ជាតិ
នយោបាយជាតិ
សាលាឧទ្ធរណ៍ យល់ព្រមឲ្យយករឿងក្តីលោក កឹម សុខា ទៅជំនុំជម្រះ
× ក្រោយបញ្ចប់សវនាការនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សាលាឧទ្ធរណ៍ យល់ស្របនឹងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងការបញ្ជូនសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទៅជំនុំជម្រះ។ ក្នុងន័យនេះ សាលាឧទ្ធរណ៍ បានបដិសេធនឹងសំណើរបស់សហមេធាវីរបស់លោក កឹម សុខា ដែលសុំជំទាស់នឹងការបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានសេចក្តីថ្លែងការណ៍ភ្លាម ដើម្បីបញ្ជាក់ពីហេតុផលរបស់សាលាឧទ្ធរណ៍ ក្នុងការបដិសេធនឹងបណ្តឹងសុំជំទាស់របស់សហការមេធាវី។ អ្នកនាំពាក្យ បកស្រាយថា បណ្តឹងរបស់សហមេធាវី មិនអាចទទួលយកបានឡើយ ព្រោះក្រមនីតិវិធីព្រហ្មទណ្ឌ ពុំអនុញ្ញាត ឲ្យធ្វើបណ្តឹងឧទ្ធរណ៍ ដើម្បីជំទាស់នឹងដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរ ក្នុងការបញ្ជូនសំណុំរឿងទៅជំនុំជម្រះនោះទេ។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងលោក កឹម សុខា បានប្រកាសបិទការស៊ើបសួរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ នៅថ្ងៃទី២ ខែធ្នូ ចៅក្រមស៊ើបសួរ សម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តែមិនទាន់កំណត់កាលបរិច្ឆេទនោះទេ។
ទម្រាំត្រូវបានបញ្ជូនទៅជំនុំជម្រះ ចៅក្រមស៊ើបសួរ បានចំណាយពេលដល់ទៅ២ឆ្នាំ ក្នុងការស៊ើបសួរលើសំណុំរឿងលោក លោក កឹម សុខា។ លោក កឹម សុខា ត្រូវសមត្ថកិច្ចចូលទៅចាប់ក្នុងគេហដ្ឋាន នៅថ្ងៃទី៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយដឹកយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបររទេស ដែលសំដៅថាលោក លួចទៅសហការការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
Tag:
កឹម សុខា
សាលាឪទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com