ពីនេះ ពីនោះ
តើ​គេ​ចិញ្ចឹម​ជន្លេន​ដើម្បី​អ្វី ?
10, Dec 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ជន្លេន ជា​សត្វ​ដែលមាន​នៅក្នុង​ដី​គ្រប់កន្លែង ហើយ​រស់​ដោយ​ស៊ី​ដី​ជា​អាហារ​។ កសិករ​ភាគច្រើន​យក​ជន្លេន​ទៅធ្វើជា​ចំណី​មាន់ ឬ​ចំណី​ត្រី​ជាដើម​។ ការចិញ្ចឹម​ជន្លេន អាចជួយ​ដល់​អាជីវកម្ម​ការចិញ្ចឹម​មា​ន់ ឬ​ត្រី​ផងដែរ​។


 
​ដើម្បី​ចិញ្ចឹម​ជន្លេន​កសិករ​ត្រូវ​រៀបចំ​រោង​ចិញ្ចឹម​ទំហំ​ទទឹង ១,៥​ម៉ែត្រ បណ្ដោយ ៣​ម៉ែត្រ ដំបូល​ប្រក់​ស្លឹកត្នោត​ដើម្បី​ការពារ​ពេល​ភ្លៀង និង​ផ្ដល់​ជា​ម្លប់​ផងដែរ​។ កសិករ ត្រូវ​ជីករណ្ដៅ​សម្រាប់​ចិញ្ចឹម​ដែលមាន​ទទឹង​ទំហំ ១​ម៉ែត្រ បណ្ដោយ ២,៥​ម៉ែត្រ និង​មាន​ជម្រៅ ១,៥​តឹក​។ សម្រាប់​បាត​រណ្ដៅ​ត្រូវ​ក្រាល​ប្លា​ស្ទិ​ក និង​មាន​ចោះ​រន្ធ​ពេញ​ពីក្រោម​ផងដែរ​។ ប្លា​ស្ទិ​ក​ដែល​ក្រាល​ត្រូវដាក់​ឲ្យ​លើ​មាត់​រណ្ដៅ​ប្រហែល ៥​សង់ទីម៉ែត្រ និង​ត្រូវយក​ក្ដាប​ន្ទះ ប្រវែង​៥​សង់ទីម៉ែត្រ​បាំង​ជុំវិញ​មាត់​រណ្ដៅ​ការពារ​មាន់ ឬអ្វី​ផ្សេងៗ​ចូល​ស៊ី​។ 
 
​មុនពេល​ដាក់​ជន្លេន​ចូល​ចិញ្ចឹម​ក្នុង​រណ្ដៅ​កសិករ ត្រូវយក​ដី​រោយ​លើ​ថង់​ប្លា​ស្ទិ​ក​កម្ពស់ ១​សង់ទីម៉ែត្រ​។ បន្ទាប់ពី​រោយ​ដី​រួច​កសិករ​ក៏ត្រូវ​យក​លាមក​គោ​ស្រស់​ចាក់​ចូលក្នុង​រណ្ដៅ​ឲ្យ​ជិត​ស្មើ​មាត់​រណ្ដៅ សម្រាប់​ជន្លេន​ត្រូវ​ទិញ​ពី​កសិករ​ដើម្បី​យកមក​ចិញ្ចឹម​។ ក្នុង​ការដាក់​ជន្លេន​ចិញ្ចឹម​នោះ កសិករ​ត្រូវដាក់​ជន្លេន​ឲ្យ​ចំ​កណ្ដាល​រណ្ដៅ ២​កន្លែង ហើយ​កាយ​ឲ្យ​ដល់​បាត​ដែល​ក្រាល​ប្លា​ស្ទិ​ករួច​កៀរ​ដី​ឲ្យ​ស្មើ​វិញ​។ 
 
​បន្ថែមទៀត​នោះ កសិករ​ត្រូវ​ឧស្សាហ៍​តាមដាន​មើល​ក្នុង​រោង​ជន្លេន​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម បើ​ស្ងួត​ខ្លាំង ហើយ​នៅពេល​ចិញ្ចឹម​ជន្លេន​បាន ១​ទៅ​២​សប្ដាហ៍ កសិករ​ក៏ត្រូវ​កាយ​មើល​ឲ្យ​ដឹងថា ជន្លេន​ស៊ាំ និង​អាកាសធាតុ​ឬ​អត់​។ ករណី​បើ​ពេល​កាយ​មើលឃើញ​ជន្លេន​វារ​ដល់​កៀន​គឺ​បានន័យថា​វា​ស៊ាំ​នឹង​អាកាសធាតុ​ហើយ​។​
 
(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 ជន្លេន​
  ចិញ្ចឹម
© រក្សាសិទ្ធិដោយ thmeythmey.com