អន្តរជាតិ
អតីត​សមាជិកសភា​ឥណ្ឌូណេស៊ី ប្រគល់​លុយ​ពុករលួយ​ឲ្យ​រដ្ឋ និង​សន្យា​កែខ្លួន ពេល​អនុវត្ត​ទោស​រួចរាល់​
09, Dec 2019 , 2:16 pm        
រូបភាព
អតីតសមាជិកសភាឥណ្ឌូណេស៊ី Bowo Sidik Pangarso ។ រូបភាព Antara
អតីតសមាជិកសភាឥណ្ឌូណេស៊ី Bowo Sidik Pangarso ។ រូបភាព Antara
ដោយ:
​តុលាការ​ទទួលបន្ទុក​ប្រឆាំង​អំពើពុករលួយ​របស់​ក្រុង​ហ្សា​ការ​តា បានសម្រេច​កាត់ទោស​អតីត​សមាជិកសភា​ឥណ្ឌូណេស៊ី​មួយរូប​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤ ឆ្នាំ និង​ពិន័យ​ទឹកប្រាក់​មួយចំនួន​។ សេចក្តីសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ បាន​រកឃើញថា ជនជាប់ចោទ ដែលជា​អតីត​ក្រុម​អ្នកតាក់តែង​ច្បាប់​រូបនេះ បាន​ទទួលយក​សំណូក​ពី​ក្រុមហ៊ុន​មួយចំនួន ដើម្បី​ជា​ថ្នូរ​នឹង​ការជំរុញ និង​ព​ន្លឿ​ន​ការងារ​។​

 
​អង្គជំនុំជម្រះ នៃ​តុលាការ​ប្រឆាំង​អំពើពុករលួយ​ហ្សា​ការ​តា​នាពេល​ថ្មីៗ​នេះ បានចេញ​សេចក្តីសម្រេច​ចោទប្រកាន់ លោក Bowo Sidik Pangarso ពីបទ​ពុករលួយ ដោយ​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ​ជិត​ពីរម៉ឺន​ដុល្លារ និង​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្នុង​សេចក្តីសម្រេច​របស់​តុលាការ បាន​បញ្ជាក់ថា អតីត​អ្នកនយោបាយ​គណបក្ស​មាន​ឥទ្ធិពល Golkar និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ទី​៦​របស់​សភា​ឥណ្ឌូណេស៊ី​រូបនេះ បានទទួល​សំណូក​ពី​ក្រុមហ៊ុន​ជាច្រើន ដើម្បី​ជា​ថ្នូរ​នឹង​ការជួយ​ព​ន្លឿ​ន​ការងារ ក៏ដូចជា​កិច្ចសន្យា​វិនិយោគ​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ បន្ថែម​លើ​ការពិន័យ​ជា​ទឹកប្រាក់ និង​ទោស​ពន្ធនាគារ តុលាការ ក៏បាន​ដាក់​បម្រាម​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អង្គនីតិបញ្ញត្តិ​ឥណ្ឌូណេស៊ី​រូបនេះ មិន​ឲ្យ​ប្រលូក​ក្នុង​ការងារ​នយោបាយ និង​ការជ្រើសរើស​ជា​សាធារណៈ​រយៈពេល​៤​ឆ្នាំ បន្ទាប់ពី​អនុវត្ត​ទោស​ពន្ធនាគារ​ចប់សព្វគ្រប់​។ 
 
​តាមពិតទៅ​ការកាត់ទោស​នេះ មាន​លក្ខណៈ​បន្ធូរបន្ថយ​ខ្លះ ពោលគឺ​តាម​បទបញ្ញត្តិ បទល្មើស​របស់លោក ត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ឯណោះ​។ ក៏ប៉ុន្តែ​តាម​ការអះអាង​របស់​តុលាការ ជនជាប់ចោទ​រូបនេះ បាន​សារភាព​កំហុស​របស់ខ្លួន និង​បង្ហាញ​ភាពស្មោះត្រង់ ក៏ដូចជា​គោរព​នីតិវិធី​របស់​តុលាការ ហើយ លោក ក៏បាន​សន្យា​កែប្រែ​ខ្លួន និង​ប្រគល់​ប្រាក់​ដែល​ទទួលបាន​ពី​សំណូក​ទាំងអស់នោះ​ជូន​ទៅជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៀតផង​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ក្នុង​រដ្ឋបាល​ដឹកនាំ​របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ មាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ច្រើន​រូប​មកហើយ ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ ដែល​នេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​សន្យា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ តាំងពី​អាណត្តិ​ទីមួយ​ក្នុងនាម​ជា​ប្រធានាធិបតី​របស់លោក​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com