ជាតិ
ស្ដារអូរ និងប្រឡាយ៥ខ្សែនៅខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាជាង២លានដុល្លារអាមេរិក រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ អូរប្រឡាយចំនួន ៥ខ្សែ នៅខេត្តព្រះសីហនុ កំពុងដំណើរការស្ដារស្ថាបនាឡើងវិញ ដើម្បីរំដោះជំនន់ទឹកភ្លៀង និងកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។ គម្រោងស្ដារប្រឡាយទឹកនេះ ត្រូវចំណាយទឹកប្រាក់១០ពាន់លានរៀល (ជាង២លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អូរ និងប្រឡាយទាំង ៥ខ្សែ នៅខេត្តព្រះសីហនុ ដែលកំពុងបើកការដ្ឋានស្ដារឡើងវិញនេះ រួមមាន អូរឈើទាល ,អូរអេម៉ារីអូ ,អូរសំអាត ,អូរអណ្តូងអ៊ុនតាក់ និងអូរស្ពានឆេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានអះអាងថា រដ្ឋាភិបាលកំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំកម្មវិធីបើកការដ្ឋាននៅព្រឹកថ្ងៃទី៩ ធ្នូ បាននិយាយដូច្នេះថា៖«កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត»។
កាលពីឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤៧,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣។ បរិមាណទឹកកខ្វក់ ក៏នឹងអាចបន្តកើនរហូតដល់ ៦៤ ០០០ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ នេះបើតាមក្រសួងសាធារណការ។
ក្រៅពីបញ្ហាអូរប្រឡាយនេះ រដ្ឋាភិបាល ក៏កំពុងរៀបចំផែនការពង្រីកកំពង់ផែទឹកជ្រៅ ដែលអាចដឹកជញ្ជូនកាន់តែមានភាពងាយស្រួល សម្រាប់នាវាធុនធំចេញ-ចូល និងផ្តល់តម្លៃដឹកជញ្ជូនកាន់តែថោក, ការជំរុញការកសាងពង្រីកព្រលានយន្តហោះអន្តរជាតិ ដែលអាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បីបម្រើសេវាតាមផ្លូវអាកាស និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ។ លោក ស៊ុន ចាន់ថុល អះអាងបែបនេះ នៅក្នុងពិធីបើកការដ្ឋានស្ដារអូរ និងប្រឡាយទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com