ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កឹម សុខា៖«ការរំលោភសិទ្ធិមនុស្ស នាំមកនូវការឈឺចាប់ ហើយបណ្តាលឲ្យមានការរើបម្រះ...»
10, Dec 2019 , 8:34 am        
រូបភាព
លោក កឹម សុខា កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្លែងទៅកាន់កម្មករក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៦ (រូបពី AFP)
លោក កឹម សុខា កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្លែងទៅកាន់កម្មករក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៦ (រូបពី AFP)
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១។ ក្នុងសារនោះ លោក ក៏បានបញ្ចេញទស្សនៈខ្លះអំពីសិទ្ធិមនុស្សផងដែរ។



លោក កឹម សុខា ចាត់ទុក ការការពារសិទ្ធិមនុស្ស ថាជាការថែរក្សាសន្តិភាព។ លោក សរសេរដូច្នេះថា៖«ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថិរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពល់ដល់សន្តិភាព»។

ខ្លឹមសារនៅក្នុងបុព្វកថានៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញកម្ពុជាទទួលស្គាល់ បានបញ្ជាក់ថា ការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ដើម្បីចៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគៀបសង្កត់ និងការរំលោភបំពានណាមួយ ដោយពឹងផ្អែកលើការរើបម្រះបះបោរ។ នេះជាសាររបស់លោក កឹម សុខា ដដែល។

លោក បន្ថែមថា ដោយសារតែឲ្យតម្លៃខ្ពស់លើសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍនោះហើយ ទើបជាងពីរទសវត្សន៍មកនេះ លោក បានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោក បញ្ជាក់បែបនេះថា៖«សង្គមមួយមានស្ថិរភាពទៅបានលុះត្រាតែមនុស្សគ្រប់រូបក្នុងសង្គមនោះ ទទួលបានយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាពនិងមិនត្រូវបានគេរំលោភបំពាន»។

លើសពីនេះ មេដឹកនាំនៃអតីតគណបក្សប្រឆាំងរូបនេះ បានហៅ សិទ្ធិមនុស្ស ថាជាគឺជាមរតករបស់មនុស្សជាតិ ហើយវា មិនមែនជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ។ លោក មានទស្សនៈបែបនេះថា៖«ការចូលរួមលើកកម្ពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ។ ហើយយើងក៏មិនត្រូវប្រមាថភាពជាមនុស្សរបស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិតបរទេសនោះដែរ។ ក្នុងនាមជាមនុស្ស ខ្មែរត្រូវការសិទ្ធិសេរីភាព។ នេះជាច្បាប់ធម្មជាតិ»៕

Tag:
 កឹម សុខា
  ទិវាសិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com