អន្តរជាតិ
លោកស្រី ស៊ូ​ជី ទៅ​តតាំង​ក្តី​នៅ​តុលាការ​ឡាអេ​រឿង​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ការពារ​ពួកយោធា​?
09, Dec 2019 , 10:19 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ ២០ វិច្ឆិកា លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា (de facto) បានប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ថា លោកស្រី នឹង​ទៅ​ការពារ​មី​យ៉ាន់​យ៉ា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឬ​ស្គាល់​ថា តុលាការ​ឡាអេ ។ នៅទីនេះ លោកស្រី នឹង​តតាំង​ក្នុង​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​។ មតិ​ជាច្រើន​បានលើកឡើង​ផ្ទុយគ្នា​ជុំវិញ​ការសម្រេចចិត្ត​របស់លោក​ស្រី​។

 
​លោកស្រី ស៊ូ​ជី កាលពី​ថ្ងៃអាទិត្យ ៨ ខែធ្នូ បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Yangon ឆ្ពោះទៅកាន់​ប្រទេស​ហូ​ឡង់ ដែលជា​មូលដ្ឋាន​របស់​តុលាការ​ឡាអេ​។ នៅ​ទីនោះ លោកស្រី នឹង​ចេញមុខ​ការពារ​ដោយផ្ទាល់​លើ​ការចោទប្រកាន់​ពី​សំណាក់​ប្រទេស ហ្គំ​ប៊ី (Gambia) ដោយ​តំណាង​ឲ្យ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម (OIC) ក្នុង​សប្តាហ៍​នេះ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​អង្គារ ១០ ធ្នូ ។ ប្រទេស​តូច​ក្នុង​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​នេះ បាន​ចោទ​មី​យ៉ាន់​ម៉ា​ថា ប្រព្រឹត្ត «​អំពើហិង្សា​ប្រល័យពូជសាសន៍​» ប្រឆាំង​សហគមន៍​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដោយ​ការសម្លាប់​រង្គាល​,​ចាប់រំលោភ និង​ទម្រង់​ផ្សេងទៀត​នៃ​ហិង្សា​ផ្លូវភេទ ក៏ដូចជា ការដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​អ្នកភូមិ រ៉ូ​ហ៊ីង​យ៉ា ។ បើតាម​របាយការណ៍ UN ក្នុង​ឆ្នាំ ២០១៧ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជាង​៧០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មាន​ប្រតិបត្តិ​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​យោធា​។ 
 
​ការសម្រេចចិត្ត​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ឡាអេ របស់លោក​ស្រី ស៊ូ​ជី បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ទាំង​អ្នករស់នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ​។ ចំពោះ​ប្រតិកម្ម​នៅក្នុង​ប្រទេស ប្រជាជន បានលើកឡើង​ផ្ទុយគ្នា ដោយ​ម្ខាង​គាំទ្រ​លោកស្រី តែ​ម្ខាង​ទៀត បង្ហាញ​កង្វល់​ថា ហេតុអ្វី​លោកស្រី​ចេញមុខ​ដោយផ្ទាល់​ទៅ​ការពារ​សកម្មភាព​រប​ស់​ពួកយោធា​។ ប្រសិនបើ​លទ្ធផល​នៅ​តុលាការ​ឡាអេ មាន​អ្វី​ថ្លោះធ្លោយ​នោះ ផលវិបាក​ធ្ងន់ធ្ងរ​នឹង​ធ្លា​ក់លើ​រូបលោក​ស្រី ដោយ​វា​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លោកស្រី​លើ​ឆាក​អន្តរជាតិ​ខ្លាំង​បន្ថែមទៀត ដែល​លោកស្រី​កំពុងតែ​មានឈ្មោះ​មិនសូវ​ល្អ​ផង​នោះ​។ 
 
