ជាតិ
សង្គមជាតិ
ធាតុអាកាស​ត្រជាក់ នឹង​អូសបន្លាយ​ដល់​ថ្ងៃទី​១៣ ខែធ្នូ
09, Dec 2019 , 11:38 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ដែល​បាន​គ្របដណ្តប់​លើ​កម្ពុ​ជា​នោះ នឹង​ចុះថមថយ​ដោយ​រំកិល​ឡើងលើ​ជា​លំដាប់​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១៣ ខែធ្នូ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ប៉ៃលិន មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៧-១៩ អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៤-២៦​អង្សា ។

 
​រីឯ​ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និង​កោះកុង មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២១​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៥-២៧​អង្សា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល ដោយ​បន្តថា ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០-២២​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៧-២៩​អង្សា​។ ចំណែក​ខេត្តតាកែវ កំពត កែប និង​ព្រះសីហនុ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៨-៣០​អង្សា​។ 
 
​ដោយឡែក ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ធ្នូ បណ្តា​ខេត្ត​នៅជាប់​ក្បែរ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២១-២៣ អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ២៨-៣១ អង្សា​។ រីឯ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២២-២៥ អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ២៩-៣២ អង្សា​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
 
​ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​កងទ័ព​នៅតាម​បន្ទាត់​ព្រំ​ដែ​ន ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ប្រុងប្រយ័ត្ន  បង្ការ និង​ថែរក្សា​សុខភាព​ពី​អាកាសធាតុ​ត្រជាក់ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ធ្នូ​នេះ​៕

Tag:
 ធាតុអាកាស​
 ​ត្រជាក់​
 ​រងា​
© រក្សាសិទ្ធិដោយ thmeythmey.com