កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ពេលនេះ កម្ពុជាបានមេដាយមាស៤ ប្រាក់៦ សំរឹទ្ធ៣១ ដោយច្រើនលើស២ឆ្នាំមុនទ្វេដង ជ័យលាភីមេដាយមាសទាំង៤របស់កម្ពុជា។ រូបថត Camsoc និងអគ្គនាយកដ្ឋានកីឡា
× កីឡាការិនីជឺជិតស៊ូ (Jiu-jitsu) ខាន់ ចេសា ជាអ្នករកបានមេដាយមាសទី៤ឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ដែលធ្វើឲ្យគ្រប់ប្រភេទមេដាយមានចំនួនលើស កាលពីព្រឹត្តិការណ៍នៅម៉ាឡេស៊ី នាឆ្នាំ២០១៧។ គិតត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូ កម្ពុជា រកបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣១ (សរុប៤១) ខណៈកាលពី២ឆ្នាំមុន កម្ពុជាបានមាស៣ ប្រាក់២ និងសំរឹទ្ធ១២។
ក្នុងចំណោមមេដាយមាស៤របស់កម្ពុជា មាន៣មេដាយមាសរកបានដោយកីឡាការិនី និងកីឡាករចំនួន១។ ក្រុមកីឡាការនីប៉េតង់វិញ្ញាសាវាយ៣ស្មើអាចរកបានមេដាយមាសទី២ បន្ទាប់ពីកីឡាករល្បុក្កតោ (Arnis) យ៉ុង ម៉េងលី ដណ្តើមបានមេដាយមាសដំបូងបំផុតលើវិញ្ញាសា Padded Stick ទម្ងន់៦០-៦៥គីឡូក្រាមពីព្រឹត្តិការណ៍កីឡាតំបន់អាស៊ានឆ្នាំ២០១៩នេះ។
សម្រាប់មេដាយមាសទី៣ ទទួលបានដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី។ សៀវម៉ី អាចការពារមេដាយមាសស៊ីហ្គេមរបស់ខ្លួនក្នុងទម្ងន់លើស៧៣គីឡូក្រាម តាមរយៈការយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Alora Kirstie Elaine ១២-៩ នៅវគ្គផ្តាច់ព្រ័ត្រ។
មេដាយមាសរបស់ ខាន់ ចេសា តាមរយៈការដណ្តើមបានពីកីឡាការិនីហ្វីលីពីន Napolis Jenna Kaila ដោយពិន្ទុល្អជាង ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ជាមេដាយមាសទី៤ ដែលនាំឲ្យកម្ពុជាអាចបំបែកចំនួនមេដាយមាសកាលពីឆ្នាំ២០១៧ ដែលរកបានចំនួន៣។
ដោយឡែក មេដាយប្រាក់ និងសំរឹទ្ធក៏កម្ពុជាអាចបំបែកកំណត់ត្រាបានដែរ បើទោះមិនទាន់បញ្ចប់ការប្រកួតផ្លូវការក្តី។ ឆ្លងកាត់ការប្រកួតរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃបើកព្រឹត្តិការណ៍នៅយប់ថ្ងៃទី៣០វិច្ឆកាមក អត្តពលិកកម្ពុជារកបានមេដាយប្រាក់ចំនួន៦ និងសំរឹទ្ធ២៤ ខណៈដែលកាលពីនៅម៉ាឡេស៊ី រកបានប្រាក់២ និងសំរឹទ្ធ១២ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី៨ ខែធ្នូ មេដាយដែលកម្ពុជាទទួលបានផ្លូវការមាន៣០ (មាស៣ ប្រាក់៦ សំរឹទ្ធ២១)
កីឡា Arnis៖ មាស ១ ប្រាក់២ និងសំរឹទ្ធ១៧
-កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១
-កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១
-កីឡាការិនី បូ ចន្ធី សំរឹទ្ធ២
-កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២
-កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២
-កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២
-កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២
-កីឡាករ សុខ ឈុន សំរឹទ្ធ២
-កីឡាករ ឆេម សីឡា សំរឹទ្ធ២
-កីឡាការិនី អេង ស៊ូម៉ាឡា សំរឹទ្ធ២
កីឡាតេក្វាន់ដូ៖ មាស១ ប្រាក់២ សំរឹទ្ធ១
-កីឡាការិនី ស៊ន សៀវម៉ី មេដាយមាស១
-កីឡាការិនី Cassandra Nicole Tubbs មេដាយប្រាក់១
-កីឡាការិនី ឈឿង អាលីហ្សា មេដាយប្រាក់១
-កីឡាការិនី អ៊ុន ពេជ្រចរណៃ មេដាយសំរឹទ្ធ១
កីឡាប៉េតង់៖ មាស១ ប្រាក់១
-ក្រុមនារីបីទល់បី (ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា) មេដាយមាស ១
-វាយគូបុរស (សុខ ចាន់មាន និងយ៉ែម បូរ៉ា) មេដាយប្រាក់១
កីឡាជឺជិតស៊ូ៖ មាស១
-កីឡាការិនី ខាន់ ចេសា (Khan Jessa) មេដាយមាស១
កីឡាសីប៉ាក់តាក្រ (សីដក់)៖ ប្រាក់១
-ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា, ឈន សុខុម, ឈុំ ហាប់ឈុន, ជាតិ ខេមរិន្ទ) ប្រាក់១
គុនខ្មែរ៖ សំរឹទ្ធ៣
-កីឡាករ ឡៅ ចិត្រា សំរឹទ្ធ១
-កីឡាករ វ៉ាន់ វឿន សំរឹទ្ធ១
-កីឡាករ ហ៊ឹម គឹមរៀង សំរឹទ្ធ១
សូហ្វតិន្នីស៖ សំរឹទ្ធ២
-កីឡាការិនី ម៉េត ម៉ារីយ៉ាន សំរឹទ្ធ១
-ក្រុមបុរស (កាន់ សុភ័ណ្ឌ, អន សម្បត្តិ, ឌឹម សំសម្បត្តិ, ចន ម៉ាដា, យី គាវិរៈ ប៉ិល វណ្ណនី) សំរឹទ្ធ១
ប្រដាល់សកល៖ សំរឹទ្ធ៥
-កីឡាករ សៅ រង្សី សំរឹទ្ធ១
-កីឡាករ ស៊ីវ សុងម៉េង សំរឹទ្ធ១
-កីឡាករ យ៉ុន ដារ័ត្ន សំរឹទ្ធ១
- កីឡាការិនី នៅ ស្រីពៅ សំរឹទ្ធ១
- កីឡាការិនី វី ស្រីខួច សំរឹទ្ធ១។
គុនខ្មែរ៖ សំរឹទ្ធ២
-កីឡាករ ឡៅ ចន្ត្រា សំរឹទ្ធ១
-កីឡាករ ខេម ចាន់ សំរឹទ្ធ១
ចំបាប់៖ សំរឹទ្ធ ១
-កីឡាករ អេង ផានិត សំរឹទ្ធ១
© រក្សាសិទ្ធិដោយ thmeythmey.com