ស៊ី​ហ្គេម​៖ សិង្ហ​បុរី​ប្រមូល​មេដាយមាស​ពី​កីឡាហែលទឹក​ច្រើន​ដាច់​គេ​ ឯ​ម្ចាស់ផ្ទះ​ទើបបាន​១
កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ សិង្ហ​បុរី​ប្រមូល​មេដាយមាស​ពី​កីឡាហែលទឹក​ច្រើន​ដាច់​គេ​ ឯ​ម្ចាស់ផ្ទះ​ទើបបាន​១
09, Dec 2019 , 2:58 pm        
រូបភាព
​ការប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games២០១៩) បាន​ដំណើរការ​រយៈពេល​៩​ថ្ងៃ​មកហើយ​គិត​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​។ អត្ត​ព​លិ​ក​សិង្ហ​បុរី​បានបង្ហាញ​ភាពខ្លាំង​របស់​ពួកគេ​ក្នុង​ការប្រកួត​កីឡាហែលទឹក ដោយ​រកបាន​មេដាយមាស​ពី​គ្រប់​វិញ្ញ​សា​ទាំងអស់​។ សិង្ហ​បុរី​កំពុង​នាំមុខ​មេដាយ​បណ្តោះអាសន្ន​លើ​ប្រភេទ​កីឡាហែលទឹក​ដោយ​រកបាន​១៨​មេដាយមាស តាម​ពីក្រោយ​ដោយ​វៀតណាម​១០ ហើយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ទើបតែ​ឈ្នះ​១​ប៉ុណ្ណោះ​។​


 
​គិត​ត្រឹម​ថ្ងៃទី​៩ ខែធ្នូ សិង្ហ​បុរី ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​៥​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ ជាមួយ​មេដាយ​សរុប​១២៦ ដោយ​ក្នុងនោះ​មាស​៤៣ ប្រាក់​៣៤ និង​សំរឹទ្ធ​៤៩​។ ហ្វីលីពីន​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​លើក​ទី​៣០ កំពុង​នាំមុខគេ​ដោយ​រកបាន​មេដាយមាស​១១៣ ប្រាក់​៨៦ និង​សំរឹទ្ធ​៨៩ សរុប​២៨៨ តាម​ពីក្រោយ​ដោយ​ឥណ្ឌូណេស៊ី វៀតណាម និង​ថៃ​។​
​អ្វីដែល​គួរ​ចាប់អារម្មណ៍ សិង្ហ​បុរី​ជា​ក្រុម​ដែល​លេចធ្លោ​ខ្លាំងជាងគេ​ក្នុង​ប្រភេទ​កីឡាហែលទឹក​ដោយ​រកបាន​មេដាយ​ច្រើនជាងគេ​សរុប​២៨ ក្នុងនោះ​មាស​១៨ ប្រាក់​៧ និង​សំរឹទ្ធ​៣​។



វៀតណាម​ក៏​មិនធម្មតា​ដែរ ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី​២​ក្នុង​ប្រភេទ​កីឡាហែលទឹក ដោយ​រកបាន​មាស​១០ ប្រាក់​៥ និង​សំរឹទ្ធ​៨ សរុប​២៣​។ ដោយឡែក​ថៃ​នៅ​លេង​រៀង​ទី​៣ រកបាន​មាស​មួយ ប្រាក់​៧ និង​សំរឹទ្ធ​៤ សរុប​១២ ខណៈ​ម្ចាស់​ហ្វីលីពីន​ក៏​ទើប​រកបាន​មេដាយមាស​តែ​១​ដែរ​ពី​កីឡាហែលទឹក​នេះ និង​ប្រាក់​៦ និង​សំរឹទ្ធ​៧ សរុប​១៤​។​
 
​ឥណ្ឌូណេស៊ី​រកបាន​មាស​១ ប្រាក់​៥ និង​សំរឹទ្ធ​៧ ហើយ​ម៉ាឡេស៊ី​រកបាន​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​៣​។ ចំណែក​កម្ពុជា ទី​ម័​រ​ខាងកើត ឡាវ និង​មី​យ៉ាន់​ម៉ា សុទ្ធតែ​មិនទាន់​បានទទួល​មេដាយ​អ្វី​ឡើយ​ពី​កីឡាហែលទឹក​។​
 
​អត្ត​ព​លិ​ក​សិង្ហ​បុរី​ដែល​រកបាន​មេដាយមាស​រួមមាន តារា​ឆ្នើម Joseph Schooling រកបាន​ពីរ កីឡាករ Darren Chua រកបាន​ចំនួន​៤ កីឡាករ Quah Zheng Wen រកបាន​មាស​៤ កីឡាករ Lionel Khoo រកបាន​១ និង Jonathan Tan រកបាន​២​។ សម្រាប់​ស្ត្រី​កីឡាការិនី Quah Ting Wen រកបាន​មាស​ចំនួន​៥ ការិនី Amanda Lim Xiang Qi បាន​១ ការិនី Elena Lee បាន​១ និង Christie Chue បាន​១៕



Tag:
 SEA Games
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com