កីឡាជាតិ
ជាតិ
លោក កែវ សុខងន៖ សូមកុំយកបញ្ហាកូនកាត់មកវាយតម្លៃពួកយើង
× មិនអាចនៅស្ងៀមបាននោះឡើយក្នុងនាមជាបងប្រុសម្នាក់! តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន លោក កែវ សុខងន អ្នកចាត់ការក្លិបភ្នំពេញក្រោន បានចេញមុខការពារតម្លៃកីឡាករ កែវ សុខផេង ដែលជាប្អូនប្រុសបង្កើតរបស់ខ្លួន ក្រោយការរិះគន់របស់បុគ្គលមួយចំនួនតូចក្នុងន័យរើសអើងជាតិសាសន៍។ ករណីនេះ កើតឡើងក្រោយ សុខផេង ទាត់បាល់ប៉េណាល់ទីមិនចូលនៅនាទីចុងក្រោយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេមនៅហ្វីលីពីន ដែល U22 វៀតណាម ទទួលជ័យជម្នះ ៤-០។
«ពេលឈ្នះ គេនាំគ្នាសរសើរ ប៉ុន្តែពេលចាញ់រឿងអ្វីៗក៏ពួកគេ [អ្នករិះគន់មួយចំនួន] អាចធ្វើបានដែរបង! នេះហើយជីវិតកីឡាករបាល់ទាត់»។ លោក កែវ សុខងន បានបញ្ជាក់យ៉ាងដូច្នេះប្រាប់សារព័ត៌មាន ThmeyThmey បន្ថែមលើឃ្លាប្រយោគដែលលោកបានសរសេរនៅលើបណ្តាញសង្គម។
លោក សុខងន ដែលជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិផងដែរនោះ បានបង្ហាញការសោកស្តាយចំពោះបុគ្គល និងម្ចាស់ទំព័រហ្វេសប៊ុកមួយចំនួន ដែលព្យាយាមលើកយកបញ្ហាជាតិ និងពូជសាសន៍ ទៅវាយប្រហារ កែវ សុខផេង ដែលជាប្អូនប្រុស ដោយពួកគេមិនគិតឃើញពីការប្រឹងប្រែងរបស់ សុខផេង ចំពោះដែនដីមាតុភូមិកម្ពុជា។
តាមពិតទៅ សុខផេង តែងតែនិយាយដោយបើកចំហរពីក្រុមគ្រួសាររបស់ខ្លួន ដែលមានម្តាយដើមកំណើតវៀតណាម និងឪពុកដើមកំណើតកម្ពុជា ប៉ុន្តែអ្នកមិនដែលតាមដានកីឡាបាល់ទាត់ជាប់លាប់ បែរជាចាត់ទុករឿងនេះ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទៅវិញ។
«ការពិតនោះគឺ យើងកើតនៅទីនេះ ដូច្នេះកម្ពុជាគឺជាទីកំណើតរបស់យើង! យើងស្រឡាញ់ និងតែងចាត់ទុកប្រយោជន៍នៃមាតុភូមិសំខាន់ជាងអ្វីទាំងអស់! សូមកុំយកបញ្ហាកូនកាត់មកវាយតម្លៃពួកយើងព្រោះបេះដូងរបស់យើងដឹងច្បាស់ថា យើងកំពុងធ្វើអ្វី ដើម្បីអ្វី ហើយគួរលះបង់បែបណាដើម្បីដែនដីដ៏មានគុណនេះ!»។ នេះជាសារប្រកបដោយអត្ថន័យរបស់លោក កែវ សុខងន។
អតីតកីឡាករបឹងកេត និងភ្នំពេញក្រោនរូបនេះ បានក្រើនរំលឹកថា ការវាយប្រហារ ឬការចោទប្រកាន់ផ្សេងៗដោយមិនបានគិតពីគុណតម្លៃរបស់មនុស្ស ហើយសំអាងលើចិត្តស្អប់ផ្ទាល់ខ្លួន អាចនាំឲ្យមានការបែងចែកមិនដាច់រវាងអ្វីល្អ អ្វីអាក្រក់ហើយ។ «សូមទុកឱ្យពេលវេលានិងការពិតបង្ហាញថា កូនកាត់ក៏ដោយ ពូជសុទ្ធក៏ដោយ ឲ្យតែស្រលាញ់ជាតិខ្មែរ បម្រើជាតិខ្មែរនោះហើយទើបជា «កូនខ្មែរដែលមានសា្មរតីសេ្នហាជាតិពិតប្រាកដ»។
ក្រៅពីកែវ សុខងន ដែលជាបងប្រុសបង្កើត គ្រូបង្វឹក កីឡាករ អ្នកសារព័ត៌មាន និងអ្នកគាំទ្រដ៏ស្មោះស្ម័គ្រក្រុមបាល់ទាត់កម្ពុជា សុទ្ធតែសរសេរថា គាំទ្រ និងលើកទឹកចិត្ត កែវ សុខផេង ឲ្យបន្តយុទ្ធនាការដ៏មោះមុតរបស់ខ្លួនសម្រាប់វិស័យបាល់ទាត់កម្ពុជា។
យុទ្ធនាការ Hashtag #NoToRacism (គ្មានទេការរើសអើង) ក៏ផុសផុលផងដែរក្នុងបណ្តាញសង្គមហ្វេសប៊ុក៕
Tag:
ស៊ីហ្គេម
#NoToRacism
© រក្សាសិទ្ធិដោយ thmeythmey.com