អន្តរជាតិ
KCNA៖ កូរ៉េខាងជើង​ប្រកាស​ជោគជ័យ​លើ​សាកល្បង​ដ៏​មាន​ធំ​មួយ​នៅ​មណ្ឌល​ផ្កាយរណប​
08, Dec 2019 , 10:29 pm        
រូបភាព
មេដឹកនាំគីម ជុងអ៊ុន មើលការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិក កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ AFP
មេដឹកនាំគីម ជុងអ៊ុន មើលការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិក កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ AFP
​កូរ៉េខាងជើង បានប្រកាស​លទ្ធផល​ជោគជ័យ​យ៉ាង​ធំធេង លើ​ការសាកល្បង​ដ៏​សំខាន់​មួយ នៅក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Sohae​។ បើតាម​ការសន្យា​ជាមួយ​អាមេរិក  កូរ៉េខាងជើង បាន​បិទ​តំបន់​មួយ​នេះ​ជា​យូរ​មកហើយ​។ ពោលគឺ​ការបិទ​នេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​សិង្ហ​បុរី​មក​ម្លេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​៨ ខែធ្នូ​។



​បន្ទាប់ពី​ព្រមាន លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ឲ្យ​ឈប់​ហៅ​លោក គីម ជុង​អ៊ុន ថា​ជា​«​បុរស​រ៉ុក្កែត​» ពេលនេះ​កូរ៉េខាងជើង បានប្រកាស​ជា​សាធារណៈ​ថា ខ្លួន​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​លើ​ការសាកល្បង​ដ៏​ធំ​មួយ​។ 
 
​យ៉ាងណាក៏ដោយ មក​ទាល់​ពេលនេះ គេ​មិនទាន់​ដឹង ថា​តើ​កូរ៉េខាងជើង​ប្រកាស​ពី​ភាពជោគជ័យ​លើ​អ្វី​ទេ​។ បើតាម​ជំនាញ​កិច្ចការ​នុយក្លេអ៊ែរ​របស់​អាមេរិក លោក Vipin Narang  ទីក្រុង​ព្យុងយ៉ាង ទំនងជា​សាកល្បង​លើ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត ច្រើនជាង​ការបាញ់​សាកល្បង​មី​ស៊ី​ល​។ ប្រសិនបើ​វា​ជាការ​សាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​មែន វា​នឹង​កាន់តែ​គ្រោះថ្នាក់ ព្រោះ​ម៉ាស៊ីន​ប្រភេទ​នេះ វា​នឹង​ជា​ជំនួយ​ក្នុង​ការបាញ់មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ការសាកល្បង​នេះ បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Sohae ក្នុង​ទីតាំង​សាកល្បង​អាវុធ Tongchang-ri​។ បើតាម​ការអះអាង​រប​ស់​ទីក្រុង​ព្យុងយ៉ាង​កន្លងមក ទីតាំង​Tongchang-ri កម្ទេច​ម្តង​រួចមកហើយ បន្ទាប់ពី​ជំនួប​លើកទីមួយ រវាង​លោក​ត្រាំ និង​លោក​គីម នៅ​សិង្ហ​បុរី​។ ប៉ុន្តែ​ទីតាំង​នេះ ទំនងជា​ជួសជុល​ឡើងវិញ បន្ទាប់ពី​កិច្ចចរចា​នុយក្លេអ៊ែរ​លើក​ទី​ពីរ​រវាង​លោក​ត្រាំ និង​លោក គីម នៅ​វៀតណាម​ត្រូវ​បរាជ័យ ៕
 

Tag:
 កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com