​បន្ថែម​ពីនេះ សម្ដេច ទៀ បាញ់ បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មាន​រដ្ឋបាលខេត្ត វត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបានធ្វើ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅពេលនេះ និង​ត្រូវ​រក​អ្នកទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​។​
 
​គួររម្លឹកថា ហេតុការណ៍​បាក់​អាគារ​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃទី​២ ធ្នូ ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​១៦​នាក់​៕
 
 
 
 
 
 
 
 

Tag:
 បាក់​សាលាឆាន់​
  វត្ត​ប្រាសាទ​គោកចក​
  ទៀ បាញ់
  ទៀ សីហា​
© រក្សាសិទ្ធិដោយ thmeythmey.com