ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​ថៃ Nong-O ឆ្លងកាត់​ការលំបាក​ច្រើន​ទម្រាំ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​
10, Dec 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ក្នុង​អាជីព​របស់ Nong-O Gaiyanghadao បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទម្រាំ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ជា​បន្តបន្ទាប់​។  Nong-O បាន​ចាក​ចេញពី​ភូមិកំណើត​នៅ​អាយុ ១៤​ឆ្នាំ ហើយ​ឆ្លងកាត់​រឿង​លំបាក​សឹង​មិនគួរ​ឲ្យ​ជឿ​ជាច្រើន​មុន​សាង​ឈ្មោះ​ល្បី និង​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ក្បាច់គុន​មួយ​ថៃ​។


 
​គេ​ជា​វីរបុរស​របស់​ថៃ ហើយ​បច្ចុប្បន្ន Nong-O ជា​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title បន្ទាប់ពី​រូបគេ​ការពារ​បានសម្រេច​លើក​ទី​៣​ទល់នឹង​មិត្ត​រួម​ជាតិ Saemapetch Fairtex នៅក្នុង​កម្មវិធី ONE: EDGE OF GREATNESS កន្លងទៅនេះ​។ កីឡាករ​ជំនាញ​ក្បាច់គុន​មួយ​ថៃ​រូបនេះ​បា​នរក​កម្រៃ​បាន​ដើម្បី​ធ្វើ​ឲ្យ​គ្រួសារ​របស់ខ្លួន​មាន​ជីវភាព​ប្រសើរឡើង ហើយ​រូបគេ​ក៏​ទទួលបាន​ស្នាដៃ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។  កីឡាករ​ដែលមាន​ស្រុក​កំណើត​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ធ្វើ​រឿង​មិនគួរ​កើត​មួយចំនួន​ឲ្យ​កើតឡើង​សម្រាប់​អាជីព និង​បន្តដំណើរ​ទៅ​ប្រកួត​ក្នុង​រាជធានី​បាងកក​ជា​ហូរហែ​រហូតដល់​មានឈ្មោះ​បោះ​សំឡេង​។ គេ​បាន​ចាកចោល​ស្រុកកំណើត​ដ៏​កម្សត់​ដើម្បី​ស្វែងយល់​រក​ចំណុចខ្លាំង​និង​មាគ៌ា​ដើរ​ទៅមុខ​សម្រាប់​ជីវិត​។ 

 
 
Nong-O ថ្លែងថា​៖«​ពីមុន ខ្ញុំ​ចាប់ផ្ដើម​ឈ្នះ​ញឹកញាប់ ហើយ​ខ្ញុំ​អត់​មាន​គូប្រកួត​សោះ​»​។  កីឡាករ​ដដែល​រៀបរាប់ថា​៖« ពេល​ខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ ខ្ញុំ​ផ្លាស់​ទៅ​បាងកក ដោយ​ហាត់​នៅ​ក្លិប​ប្រដាល់ Kor Kiattinan Boxing Camp​។ គ្រូបង្វឹក​ដំបូង​របស់ខ្ញុំ​គឺ​ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​ព្រោះ​ពួកគាត់​យក​ខ្ញុំ​ទៅ​ទីនោះ​។ ប៉ុន្តែ​ខ្ញុំ​យំ​យ៉ាងខ្លាំង​ពេល​ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​ត្រលប់​មកវិញ​។ យ៉ាងណាក្ដី ខ្ញុំ​ឈប់​យំ តែ​ខ្ញុំ​ហ្វឹកហាត់​យ៉ាងខ្លាំង​»​។ 
 
Nong-O មាន​គោលដៅ​មួយ​ព្រោះតែ​ប្អូនស្រី​របស់ខ្លួន​ជិត​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ និង​អាច​បន្តទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ទៀតផង​។ Nong-O មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ជួយ​គ្រួសារ និង​ត្រូវការ​រកលុយ​។ កីឡាករ​ជំនាញ​ខាង​ទាត់​រូបនេះ​តែងតែ​រំលឹក​ដល់​ខ្លួនឯង និង លើកទឹកចិត្ត​ខ្លួនឯង​ចំពោះ​គោលបំណង​នេះ​។ ម្ចាស់​ខ្សែ​កម្រិត​ពិភពលោក​ដដែល​បន្ថែម​ថា​៖«​វា​ជា​លើក​ទី​១​ដែល​ខ្ញុំ​ចាក​ឆ្ងាយ​ពី​គ្រួសារ​។ ខ្ញុំ​អត់​ស្គាល់​នរណាម្នាក់​នៅ​ក្លិប​ប្រដាល់​ថ្មី​នោះទេ តែមាន​កូនសិស្ស ៥​ទៅ​៦​នាក់​មកពី​ខេត្ត​ដែរ​។ ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់​ដូចគ្នា​។ នៅពេល​ខ្ញុំ​យំ​គ្រូបង្វឹក​ដំបូង​របស់ខ្ញុំ​ប្រាប់ថា ខ្ញុំ​ត្រូវតែ​ប្រកួត​។ ពេល​ប្រកួត​អ្នករក​លុយ​បាន​ដើម្បី​គ្រួសារ​។ គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​ផ្ដោតលើ​ការប្រកួត​ដើម្បី​ឈ្នះ និង​បាន​លុយ​ច្រើន​ជួយ​ជ្រោង​គ្រួសារ​»​។ 
 