​យ៉ាងណាមិញ នេះ​ពុំមែន​ជា​លើកទីមួយ​ឡើយ​ដែល​លោកស្រី ស៊ូ​ជី ឬ​រដ្ឋាភិបាល​លោកស្រី ដែល​ឡើងកាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​សេរី​និង​យុត្តិធម៌ ក្នុង​ឆ្នាំ​២០១៥ បានចេញ​មុខការ​ពារ​យុទ្ធនាការ​ដ៏​ចម្រូងចម្រាស​របស់​កង​កម្លាំងយោធា​មី​យ៉ាន់​ម៉ា (Tatmadaw) ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ គិត​ចាប់ពី​ដំណើរការ «​ប្រតិបត្តិការ​បោសសម្អាត​» ដោយ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា ក្នុង​ខែតុលា ២០១៦​មក បន្ទាប់ពី​មានការ​វាយប្រហារ​នៅ​ព្រំដែន​ពី​សំណាក់​ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​មួយ​ក្តាប់​តូច​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​នភា​គ​ខាងជើង រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី បានការ​ពារ​ដោយស្មោះ​ស្ម័គ្រ​ចំពោះ​សកម្មភាព​កងកម្លាំង​សន្តិសុខ​ថា ជា​ទង្វើ​ចាំបាច់​ក្នុង​គោលដៅ​ប្រឆាំងនឹង «​អំពើ​ភេរវកម្ម​»​។ ទន្ទឹមនេះ លោកស្រី ស៊ូ​ជី កន្លងទៅ បានលើកឡើង​យ៉ាង​ម៉ឺងម៉ាត់​នៅ​វេទិកា​អន្តរជាតិ​ជាច្រើន​ថា សហគមន៍​អន្តរជាតិ មិន​យល់​ពី «​ការពិត​» នៃ​ស្ថានការណ៍​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ។ 
 
​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​លោកស្រី ក៏បាន​ទាត់ចោល​របាយការណ៍​ដែល​រិះគន់​លើ​ប្រតិបត្តិការ​របស់​យោធា​មី​យ៉ាន់​ម៉ា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​។ ទីក្រុង​ណៃ​ពិ​ដាវ បានចាត់ទុក​របាយការណ៍​ទាំងនោះ​ថា មួលបង្កាច់ បំភាន់​ការពិត ឬ​គ្មាន​ប្រយោជន៍​ជាដើម​។ របាយការណ៍​ទាំងនោះ គឺ​មកពី ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (UNHRC) ក្នុង​ឆ្នាំ​២០១៧ និង​របាយការណ៍​ស៊ី​ជ្រៅ​របស់ បេសកកម្ម​ស្វែងរក​ការពិត (FFM) ឯករាជ្យ​អន្តរជាតិ​មួយ​របស់ UN ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។ រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី ក៏បាន​បដិសេធ​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​ចេញ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ។​
 
​ប្រសិនបើ​មើល​ឲ្យ​ជ្រៅ​ទៅ ការសម្រេចចិត្ត​របស់​លោកស្រី​ទៅ​បង្ហាញខ្លួន​នៅ​តុលាការ​ឡាអេ ក៏ត្រូវ​មើលឃើញ​ក្នុង​បរិការណ៍​នយោបាយ​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា​ផងដែរ​។ អ្នកឃ្លាំមើល​ខ្លះ យល់ឃើញថា ការចេញមុខ​ការពារ​កង​យោធា​បែបនេះ នឹង​ផ្តល់​សម្បទាន​មួយ​ជុំវិញ​កំណែទម្រង់​លើ​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀងឡើង​ដោយ​យោធា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកវិភាគ​មី​យ៉ាន់​ម៉ា​ម្នាក់ គិតទុក​ថា វា​នឹងមាន​ការចរចា​បន្ថែម​ទៀត និង​ការដោះដូរ​ទៅវិញទៅមក រវាង​រដ្ឋាភិបាល និង​ក្រុម​យោធា​។ ចំណែក​អ្នកវិភាគ​ម្នាក់ទៀត លើកឡើងថា វា​ជា​ផែនការ​នយោបាយ​មួយ នៅ​មុនពេល​ការបោះឆ្នោត​ទូទៅ​របស់​មី​យ៉ាន់​ម៉ា នា​ឆ្នាំក្រោយ ។ អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​បក្សប្រឆាំង​ម្នាក់ លើកឡើងថា បក្ស​កាន់អំណាច​របស់លោក​ស្រី ស៊ូ​ជី នឹង​ចំណេញ​ពី​ការពារ​មុខមាត់​មី​យ៉ាន់​ម៉ា​នៅ​ចំពោះ​តុលាការ​កំពូល​អន្តរជាតិ​បែបនេះ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  ប្រល័យពូជសាសន៍​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com