អន្តរជាតិ
ហ្វាំងឡង់៖ វ័យត្រឹម៣៤ឆ្នាំ អ្នកស្រី Sanna Marin ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេលើលោក អ្នកស្រី Sanna Marin នាយករដ្ឋមន្រ្តីក្មេងជាងគេរបស់ហ្វាំងឡង់។ រូបភាព Quartz
× បក្សកាន់អំណាចហ្វាំងឡង់ នៅថ្ងៃទី៨ ខែធ្នូ បានជ្រើសរើសតំណាងរាស្ត្រ Sanna Marin ជានាយករដ្ឋមន្ត្រីថ្មី បន្តពីលោក Antti Rinne ដែលសុំលាលែងពីតំណែង។ ក្នុងវ័យត្រឹម៣៤ឆ្នាំ អ្នកស្រី Marin នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ហ្វាំងឡង់ និងជាមេដឹកនាំក្មេងជាងគេលើពិភពលោកផងដែរ។ បញ្ហាចម្បងដែលរង់ចាំអ្នកស្រី Marin គឺការតវ៉ាជាច្រើនថ្ងៃរបស់បុគ្គលិកប្រៃសណីយ៍ដែលធ្វើឲ្យលោក Rinne អស់តំណែង។
អ្នកស្រី Sanna Marin ទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិតក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សសង្គមប្រជាធិបតេយ្យ ដែលជាបក្សមានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះកំពុងកាន់អំណាច។ អ្នកស្រី នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូខាងមុខ ដើម្បីបន្តដឹកនាំប្រទេសពីលោក Antti Rinne ដែលបានដាក់ពាក្យលាលែងក្រោយបាត់បង់ទំនុកចិត្តពីបក្សកណ្ដាលនិយមកាលពីសប្ដាហ៍មុន ដោយសារមិនអាចដោះស្រាយបញ្ហាបាតុកម្មបាន។
លោក Rinne ដែលដឹកនាំប្រទេសចាប់ពីខែមិថុនាមក បានជាប់សង្ស័យថា បានគាំទ្រគម្រោងកាត់បន្ថយបុគ្គលិកក្រុមហ៊ុនប្រៃសណីយ៍ហ្វាំងឡង់ចំនួន៧០០នាក់។ ដោយសារមូលហេតុនេះ ទើបបក្សកណ្ដាលនិយមសម្រេចចិត្តដកសេចក្ដីទុកចិត្តពីរូបលោកទៅ។
ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសនៅតំបន់ស្កង់ឌីណាវអ្នកស្រី Marin និយាយថា អ្នកស្រីមិនដែលគិតពីអាយុ និងភេទរបស់អ្នកស្រីឡើយ តែគិតពីមូលហេតុដែលនាំឲ្យអ្នកស្រីប្រឡូកនយោបាយ និងកត្តានានាដែលនាំឲ្យអ្នកស្រីឈ្នះការបោះឆ្នោតប៉ុណ្ណោះ។ ឯរឿងតួនាទីកំពូលវិញ អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះអះអាងថា៖ «យើងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីស្ដារការទុកចិត្តឡើងវិញ។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
មានវ័យត្រឹម៣៤ឆ្នាំ អ្នកស្រី Marin ក៏ក្លាយជាមេដឹកនាំរដ្ឋវ័យក្មេងជាងគេផងដែរ។ ពោល គឺក្មេងជាងនាយករដ្ឋមន្ត្រីអ៊ុយក្រែន Oleksiy Honcharuk ដែលមានវ័យ៣៥ឆ្នាំ។ នាយករដ្ឋមន្ត្រីកំពុងកាន់តំណែងមានវ័យចំណាស់ជាងគេ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ដែលមានវ័យ៩៤ឆ្នាំ។
អ្នកស្រី Marin ជាប់ឆ្នោតជាសមាជិកសភាតាំងពីឆ្នាំ២០១៥ មក។ នៅខែមិថុនា លោក Rinne ក៏តែងតាំងអ្នកស្រីជារដ្ឋមន្រ្តីដឹកជញ្ជូន និងគមនាគមន៍ផងដែរ។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ក្រៅពីអ្នកស្រី Marin មេដឹកនាំបក្សនៃសម្ព័ន្ធភាពកាន់អំណាចនៅហ្វាំងឡង់ ក៏ជាស្ត្រី ហើយមានវ័យក្មេងផងរួមមាន អ្នកនាង Kaltri Kulmuni ជាប្រធានបក្សកណ្ដាលនិយម មានវ័យ៣២ឆ្នាំ, អ្នកនាង Li Andersson ប្រធានសម្ព័ន្ធភាពឆ្វេងនិយម មានវ័យ៣២ឆ្នាំ, អ្នកនាង Maria Ohisalo ប្រធានបក្សបៃតង មានវ័យ៣៤ឆ្នាំ និងអ្នកស្រី Anna-Maja Kristina Henriksson ប្រធានបក្សប្រជាជនហ្វាំងឡង់មានអាយុ៥៥ឆ្នាំ៕
Tag:
អឺរ៉ុប
ហ្វាំងឡង់
Sanna Marin
© រក្សាសិទ្ធិដោយ thmeythmey.com