​យ៉ាងណាក្ដី​ការប្រកួត​នៅ​បាងកក​ទទួលបាន​ជោគជ័យ​បណ្ដើរៗ តែ​មិន​ល្បី​ខ្លាំង​នោះទេ ហើយ​បន្ទាប់មក​ក៏​ត្រលប់​ទៅ​ស្រុកកំណើត​ខាង​ម្ដាយ Sakon Nakhon​។ នៅពេល​ដាច់​លុយ គេ​យក​ផ្លែ​ដូង​ញុំ​ា​ដូរ​ជាមួយ​អាហារ និង​បន្ត​ការហ្វឹកហាត់ ប៉ុន្តែ​ពិតជា​អស់កម្លាំង​ណាស់ ហើយ​ត្រូវ​តស៊ូ​សិក្សា​នៅ​សាលា​ទៀត​។ Nong-O បញ្ជាក់ថា​៖«​ខ្ញុំ​មិន​ត្រឹមតែ​ឈប់រៀន​ទេ ប៉ុន្តែ​ខ្ញុំ​មិនបាន​ផ្ដោត​ខ្លាំង​ព្រោះ​ជាប់​ហ្វឹកហាត់​ប្រដាល់​ខ្លាំងក្លា​»​។ ម្ចាស់​ខ្សែក្រវាត់ Lumpinee Stadium Muay Thai World Champion ៤​ស្ថាប័ន បន្ត​បែបនេះ​៖«​ខ្ញុំ​ត្រូវ​ភ្ញាក់​ពី​ព្រឹក​ដើម្បី​ហាត់​ប្រដាល់​។ ខ្ញុំ​តែងតែ​បញ្ចប់​ការហ្វឹកហាត់​ត្រឹម​ម៉ោង ៧ ហើយ​ទៅ​សាលា​ម៉ោង ៨​។ ខ្ញុំ​ទៅ​សាលា​យឺត​រហូត​។ រាល់ថ្ងៃ​ខ្ញុំ​ងក់​នៅ​សាលា​រហូត​។ វា​លំបាក​ណាស់ លំបាក​មែនទែន​។ ខ្ញុំ​នៅតែ​បន្ត​ទោះ​ខ្ញុំ​មិន​យល់​អ្វី​ពី​គ្រូ​ពន្យល់​ក្ដី​។ ខ្ញុំ​ផ្ដោត​ច្រើន​លើ​ការហាត់​ប្រដាល់​»​។ 
 
​ទីបំផុត គ្រូ​នៅ​សាលា​បានដឹងថា​រូបគេ​ផ្ដោត​ធ្វើការ​ខ្លាំង​នៅ​ខាងក្រៅ ហើយ​ថែមទាំង​បាន​លើកទឹកចិត្ត​ឲ្យ​ខិតខំ​បន្ថែម​ចំពោះ​ទេពកោសល្យ​ដែលមាន​។ គេ​បាន​តស៊ូ​យ៉ាងខ្លាំង កាលពី​នៅ​តូច​រហូតដល់​ធំ​ពេញវ័យ​។ Nong-O មិនដែល​បោះបង់​នោះទេ​ទោះជា​លំបាក​ប៉ុណ្ណា​ក្ដី​។ រូបគេ​បាន​រៀនសូត្រ​ច្រើន​ពី​ការរស់នៅ​ក្រុង​បាងកក និង​ក្លាយជា​កីឡាករ​កំពូល​ម្នាក់​របស់​ថៃ​។ Nong-O ជា​ក្មេងប្រុស​ម្នាក់​រស់នៅ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​ថៃ​ក្លាយជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ប្រចាំ​ប្រទេស​ធ្វើ​ឲ្យ​ជីវិត​ស្រស់ថ្លា និង​សម្រេច​បំណង​របស់ខ្លួន​។ ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​គិតថា​ខ្ញុំ​ខ្លាំង​ហើយ​ដើរ​តាម​គោលដៅ​របស់ខ្ញុំ​។ ខ្ញុំ​អាច​មើលថែ​ខ្លួនឯង​បានល្អ​។​ខ្ញុំ​មាន​ភាព​ឯករាជ្យ​សម្រាប់​ខ្លួនឯង​។ ជីវិត​ខ្ញុំ​មិន​ពឹង​ច្រើន​លើ​ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​ទេ​។ ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វីៗ​ដើម្បី​គ្រួសារ​របស់ខ្ញុំ​។ ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​គ្រាន់តែ​ជួយ​គាំទ្រ​ខ្ញុំ​ខាង​ស្មារតី​ប៉ុណ្ណោះ នោះ​ជា​រឿង​ល្អ​ពេក​ហើយ​សម្រាប់​ខ្ញុំ​»​។ 
 
Nong បង្ហាញ​មោទនភាព​ថា​៖«​ខ្ញុំ​អាច​រកលុយ និង​ជួយ​ប្អូនស្រី​ខ្ញុំ​បង់ថ្លៃ​សាលា​ហើយ​ជួយ​ដល់​គ្រួសារ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​។ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​វា​»​។​
​កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com