អន្តរជាតិ
អង់គ្លេស ត្រៀម​បោះឆ្នោត​លើក​ទី​បី​ក្នុងពេល​បួន​ឆ្នាំកន្លះ​, លោក ច​ន​សុន រំ​ពឺ​ង​បន្តធ្វើ​នាយករដ្ឋមន្ត្រី
09, Dec 2019 , 9:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន និងមេដឹកនាំប្រឆាំង ជេរេមី ខប៊ីន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន និងមេដឹកនាំប្រឆាំង ជេរេមី ខប៊ីន ។ រូបភាព AFP
​នៅ​ថ្ងៃទី​១៤ ខែធ្នូ​ខាងមុខ ពលរដ្ឋ​អង់គ្លេស នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ជា​លើក​ទី​បី​ក្នុង​រយៈពេល​ត្រឹម​បួន​ឆ្នាំកន្លះ​ប៉ុណ្ណោះ​។ ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដែលជា​ដើមហេតុ​នាំ​ឲ្យ​ការបោះឆ្នោត​មុន​អាណត្តិ​ពេលនេះ ជា​សំណុំរឿង​សំខាន់​ដែល​បក្សនយោបាយ​នានា​យកទៅ​ទាក់ទាញ​ការគាំទ្រ​។ លោក បូរី​ស ច​ន​សុន របស់​បក្ស​អភិរក្ស​កំពុងកាន់​អំណាច រំពឹងថា អាច​បន្ត​ដឹកនាំ​អង់គ្លេស​ទៀត ខណៈ​ត្រូវ​ប្រឈមមុខ​ជាមួយ​លោក ជេ​រេ​មី ខ​ប៊ី​ន គូប្រជែង​ស្រួចស្រាល់​មកពី​បក្ស​ពលករ​។​

 
​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​នៅ​អង់គ្លេស បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃទី​៩ ខែធ្នូ ខណៈ​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន និង​គូប្រជែង​ធំ ជេ​រេ​មី ខ​ប៊ី​ន កំពុង​ព្យាយាម​ប្រមូល​សំឡេងគាំទ្រ​មុន​ការបោះឆ្នោត​ថ្ងៃទី​១៤ ខែធ្នូ​ខាងមុខ​។ ការចាកចេញ​ពី​សហភាព​អឺរ៉ុប នៅតែ​ជា​របៀប​សំខាន់​ក្នុងចំណោម​បក្សនយោបាយ​នានា​។​
 
​លោក ច​ន​សុន រំពឹងថា អាច​ប្រមូលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន​កៅអី​សរុប​៥៥០ ។ បក្ស​អភិរក្ស​បាន​បាត់​សំឡេង​ភាគច្រើន​នេះ​សម័យ​អ្នកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ក្នុងការ​បោះឆ្នោត​កាលពី​ពីរ​ឆ្នាំមុន​។ បើ​មិនអាច​រក​សំឡេង​ភាគច្រើន​ទេនោះ គោលដៅ​ចាក​ចេញពី​អឺរ៉ុប​របស់​បក្ស​អភិរក្ស នឹង​ជួប​បញ្ហា​មិន​ខាន​។ នៅ​ថ្ងៃទី​៨ ខែធ្នូ លោក ច​ន​សុន ចេញមុខ​ព្រមាន​ថា លទ្ធផល​បោះឆ្នោត​ថ្ងៃទី​១៤ មាន​ឥទ្ធិពល​រាប់សិប​ទស​វ​តរ្ស៍​ឯណោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការ​ស្ទាបស្ទង់​បង្ហាញថា បក្ស​អភិរក្ស​លោក ច​ន​សុន មាន​សំឡេង​នាំមុខ​បក្ស​ពលករ​របស់លោក ខ​ប៊ី​ន ចំនួន​១០​ភាគរយ ខណៈ​លោក ខ​ប៊ី​ន មិនទាន់​អាច​រក​សំឡេង​បាន​ច្រើន​ដូច​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​បក្ស​អភិរក្ស​បាត់បង់​សំឡេង​ភាគច្រើន​នោះឡើយ​។ បើ​អាច​រក្សា​គម្លាត​នេះ​បាន បក្ស​អភិរក្ស​អាច​ទទួលបាន​សំឡេង​ភាគច្រើន ហើយ​លោក ច​ន​សុន ក៏​អាច​បន្ត​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​បក្ស​កាន់អំណាច​ផងដែរ​។ 
 
​ក្នុងករណី​បក្ស​ធំ​ទាំងពីរ​មិនអាច​រក​សំឡេង​បាន​គ្រប់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល បក្ស​តូចៗ​មួយចំនួន​ទំនង​ដើរតួ​ជា​កូនជញ្ជីង​។ តួយ៉ាង គណបក្ស​សេរីនិយម​ប្រជាធិបតេយ្យ ដែលជា​បក្ស​ធំ​ទី​បី អាច​កាន់​សន្លឹក​បៀ​សំខាន់ ប៉ុន្តែ​បក្ស​នេះ​ប្រកាន់​ជំហរ​បន្ត​សមាជិកភាព​ក្នុង​សហភាព​អឺរ៉ុប​។ ដូចនេះ វា​អាចជា​រឿង​លំបាក​សម្រាប់​លោក ច​ន​សុន ដែល​ចង់​ចាក​ចេញពី​អឺរ៉ុប ប៉ុន្តែ​ជា​រឿង​ងាយស្រួល​សម្រាប់​បក្ស​ពលករ​ដែលមាន​ជំហរ​មិន​ដាច់ស្រេច​។ 
 
​ការបោះឆ្នោត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ជាការ​ស្នើ​ដោយ​លោក ច​ន​សុន ផ្ទាល់ បន្ទាប់ពី​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​អនុម័ត​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ លោក ច​ន​សុន ទំនងជា​សង្ឃឹម​ខ្ពស់​ក្នុងការ​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ដើម្បី​បន្តដំណើរ​ចាក​ចេញពី​អឺរ៉ុប​ដែល​ជាប់គាំង​ត្រឹម​សភា ខណៈ​សភា​បានចេញ​ច្បាប់​ហាម​រដ្ឋាភិបាល​លោក​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ កាលបរិច្ឆេទ​ចាកចេញ​ចុងក្រោយ គឺ​នៅ​ខែមករា ឆ្នាំ​២០២០ ខាងមុខ​៕ 

Tag:
 Brexit
  អង់គ្លេស​
  បូរី​ស ច​ន​សុន​
© រក្សាសិទ្ធិដោយ thmeythmey.com